ផ្ទះសំណាក់​នៅ​សៀមរាប​ដំឡើងថ្លៃ​រួចជាស្រេច​ពេល​បុណ្យ​ឆ្លង​ឆ្នាំ

រូបភាព៖ googleសៀមរាប៖ ផ្ទះសំណាក់​មួយចំនួន​ក្នុង​ទីក្រុង​សៀមរាប បានប្រកាស​ពី​តម្លៃ​ថ្មី​ទៅដល់​អតិថិជន ដែល​ចង់​ជួល​បន្ទប់​សម្រាក​នៅ​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ និង​ចូលឆ្នាំ​សកល ឆ្នាំ២០១។ ចាប់ពី​ថ្ងៃទី ៣០ ដល់​ថ្ងៃ ៣១ ធ្នូ តម្លៃ​ស្នាក់​នៅតាម​ផ្ទះសំណាក់​មួយចំនួន គឺ​ឡើង​ចន្លោះ​ពី ៤ដុល្លារ​ទៅ ១៥ដុល្លារ​ក្នុង​មួយ​យប់។

ផ្ទះសំណាក់ អង្គរ​រះ ដែល​ស្ថិតនៅ​ខាងលិច​ផ្សារ​ចាស់ បានចាប់ផ្តើម​ដាក់​តម្លៃ​ថ្មី កាលពី​ថ្ងៃទី ២៧ ធ្នូ​មក។ សម្រាប់​បន្ទប់​កង្ហា គ្រែ​មួយ ដែល​តម្លៃ​ធម្មតា ពី១០ទៅ១៥ដុល្លារ ឡើងដល់ ២០ដុល្លារ ទៅ២៥ដុល្លារ។ ដោយឡែក​សម្រាប់​បន្ទប់​មាន​ម៉ាស៊ីនត្រជាក់ គ្រែ​មួយ តម្លៃ​ធម្មតា ២០ដុល្លារ​ទៅ ២៥ដុល្លារ ឡើងដល់ ៣០ទៅ៣៥ដុល្លារ។ នេះ​ជាត​ម្លៃ​បន្ទប់​សម្រាប់​បុណ្យ​ឆ្លង​ឆ្នាំ​សកល នៅផ្ទះ​សំណាក់​អង្គរ​រះ ដែល​សម្បូរ​ភ្ញៀវ​បរទេស​ជួល។

ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ ចូលឆ្នាំ​សកល​នេះ ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន ត្រូវបាន​គេ​បញ្ជា​កក់​ពេញ សឹង​ថា​គ្មាន​កន្លែង​ដែល​សេសសល់។ ជាក់ស្តែង​ផ្ទះសំណាក់ គី​រី​ន​ម៉ា​រី ដែល​ច្នៃ​ជា​វីឡា នៅ​ភូមិ​ស្ទឹង​ថ្មី ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ផ្សារ​ចាស់​ដែរនោះ ក៏ត្រូវ​គេ​កក់​ពេញ​ហើយ​ដែរ តាំងពី​សប្តាហ៍​មុន​មក ឫ​កន្លះ​ខែ​មុន​មក​ម្លេះ។ ម្ចាស់ផ្ទះ​សំណាក់ លោក គី​រី​ន បាន​ប្រាប់​សារព័ត៌មានថ្មីៗថា ផ្ទះសំណាក់​របស់លោក ដែលមាន​ជាង២០បន្ទប់​នោះ មិនអាច​បំពេញ​បរិមាណ​ភ្ញៀវ​ដែល​ហៅ​មក​កក់ ក្នុង​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​នេះ​បានទេ។ សម្រាប់​ថ្ងៃ​ពិសេស ផ្ទះសំណាក់​របស់លោក គី​រី​ន ឡើងថ្លៃ​ច​នោះ​ពី ៤ទី៥ដុល្លារ​ប៉ុណ្ណោះ។ ម្ចាស់ផ្ទះ​សំណាក់​ដែល​ទើប​បើក​មិន​ដល់​មួយឆ្នាំ​នេះ ប្រាប់​ពី​មូល​ហេតុថា វា​ជា​ទម្លាប់​ទូទៅ​ដែល​ផ្ទះសំណាក់ និង​សណ្ឋាគារ​តែង​ដំឡើង​ពេល​មានបុណ្យ​ទានម្តងៗ ។

