ក្រសួងយុត្តិធម៌ ស្នើសុំកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាល សម្រាប់ឧបត្ថម្ភ ជូនមន្ដ្រី នៅតាមមូលដ្ឋាន

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានស្នើសុំទៅរាជរដ្ឋាភិបាល ឲ្យមានប្រាក់ឧបត្ថម្ភ សម្រាប់មន្ត្រីបម្រើការ នៅតាមមណ្ឌលសេវាយុត្តិធម៌គ្រប់ខេត្ត ក្រុង និងរាជធានីទាំងអស់ ដើម្បីលើកទឹកចិត្ត ក្នុងការពង្រឹងប្រសិទ្ធភាពដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរ។

យោងតាមប្រភពព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោកស្រី ប៉ែន សុមេធា អគ្គនាយិកា នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី នៃក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា “ រដ្ឋមន្ត្រីក្រសួងយុត្ដិធម៌ បានត្រៀមឯកសាររួចរាល់ហើយ ដើម្បីស្នើទៅរាជរដ្ឋាភិបាល សុំកញ្ចប់ថវិកាមួយផ្នែក សម្រាប់ផ្តល់ជូនមន្ត្រីយុត្តិធម៌ ដែលកំពុងបំពេញការងារ នៅមណ្ឌលសេវាយុតិធម៌រាជធានី ខេត្ត”។

លោកស្រីបញ្ជាក់ថា គម្រោងស្នើសុំកញ្ចប់ថវិកានេះ ដោយសារតែមន្ត្រី នៅមណ្ឌលសេវាយុត្តិធម៌ទាំងអស់ បំពេញការងារ ដោយស្ម័គ្រចិត្តគ្មានប្រាក់ខែ ហើយការដោះស្រាយ សម្របសម្រួលវិវាទ ជូនប្រជាពលរដ្ឋពុំបាន យកកម្រៃសេវាឡើយ។  នៅពេលដែលមន្ត្រីមណ្ឌលយុតិធម៌ ទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ ពួកគេកាន់តែ មានទំនួលខុសត្រូវ ផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែប្រសើរ ប្រកបដោយគុណភាព តម្លាភាព។

លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានសណ្ឋានកម្ម និងយុត្តិធម៌មូលដ្ឋាន ឲ្យដឹងថា “ ការអនុវត្ត មណ្ឌលសេវាយុត្តិធម៌បានល្អ គឺបានបង្កើននូវសិទ្ធិ របស់ប្រជាពលរដ្ឋក្នុងការទទួលបានយុត្តិធម៌ ភាពឆាប់រហ័សរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយសំណុំរឿង តូចតាចនៅតាមសាលាដំបូងរាជធានីខេត្ត”។

លោកបន្តថា មន្ត្រីដែលបំពេញការងារ នៅមណ្ឌលសេវាយុត្តិធម៌ មានជាង១២០នាក់ប៉ុណ្ណោះ នៅក្នុងមណ្ឌលសេវាយុត្តិធម៌ ចំនួន៤០កន្លែង ស្ថិតក្នុងរាជធានី ខេត្តចំនួន១០។

លោកថា តាមរបាយការណ៍របស់ក្រសួងយុត្ដិធម៌ បានឲ្យដឹងថា ចាប់ពីខែមករាដល់ខែធ្នូ ឆ្នាំ២០១៥នេះ មណ្ឌលសេវាយុត្តិធម៌ ទាំង៤០មណ្ឌល បានផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋបានចំនួន៣៩៦២ករណី ក្នុងនោះការដោះស្រាយវិវាទ មានចំនួន២៥៥៥ករណី និងការប្រឹក្សាយោបល់មាន១៤០៧ករណី៕