សម្តេច ស ខេង រម្លឹកពលរដ្ឋ ឲ្យគោរពច្បាប់ ចរាចរណ៍ ខណៈសមត្ថកិច្ច ផ្ដើមរឹតបន្តឹង ការអនុវត្ដច្បាប់ថ្មី ដើមឆ្នាំ២០១៦

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានក្រើនរម្លឹកសារជាថ្មីដល់ ប្រជាពលរដ្ឋឲ្យត្រូវ គោរពច្បាប់ ចរាចរណ៍គ្រប់ៗគ្នា ខណៈសមត្ថកិច្ច នឹងរឹតបន្តឹង ទៅលើ ការអនុវត្ដច្បាប់ចរាចរណ៍ថ្មី ដោយគ្មាន ការលើកលែង និងម៉ឺងម៉ាត់បំផុតដែល ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នឹងដាក់ឲ្យអនុវត្ដន៍ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦ ខាងមុខ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) សម្ដេច ស ខេង បានថ្លែងថា “ ក្រសួងបានរៀបចំយន្ដការ និងវិធានការរួចរាល់អស់ហើយ ចំពោះការអនុវត្ដច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីដែលការអនុវត្ដ ច្បាប់លើកនេះនឹង មានការតឹងតែងជាងមុន ដោយរាជរដ្ឋាភិបាលមិនអាចឈរមើល ការបង្កគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង មានការកើនឡើងពីមួយ ថ្ងៃទៅមួយថ្ងៃបានទេ”។

តាមប្រភពដដែលសម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ឲ្យបាន គ្រប់ៗគ្នា ពីព្រោះការអនុវត្ដនឹងចាប់ផ្ដើម ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦តទៅ ប៉ុន្ដែប្រសិន បើសមត្ថកិច្ចមិនអនុវត្ដន៍ និង ចៀសវាងខ្លាចប៉ះពាល់នោះ វានឹងបណ្ដាលឲ្យប្រជាពលរដ្ឋកម្ពុជាបន្ដ រងគ្រោះ និងស្លាប់កាន់តែច្រើនជា បន្ដបន្ទាប់ទៀត។

សម្តេចថា  ការអនុវត្ដលើវិធានការច្បាប់ចរាចរណ៍នេះ សមត្ថកិច្ច នឹងចាប់ផ្ដើមត្រួតពិនិត្យលើយានយន្ដ គ្រប់ប្រភេទ ដែលគ្មានលិខិតស្នាម ឬយានយន្ដមិនមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវ ពិសេសយានយន្ដដែល គ្មានពន្ធ។

សម្ដេចបញ្ជាក់ថា បច្ចុប្បន្ននេះ ការស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍គឺចេះតែមានការកើន ឡើងច្រើន ជាងការ ស្លាប់ក្នុងសម័យសង្គ្រាមទៅទៀត ដោយសារតែអ្នកបើកបរ និងអ្នកធ្វើដំណើរមិន គោរពច្បាប់ ហើយបញ្ហានេះ សមត្ថកិច្ចត្រូវតែអនុវត្ដន៍ឲ្យបានម៉ឺងម៉ាត់បំផុត៕

សម្តេច ស ខេង រម្លឹកពលរដ្ឋ ឲ្យគោរពច្បាប់ ចរាចរណ៍ ខណៈសមត្ថកិច្ច ផ្ដើមរឹតបន្តឹង ការអនុវត្ដច្បាប់ថ្មី ដើមឆ្នាំ២០១៦