​ពលរដ្ឋ​សម្រុក​មក​ធ្វើ​ប័​ណ្ណ​​បើក​បរ​ម៉ូតូ​​​​កើន​ទ្វេ​ដង ​​​ខណៈច្បាប់​ចរាចរណ៍​ថ្មី​នឹងចាប់​អនុវត្ត​ថ្ងៃទី១ មករា ២០១៦

ខេត្តស្វាយរៀង ​៖ ប្រជាពលរដ្ឋនាំ​គ្នា​សម្រុក​មក​ធ្វើ​ប័​ណ្ណ​​​បើក​បរ​​ម៉ូតូ​ ​ក្នុង​រយៈពេល២ស​ប្តា​ហ៌​នេះ​ ​ព្រោះ​ច្បាប់​ចរាចរណ៍​ថ្មី​​នឹង​ចាប់ផ្តើម​អនុវត្តន៍​​​នៅ​ថ្ងៃ​ទី​១ ​មក​រា ​២០១៦​ខាង​មុខ ជា​ពិសេស ​សិស្ស ​និស្សិត ​និង​កម្មករ ​កម្ម​ការិ​នី ​ព្រួយ​បារ​ម្ភបញ្ហា​ច្បាប់​ចរាចរណ៍​​ថ្មី​តម្រូវ​ឲ្យ​​អ្នក​បើក​បរ​ម៉ូតូ​ទាំង​ឡាយត្រូវ​មា​នប័​ណ្ណបើកបរ​​ ​បើ​គ្មាន​ប័ណ្ណបើកបរ​ម៉ូតូ​នោះ​​ទេ ត្រូវ​ទទួល​ការ​ផាក​ពិន័​យ ​ជា​ពិសេស ​ក្មេង​ៗក្រោម​អាយុ​១៦​ឆ្នាំ ​​។

​​លោក ​តី​ ស៊ី​ថន អនុប្រធាន​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ ​​បាន​ឲ្យ​ដឹង​ថា ​រយៈពេល​២​ស​ប្តា​ហ៍​មក​នេះ​ ​មាន​ប្រជាពលរដ្ឋ ​មន្ត្រីរាជការ​ នាំ​គ្នា​សម្រុក​មក​ធ្វើ​ប័ណ្ណ​​បើក​បរ​​ម៉ូតូ​​​យ៉ាង​​ច្រើន​ ក្នុង​មួយ​ថ្ងៃ​ជាង​១០០​គ្រឿង​​ កើន​ទ្វេ​ដង ​និង​កំពុង​សម្រុក​មក​ចុះបញ្ជី​ជា​បន្តបន្ទាប់​​​ ​គឺ​ដោយ​មាន​ម៉ូតូ​មួយ​ចំនួន​តាំងពី​ឆ្នាំ​២០១២_២០១៣​មិន​បាន​មក​ចុះបញ្ជី​ ។ មួយ​ចំនួន​ត្រឹម​ឆ្នាំ​២០១៤_២០១៥​ មក​ចុះបញ្ជី​នា​ពេល​នេះ​​ ។​ លោក​បន្ត​​ថា ​យានយន្ត​ដែល​បាន​ចុះបញ្ជី​រួច​ទូ​ទាំង​ស្វាយ​រៀង​មាន​ម៉ូតូ​1A​សរុប​ចំនួន​​៤៤.៣៥៥​​គ្រឿង​ ។​ រថយន្ត​ធុន​តូច​2A​ចំនួន​៨៦០​គ្រឿង រថយន្ត​ធុន​ធំ 3Aចំនួន​៧៣០​គ្រឿង 4A​ចំនួន​៤​គ្រឿង​ 5A​ចំនួន​២៦​គ្រឿង 6A​គោ​យន្ត​ចំនួន​៦៤២​គ្រឿង​ ម៉ូតូ​រ៉ឺ​ម៉ក​ និង​​ម៉ូតូ​កង់​បី​ ចំនួន​៤២៩​គ្រឿង​ ។

ចំពោះ​ម៉ូតូ​មិន​ទាន់​បាន​ចុះបញ្ជី​​​ឆ្នាំ​២០១២_២០១៣ ​ត្រូវ​យក​ទៅ​ពិនិត្យ​ឯកសារ​ពន្ធ​នៅ​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត​ មុន​មក​ចុះបញ្ជី​​​ឆ្នាំ២០១៤_២០១៥​ ។ មក​ចុះបញ្ជី​នៅ​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ តម្លៃ​១២​ម៉ឺន​រៀល​ ។​

ទាក់ទិនទៅ​នឹង​​ការ​ព្រួយ​បារ​ម្ភរបស់​ប្រជាពលរដ្ឋ ​និង​សិស្ស​ និស្សិត ​គឺ​បញ្ហាប័​ណ្ណបើកបរ​ម៉ូតូ ​ដែល​ច្បាប់​ចរាចរណ៍​ផ្លូវគោក​​​ថ្មី​នឹង​ចាប់​​​​ផ្តើម​អនុវត្ត​នៅ​ថ្ងៃ​ទី​១ ​មក​រា ​២០១៦​ខាង​មុខ​នេះ ​តម្រូវ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ត្រូវ​តែ​មា​នប័ណ្ណបើកបរ​ និង​មាន​កាត​គ្រី​ជាប់​តាម​ខ្លួន​ជា​និច្ច​ ជា​ពិសេស​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ​ មិន​អនុញ្ញាតឲ្យ​បើកបរ​ម៉ូតូ​ឡើយ​ ។ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ក្មេង​ក្រោម​អាយុ​១៦​ឆ្នាំ​ ជិះ​ម៉ូតូ​ច្រើន​ដោយសារ​ក្មេង​អាយុ​១៤​អាយុ​១៥​ឆ្នាំ​រៀន​ដល់​ថ្នាក់​ទី​៧ ទី​៨​ ដល់​ថ្នាក់​ទី​១១ ​ដូច្នេះ​ពួក​គេ​ត្រូវ​ជិះ​ម៉ូតូ​ទៅ​រៀន​នេះ​ជា​ការ​ព្រួយ​បារ​ម្ភ ៕