ក្រុមហ៊ុន​រថយន្ត​ក្រុង​វៀតណាម​ព្រម​ផ្ដល់​សំណង​ដល់​គ្រួសារ​ជនរងគ្រោះ

ដើម​បណ្ដឹង​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ស្វាយរៀង អះអាង​ថា ក្រុមហ៊ុន​រថយន្ត​ក្រុង​វៀតណាម ព្រម​ផ្ដល់​សំណង​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ហើយ ប៉ុន្តែ​សំណង​នេះ​ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​ជា​ពីរ​ដំណាក់កាល។ ការ​ផ្ដល់​សំណង​បែប​នេះ ក្រុម​គ្រួសារ​ជនរងគ្រោះ​មិន​ទាន់​សម្រេច​ទទួល​យក​នៅ​ឡើយ ព្រោះ​បារម្ភ​ថា ខ្លាច​ក្រុមហ៊ុន​បោកប្រាស់។

ក្រុម​គ្រួសារ​របស់​កម្មករ-​កម្មការិនី​ដែល​ស្លាប់ និង​ខ្លះ​ទៀត​រង​បួស​ធ្ងន់​ស្រាល រស់​នៅ​ក្នុង​ឃុំ​ពោធិ៍រាជ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង លើក​ឡើង​ថា ពួកគាត់​ចង់​បាន​សំណង​គ្រប់​ចំនួន​ពី​ក្រុមហ៊ុន​រថយន្តក្រុង​វៀតណាម ឈ្មោះ ១៥ អេស.អេច្ឆ (15SH) ក្នុង​ពេល​តែមួយ ពោល​គឺ​មិន​ចង់​បាន​ប្រាក់​សំណង​ត្រឹម​ពាក់​កណ្ដាល​សិន​នោះ​ទេ។

​ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ថា នឹង​ដក​ពាក្យ​បណ្ដឹង​ពី​សាលាឧទ្ធរណ៍​វិញ ហើយ​យល់​ព្រម​ផ្ដល់​សំណង​តាម​សាលក្រម​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង ប្រសិនបើ​គ្រួសារ​ជនរងគ្រោះ​ទាំង​អស់ ទទួល​យក​សំណង​លើក​ទី​១ ត្រឹម​ពាក់កណ្ដាល និង ១៥​ថ្ងៃ​ក្រោយ​មក​ទៀត ទើប​ក្រុមហ៊ុន​សម្រេច​ផ្ដល់​ជូន​គ្រប់​ចំនួន​ដើម្បី​បញ្ចប់​រឿង​នោះ។

លោកស្រី ផង់ សាឃឿន ដែល​បាត់បង់​កូនស្រី​ពីរ​នាក់ និង​ម្នាក់​ទៀត​រង​បួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​រថយន្តក្រុង​វៀតណាម​នោះ រៀបរាប់​ថា ពួកគាត់​មិន​ទាន់​សម្រេច​គ្នា​នៅ​ឡើយ​ទេ​ថា គួរ​ទទួល​យក ឬ​មិន​ទទួល​យក។ ប៉ុន្តែ​លោកស្រី​បន្ថែម​ថា ពួកគាត់​ចង់​បាន​សំណង​គ្រប់​ចំនួន​តែ​ក្នុង​ពេល​តែមួយ ទោះបីជា​ពួកគាត់​ត្រូវ​រង់ចាំ​ដល់ ១៥​ថ្ងៃ​ទៀត​នោះ​ក្តី៖ «ប្រជាពលរដ្ឋ​គាត់​ចង់​បាន​មូល​តែម្ដង»

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា កន្លង​ទៅ សាលាដំបូង​ខេត្ត​ស្វាយរៀង បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ផ្ដល់​សំណង​ដល់​គ្រួសារ​អ្នក​ស្លាប់​ចំនួន ១៩​នាក់ ក្នុង​ម្នាក់​ត្រូវ​ទទួល​បាន​សំណង ១២​លាន​រៀល (ប្រមាណ ៣.០០០​ដុល្លារ) និង​អ្នក​រង​របួស​ត្រូវ​ទទួល​បាន​សំណង​ចន្លោះ​ពី ៦​លាន ដល់ ១០​លាន​រៀល​តាម​ស្ថានភាព​របួស​ធ្ងន់​ស្រាល។