សម្រាប់​ផ្ទះសំណាក់​ភូមិ​ឧទ្យាន ដែល​នៅលើ​ផ្លូវ​តែមួយ​នឹង​ផ្ទះសំណាក់ គី​រី​ន​ម៉ា​រី នោះ ក៏​មិនមាន​បន្ទប់​សេសសល់​ដែរ។ បុគ្គលិក​ប្រចាំការ​នៅ​ទីនោះ​បញ្ជាក់ថា ផ្ទះសំណាក់​របស់លោក ត្រូវបាន​ភ្ញៀវ​បញ្ជា​កក់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ផ្ទាល់ តាំងពី២ខែ​មុន​មក​ម្លេះ។ ទាក់ទង​នឹង​តម្លៃ​វិញ គឺ​ឡើង​ប្រហាក់ប្រហែល​ផ្ទះសំណាក់​ដទៃទៀត​ដែរ ពី៧ដុល្លារ​ទៅ ១០ដុល្លារ ក្នុង​មួយ​បន្ទប់។

ទន្ទឹមនឹង​ផ្ទះសំណាក់​មាន​ភ្ញៀវ​ពេញ និង​ដំឡើងថ្លៃ​នោះ សណ្ឋាគារ​មួយចំនួន​កំពុង​រអ៊ូ​ពី​ការធ្លាក់​ភ្ញៀវ​ទៅវិញ។ ប្រធាន​ផ្នែក​ទីផ្សារ​នៃ​សណ្ឋាគារ វ៉ិ​ច​តូ​រី​យ៉ា​អង្គរ ប្រាប់ថា សណ្ឋាគារ​លោក​នៅសល់​ប​ន្ទ​ប់​ខ្លះ។ ខុសពី​ឆ្នាំទៅ​ដែល​ដល់​ខែ១២ គឺ​បន្ទប់​តែងពេញៗ មកជា​នៅសល់​បន្ទប់​ទៅវិញ។ នេះ​ជាការ​ងឿងឆ្ងល់​របស់លោក សំអុល។ តែ​លោក សំអុល ក៏បាន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​ដែរ។ គឺ​ទីមួយ ការធ្លាក់​ភ្ញៀវ និង​ទី​ពីរ គឺ​ការប្រកួតប្រជែង​កើនឡើង នៅតាម​សណ្ឋាគារនីមួយៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ផ្ទះសំណាក់​របស់លោក ធ្លាក់​ភ្ញៀវ​ជាង​ឆ្នាំទៅ។

ទាក់ទង​នឹង​ការដំឡើងថ្លៃ​នៅតាម​ផ្ទះសំណាក់ ឫ​កន្លែងផ្ទះ​សេវាកម្ម​ទេសចរណ៍​នេះដែរ កន្លងទៅ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក៏​ធ្លាប់​ក្រើនរម្លឹក​ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ រាប់ទាំង​ខេត្តសៀមរាប​ផង មិន​ឲ្យ​ឆ្លៀត​ឳ​កាស​ដំឡើងថ្លៃ ពេល​មាន​បុណ្យទានធំៗនោះឡើយ។ ដូចគ្នានេះដែរ អាជ្ញាធរខេត្ត​ព្រះសីហនុ ដែលជា​គោលដៅ​សំខាន់​សម្រាប់​ភ្ញៀវទេសចរ​ដែរនោះ ក៏បាន​ប្រកាស​មិន​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ឡើងថ្លៃ​នោះដែរ។ យ៉ាងណា គេ​តែងតែ​ឮ​ការ​រអ៊ូរទាំ​ពី​សំណាក់​ភ្ញៀវទេសចរ ចំពោះ​រឿងដដែលៗ ដែល​ពុំមាន​ការទប់ស្កាត់ និង​បាន​ក្លាយជា​ទម្លាប់​ទៅហើយនោះ៕