មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ឈរជើង​នៅ​ខេត្តមណ្ឌលគិរី កំពុង​ខំប្រឹង​ប្រមូល​លុយ​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​អំពាវនាវ​ឲ្យ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ពិនិត្យមើល​សកម្មភាព​កូនចៅ​ក្រោម​ឱវាទ​នៅ​ខេត្តមណ្ឌលគិរី​ខ្លះ​ផង​។ ដោយហេតុថា​លោក យូ ប៊ុន​ស្រ៊ាង មេ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ឈរជើង​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រើប្រាស់​លិខិត​បេសកកម្ម​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ សកម្មភាព​បង្កើត​កុងត្រូលជជុះ​របស់លោក យូ ប៊ុន​ស្រ៊ាង និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អា​ជីរ​ករ​និង​ឈ្មួញ​ក្នុង​ខេត្តមណ្ឌលគិរី រិះគន់​យ៉ាងខ្លាំង​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក យូ ប៊ុន​ស្រ៊ាង បានដាក់​ពង្រាយ​កូនចៅ​ក្រោម​ឱវាទ​ជាច្រើន​នាក់​ឲ្យ​ចាំ​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ ក៏ដូចជា​អ្នកបើកបរ​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​ឆ្លង​កាត់មុខ​កុងត្រូលជជុះ​របស់ខ្លួន​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​ពី​១០​ទៅ​១៥​គ្រឿង​ដែល​បើកបរ​ឆ្លង​កាត់មុខ​ប៉ុស្តិ៍​ជជុះ​របស់​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ម្ចាស់​រថយន្ត​ទាំងនោះ​ត្រូវ​ចូល​បង់លុយ​តាម​ការកំណត់​។ ប្រសិនបើ​ម្ចាស់​រថយន្ត​ដឹកឈើ​និង​ម្ចាស់​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​មិន​ចូល​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​កុងត្រូលជជុះ​របស់លោក យូ ប៊ុន​ស្រ៊ាង ប្រាកដជា​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក យូ ប៊ុន​ស្រ៊ាង និង​បក្ខពួក​កំពុងតែ​ប្រឹង​រកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់ ដោយ​ប្រើប្រាស់​លិខិត​បេសកកម្ម​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ធ្វើជា​អាជ្ញាប័ណ្ណ​ស្របច្បាប់​។ ដូច្នេះ​លោក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ជា សុ​មេធី មិនគួរ​បណ្តែតបណ្ដោយ​ឲ្យ​លោក យូ ប៊ុន​ស្រ៊ាង និង​បក្ខពួក​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រិះគន់ថា លោក យូ ប៊ុន​ស្រ៊ាង និង​បក្ខពួក​មិន​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​តាម​តួនាទី​របស់ខ្លួន​ឡើយ ហើយ​ចាត់ទុក​បទល្មើស​សេដ្ឋកិច្ច​ជា​ប្រភព​ចំណូល​របស់ខ្លួន​យ៉ាង​កាក់កប​៕

8321_28321 8321_3