ច្រកទ្វារ​ទ្វេភាគី​ប៉ុស្តិ៍​អម្ពិល​ជា​កន្លែង​ដែល​ឧកញ៉ា ហ៊ុន ជា និង​មេការ​ឈ្មោះ ម៉ៅ ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា ច្រកទ្វារ​ទ្វេភាគី​ប៉ុស្តិ៍​អម្ពិល ស្រុក​ពេ​ជ្រា​ដា គឺជា​តំបន់​ដែល​ឧកញ៉ា ហ៊ុន ជា និង​មេការ​ឈ្មោះ ម៉ៅ ប៉ាវ​ផ្ដាច់​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ដូចជា​ធ្នង់ បេង នាងនួន ទៅ​លក់​នៅ​ស្រុក​យួន​ជា​រៀងរាល់​យប់​។ សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ហ៊ាន​ទប់ស្កាត់​រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណីត​របស់​ឧកញ៉ា ហ៊ុន ជា និង​មេការ​ឈ្មោះ ម៉ៅ នោះទេ​ព្រោះ​ខ្លាច​បាត់បង់​តួនាទី​និង​ធ្លាក់​ស័ក្តិ​ពីលើ​ស្មា​យ៉ាង​ទាន់ហន់​។ ហេតុនេះហើយ​ទើប​ពួកគេ​រង់ចាំ​ទទួល​សំណែន​តិចតួច​ពី​ឧកញ៉ា ហ៊ុន​ជា និង​មេការ​ឈ្មោះ ម៉ៅ ដើម្បី​សេចក្ដីសុខ​រៀងៗ​ខ្លួន​។​

តាម​ការអះអាង​របស់​សមត្ថកិច្ច​នៅ​ច្រក​ប៉ុស្តិ៍​អម្ពិល ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា ឧកញ៉ា ហ៊ុន ជា និង​បក្ខពួក​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​អស់​រយៈពេល​ជា​យូរ​មកហើយ​ដោយ​ក្នុង​មួយ​យប់ៗ​មាន​ឈើ​ចេញពី​៣០​ទៅ​៤០​រថយន្ត​។ ឧកញ៉ា ហ៊ុន ជា បាន​ប្រើប្រាស់​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ម្នាក់ ឈ្មោះ ម៉ៅ ឲ្យ​ធ្វើជា​មេ​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ក៏ដូចជា​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​តាម​ដងផ្លូវ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សមត្ថកិច្ច​ខ្លះ​គ្រាន់តែ​លឺឈ្មោះ​ឧកញ៉ា ហ៊ុន ជា ពួកគេ​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ហ៊ាន​ប៉ះពាល់​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ​។

សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកជញ្ជូន​ឈើ​ប្រណី​តរបស់​ឧកញ៉ា ហ៊ុន ជា គឺជា​ប្រភេទ​រថយន្ត​ឡង់​គ្រី​ស័​រ ស៊េរី​ឆ្នាំ​៩២ ៩៣ ៩៥ និង​៩៦ ដោយ​បាញ់ថ្នាំ​ពណ៌​ក្រហម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ងាយ​ចំណាំ​ទៀតផង​។ ដោយសារតែ​ឧកញ៉ា ហ៊ុន ជា និង​មេការ​ឈ្មោះ ម៉ៅ មាន​សិទ្ធិអំណាច​ក្នុង​ការប្រមូលទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្តិ៍​អម្ពិល ស្រុក​ពេ​ជ្រា​ដា ផ្ដាច់មុខ​បែបនេះហើយ​ទើប​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ពេ​ជ្រា​ដា និង​ស្រុក​នានា​ក្នុង​ខេត្តមណ្ឌលគិរី រាលដាល​កាន់តែខ្លាំង​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​អាជ្ញាធរខេត្ត មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត និង​សមត្ថកិច្ច​ក្នុង​ខេត្តមណ្ឌលគិរី គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​ឧកញ៉ា ហ៊ុន ជា ឡើយ​៕

KA-19-03-2015-55