ចំណែក​អ្នក​បើកបរ​រថយន្ត​ដែល​ជា​ជនជាតិ​វៀតណាម នោះ ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ។
ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា ប្រសិនបើ​ក្រុមហ៊ុន​មាន​ចេតនា​ចង់​បញ្ចប់​រឿង​ដោយ​អនុវត្ត​តាម​សាលក្រម​សាលាដំបូង​ខេត្ត​ស្វាយរៀង នោះ ភាគី​ក្រុមហ៊ុន ១៥ អេស.អេច្ឆ មិន​គួរ​ផ្ដល់​សំណង​ពាក់កណ្ដាល​ទុក​ពាក់​កណ្ដាល​សិន​នោះ​ទេ គួរ​តែ​ផ្ដល់​សំណង​ជូន​ជនរងគ្រោះ​ឲ្យ​បាន​គ្រប់​ចំនួន​ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ និង​ការ​មិន​ទុក​ចិត្ត​គ្នា៖ «បើ​ក្រុមហ៊ុន​ឲ្យ​គាត់​យក​ប៉ុណ្ណឹង មាន​ន័យ​ថា គេ​មាន​ចេតនា​ឲ្យ​តែ​ប៉ុណ្ណឹង»

​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​ពី​ក្រុមហ៊ុន​រថយន្ត​ក្រុង​វៀតណាម ១៥ អេស.អេច្ឆ បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ។

ចំពោះ​ការ​ផ្ដល់​សំណង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​ឲ្យ​ជនរងគ្រោះ​មក​ពី​មជ្ឈមណ្ឌល​សាមគ្គីភាព អ្នកស្រី ហេង បុង មាន​ប្រសាសន៍​ថា ការ​ផ្ដល់​ប្រាក់​សំណង​នេះ គឺ​ធ្វើ​ឡើង​តាម​រយៈ​តុលាការ​ដោយ​មាន​លិខិត​ប្រគល់ និង​ទទួល​ត្រឹមត្រូវ ដូច្នេះ​ប្រហែលជា​គ្មាន​ការ​បោកប្រាស់​នោះ​ទេ៖ «មាន​តុលាការ​ចូល​រួម ហើយ​មាន​ខ្ញុំ​ដែរ អ៊ីចឹង​ខ្ញុំ​គិត​ថា ក្រុមហ៊ុន​មិន​បោក​ទេ»

​ក្រៅ​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​រងគ្រោះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ ជួយ​ឃ្លាំមើល​ករណី​នេះ និង​ត្រូវ​ឲ្យ​ក្រុមហ៊ុន​ឡាន​ក្រុង​របស់​វៀតណាម ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្ដល់​សំណង​ជួន​ពួកគាត់។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥ កន្លង​ទៅ រថយន្ត​ក្រុង​វៀតណាម បាន​បើក​បុក​រថយន្ត​ដឹក​កម្មករ​រោងចក្រ នៅ​ចំណុច​ភូមិ​ដើមពោធិ៍ ក្នុង​ឃុំ​ស្វាយតាយាន ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង។ ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​កាល​ណោះ បាន​ផ្ដាច់​ជីវិត​កម្មករ-​កម្មការិនី ចំនួន ១៩​នាក់ និង ២០​នាក់​រង​របួស​បាក់​ដៃ បាក់​ជើង និង​ប៉ះទង្គិច​ក្បាល។ បច្ចុប្បន្ន ស្ថានភាព​អ្នក​រង​របួស​ខ្លះ​នៅ​មិន​ទាន់​បាន​ធូរ​ស្បើយ ហើយ​ខ្លះ​ទៀត​បាត់បង់​ស្មារតី​ក្លាយ​ទៅ​ជា​មនុស្ស​វិកលចរិត ធ្វើ​ការ​អ្វី​មិន​កើត​ឡើយ។ ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​មក គ្រួសារ​ជនរងគ្រោះ​មួយ​ចំនួន​កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ព្រោះ​បាត់បង់​អ្នក​រក​ចំណូល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។