លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្ទឹងត្រែង មិន​ទប់ស្កាត់​រថយន្ត​យី​ឌុប​ដឹកឈើ​លើស​ទម្ងន់​

ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​រថយន្ត​យី​ឌុប​ធំៗ​ធុន​ភ្លៅ​៥​កែច្នៃ​ខុស​ប​ចេ្ច​ក​ទេស​បាន​ដឹកឈើ​ប្រណីត​លើស​ទម្ងន់​ចេញពី​តំបន់​ស្ពាន​ស្រែ​ពក​ចាស់ និង​ស្ពាន​ស្រែ​ពក​ថ្មី ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​មន្ទីរ​សាធារណការ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​ឡើយ​។ អ្វីដែល​គួរ​ឲ្យ​សង្ស័យ​នោះ គឺ​រថយន្ត​យី​ឌុប​ដឹកឈើ​លើស​ទម្ងន់​តែងតែ​បើក​វាង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅត្រង់ចំណុច​អូរ​ពងមាន់ ចូលមក​តាម​ក្រុមហ៊ុន​ដុង​ភូ​ដុង​ណៅ ចេញ​តាម​ច្រក​ផ្លូវ​ភ្នំ​ខៀវ ឡើងមក​លើផ្លូវ​ជាតិ​លេខ​៧​អា ឆ្ពោះទៅ​ខេត្តក្រចេះ ស្ទើរ​រាប់​យប់ ដោយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​នោះទេ​។

មន្ត្រីរាជការ​និង​មន្ត្រី​អាជ្ញាធរ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង អាច​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ដឹកឈើ​ទើប​បើកដៃ​ឲ្យ​ឈ្មួញ​បើករថយន្ត​ធំៗ​វាង​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​អូរ​ពងមាន់​យ៉ាង​រលូន​។ ប្រសិនបើ​លោក ស គឹម​ណាត មិន​ទទួលបាន​ផលប្រយោជន៍​ទេនោះ ប្រហែលជា​ចាត់វិធានការ​ពិន័យ​លើ​ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​ជាមិនខាន ព្រោះ​រថយន្ត​ទាំងនោះ​ផ្ទុក​លើស​ទម្ងន់​បំផ្លាញ​ផ្លូវ​បំផ្លាញ​ស្ពាន​ឲ្យ​ខូចខាត​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក៏​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។

ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា លោក ទិ​ត្យ វី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្បាល​រមាស ស្រុក​សេសា​ន បានដឹង​យ៉ាងច្បាស់​ពី​រថយន្ត​យី​ឌុប​ធំៗ​ផ្ទុក​ឈើ​លើស​ទម្ងន់ បើក​វាង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​អូរ​ពងមាន់ ប៉ុន្តែ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ម្ចាស់​រថយន្ត​យី​ឌុប​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​នៅក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​គេ​ដឹងថា ឈ្មោះ វុទ្ធី និង​ឈ្មោះ រ៉ូ​ត ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ ហើយក៏​អាចមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្តស្ទឹងត្រែង​ដែរ​។ ក្នុងនោះ​លោក ស គឹម​ណាត ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តស្ទឹងត្រែង ត្រូវគេ​សង្ស័យថា​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈើ​ទើប​មិន​ទប់ស្កាត់ ហើយ​ធ្វើជា​រាយការណ៍​ទៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ដើម្បី​បិទបាំង​ភាព​អសកម្ម​របស់ខ្លួន​៕

11436 11436_2 11436_3