ផ្តើម​ចេញពី​NGO​តូច​មួយ​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​បាន​ចាប់បដិសន្ធិ​ឡើង​ក្នុង​ខែមករា ឆ្នាំ ១៩៩៣ ដោយ​មាន​ទិស​ដៅ​អភិវឌ្ឍន៍​មុខរបរ​ខ្នាត​តូច​បំផុត និង​ខ្នាត​តូច តាម​រយៈ​ការ​ផ្ដល់​ឥណទាន បាន​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅ​កម្ពុជា ។ បើ​និយាយ​ពី​កិត្តិ​ស័ព្ទ​ធនាគារ​នេះ វិញ ប្រជាជន​ទូទៅ​មិន​ថា​នៅ​ជនបទ ឬ​ទីក្រុង​ទេ គឺ​សុទ្ធតែ​បាន​ស្គាល់​ទាំងអស់ នោះ​គឺ​ធនាគារ​អេ​ស៊ី​លី​ដា ។

ធនាគារ​អេ​ស៊ី​លី​ដា ក៏​បាន​ចាប់បដិសន្ធិ ឡើង​នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០០០ ដោយ​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារ​ឯកទេស ពី​ធនាគារជាតិ​នៃ​កម្ពុជា ។ នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០០៣ ធនាគារ​អេ​ស៊ី​លី​ដា​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​ធនាគារពាណិជ្ជ ពី​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ធ្វើ​ឱ្យ​ធនាគារ​អេ​ស៊ី​លី​ដា​មាន​លទ្ធភាព​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​នូវ​សេវា​ធនាគារ​បាន​ទូទៅ និង​ទូលំទូលាយ​ថែម​ទៀត ហើយ​ក៏​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវការ​មក​ជា « ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី » ។

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គឺជា​ធនាគារ​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បានការ​ផ្តល់​ចំណាត់ថ្នាក់​ដោយ​ស្ថាប័ន​ផ្តល់​ចំណាត់ថ្នាក់​ធនាគារ​អន្តរជាតិ គឺ​Standard & Poor’s ។

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ទទួល​បាន​ពានរង្វាន់​ជា​ស្ថាប័ន​រីក​ចម្រើន​លំដាប់ថ្នាក់​ពិភពលោក​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ឆ្នាំ​២០១៤ (World Economic Forum Global Growth Companies 2014) និង​បាន​ចូល​ជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) ។ ធនាគារអេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ត្រូវ​បាន​ជ្រើស​តាំងធ្វើ​ជា​ប្រធាន​សមាគម​ធនាគារ​នៃ​ប្រទេស​កម្ពុជា  (ABC) និង​អនុប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា (IBC) ។

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ទិញ​សេវា​ធានា​រ៉ាប់រង​ពី​ក្រុមហ៊ុន Jardine Lloyd Thompson Asia ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាងគេ​បង្អស់​របស់​ចក្រភព​អង់គ្លេស និង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មានការ​រួមចំណែក​ភាគហ៊ុន​ចំនួន​៥១% ដោយ​ភាគ​ទុ​និក​កម្ពុជា រួម​ជាមួយ​បុគ្គលិក​ធនាគារ​ក្នុង​នោះ​ផង​ដែរ ហើយ​ចំណែក​ដែល​នៅ​សល់​៤៩%​ទៀត​កាន់កាប់​ដោយ ៖ Sumitomo Mitsui Banking Corporation (១៨,២៥%), COFIBRED (១២,២៥%), ORIX Corporation (១២,២៥%) និង​មូលនិធិ​វិនិយោគ​បី​គ្រប់គ្រង​ដោយ Triodos Investment Management គឺ Triodos Sustainable Finance Foundation, Triodos Fair Share Fund, និង Triodos Microfinance Fund (៦,២៥%) ។

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន គឺ​ធនាគារ អេ​ស៊ី​លី​ដា ឡាវ​, អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី​, អេ​ស៊ី​លី​ដា ត្រេ​ន​នី​ង សេន​ធ័​រ និង​អេ​ស៊ី​លី​ដា មីក្រូហិរញ្ញវត្ថុ មី​យ៉ា​ន់​ម៉ា ។

ប្រវត្តិ​បង្កើន​ដើមទុន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៥
-​ខែតុលា ឆ្នាំ​២០០០ ៖ ៤​លាន​ដុល្លារ​អា​មេ​រិ​ក
-​ខែធ្នូ ឆ្នាំ​២០០៣ ៖ ១៣​លាន​ដុល្លារ​អា​មេ​រិ​ក
-​ខែតុលា ឆ្នាំ​២០០៦ ៖ ៣០​លាន​ដុល្លារ​អា​មេ​រិ​ក
-​ខែធ្នូ ឆ្នាំ​២០០៧ ៖ ៥០​លាន​ដុល្លារ​អា​មេ​រិ​ក
-​ខែវិច្ឆិកា ឆ្នាំ​២០០៨ ៖ ៦០​លាន​ដុល្លារ​អា​មេ​រិ​ក
-​ខែមិថុនា ឆ្នាំ​២០០៩ ៖ ៦៨.១៥០.០០០ ដុល្លារ​អា​មេ​រិ​ក
-​ខែមិថុនា ឆ្នាំ​២០១១ ៖ ៧៨.៣៧២.៥០០ ដុល្លារ​អា​មេ​រិ​ក
-​ខែធ្នូ ឆ្នាំ​២០១១ ៖ ៨៨.៣៧២.៥០០ ដុល្លារ​អា​មេ​រិ​ក
-​ខែឧសភា ឆ្នាំ​២០១២ ៖ ១១៣.១៦៩.៥៦០ ដុល្លារ​អា​មេ​រិ​ក
-​ខែឧសភា ឆ្នាំ​២០១៣ ៖ ១៨៥.៦៧១.៨៥៧ ដុល្លារ​អា​មេ​រិ​ក
-​ខែមិថុនា ឆ្នាំ​២០១៤ ៖ ២២៥.៥៣៥.៦០៥ ដុល្លារ​អា​មេ​រិ​ក
-​ខែមិថុនា ឆ្នាំ​២០១៥ ៖ ២៦៥.៧២៦.០៥០ ដុល្លារ​អា​មេ​រិ​ក ។

បច្ចុប្បន្ន ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​បង្កើត​ឱ្យ​មាន​អារ្យ​ភាវូបនីយកម្ម​ទាន់សម័យ​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​អស់​រយៈពេល​ជាង​២៣​ឆ្នាំ​មក​ហើយ ដើម្បី​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត​២៥៧​សាខា​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា , ៤១​ការិយាល័យ​នៅ​ប្រទេស​ឡាវ និង​៦ ការិយាល័យ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដោយ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៣.៨៥៧​លាន​ដុល្លារ​អា​មេ​រិ​ក​, ឥណទាន​សរុប​ចំនួន​២.៣៨២ លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប ចំនួន​២.៦៣០​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ដំណាច់​ខែតុលា ឆ្នាំ​២០១៥ ៕