សកម្មជន​សិទ្ធិមនុស្ស​៖ ប៉ូលិស ចាប់​កម្មករ ៤ នាក់​បន្ថែមទៀត ករណី​តវ៉ា នៅ​ខេត្តស្វាយរៀង

ខេត្តស្វាយរៀង: ​កាលពី​ថ្ងៃទី​២៨ ខែធ្នូ និង​នៅ​ថ្ងៃទី​២៩ ខែធ្នូ​នេះ មាន​កម្មករ​រោងចក្រ​ចំនួន ៤ នាក់​បន្ថែមទៀត ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​។ ជន​ទាំងនោះ ជាប់ចោទ​ក្នុង​រឿង​ញុះញង់ បង្ក​អំពើហិង្សា​គប់​ដុំថ្ម​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន និង​តាយសេង នៅ​ក្រុង​បាវិត អំឡុងពេល​កម្មករ​ត​វ៉ា ទាមទារ​ឡើង​ប្រាក់ខែ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​។ នេះ​បើតាម​លោក ឆេង សុ​ភ័ស្ស សកម្មជន​សិទ្ធិមនុស្ស អង្គការ​លីកាដូ​។​

​សូម​រម្លឹកថា អំឡុងពេល​តវ៉ា​នោះ ប៉ូលិស ក៏បាន​ចាប់​កម្មករ​ចំនួន ៤ នាក់ និង​អ្នក​បើកឡាន​ដឹក​កម្មករ ចំនួន ៦ នាក់​។ អ្នក​ទាំង ១០ នាក់​នោះ ត្រូវបាន​តុលាការ សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ក្រោម​ការចោទប្រកាន់​ពីបទ ញុះញង់ បង្ក​អំពើហិង្សា​គប់​ដុំថ្ម​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​។​

​ក្រុមកម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងពីរ​នោះ បានសម្រេច​បញ្ឈប់​ការធ្វើ​កូដកម្ម ហើយ​ចូលធ្វើការ​ឡើងវិញ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥៕​