វៀតណាម​ជាប់​ជា​ប្រទេស​ដែល​មាន​ទំនុកចិត្ត​ខ្ពស់​បំផុត​ប្រចាំ​ទ្វីបអាស៊ី

ប្រទេស​វៀតណាម ៖ ស​ន្ទ​ស្សន៍​នៃ​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​ធនាគារ ANZ-Roy Morgan របស់​វៀតណាម នៅ​ខែធ្នូ​នេះ​បាន​កើនឡើង​២,៥​ពិន្ទុ រហូត​ដល់​១៤៤,៨​ពិន្ទុ ។ តួលេខ​នេះ គឺជា​ចំនួន​មួយ​ដ៏​ខ្ពស់​បំផុត​នា​ដំណាច់ឆ្នាំ​២០១៥ នៃ​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​វៀតណាម ដែល​ជា​ប្រទេស​មាន​ទំនុកចិត្ត​ខ្ពស់​បំផុត​នៅ​ក្នុង​ទ្វីបអាស៊ី ។
ជំនឿ​ចិត្ត​អ្នក​ប្រើប្រាស់​វៀតណាម គឺ​មាន​អត្រា​ជា​មធ្យម​១៣៦,៦​ពិន្ទុ ក្នុង​រយៈពេល​ពីរ​ឆ្នាំ និង​បច្ចុប្បន្ន​មាន​អត្រា​៩,២​ពិន្ទុ ដែល​លើស​ពី​អត្រា​នៅ​ខែធ្នូ កាលពី​ឆ្នាំ​មុន​ទៅ​ទៀត។

កាលពី​ថ្ងៃ​ពុធ ធនាគារ ANZ បាន​ឲ្យ​ដឹង​តាម​របាយការណ៍​ថា មូលហេតុ​នៃ​ការ​កើនឡើង​នៃ​ជំនឿ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​វៀតណាម គឺ​ដោយសារ​តែ​ការ​លើកកម្ពស់​ក្នុង​ការ​ជឿ​ទុកចិត្ត​លើ​សេដ្ឋកិច្ច​ក្នុងស្រុក​សម្រាប់​រយៈពេល​១២​ខែ​ក្រោយ និង​៥​ឆ្នាំទៅ​មុខ​ទៀត ។

៣៥​ភាគរយ​នៃ​ជនជាតិ​វៀតណាម​ឲ្យ​ដឹង​ថា គ្រួសារ​របស់​ពួក​គេ​មាន​ប្រាក់​ចំណូល​កើនឡើង​ជាង​ឆ្នាំ​មុន ខណៈ​ពេល​ដែល​១៤​ភាគរយ​ទៀត​និយាយ​ថា គ្រួសារ​របស់​គេ​មាន​ជីវភាព​កាន់តែ​ថយ​ចុះ ។

ប្រជាជន​ចំនួន​៥៩​ភាគរយ​រំពឹង​ទុក​ថា គ្រួសារ​របស់​ពួក​គេ​មាន​ជីវភាព​ធូរធា​ជាង​មុន​នៅ​ឆ្នាំ​ក្រោយ ខណៈ​ពេល​ដែល​ប្រជាជន​៤​ភាគរយ​ទៀត​គិត​ថា ជីវភាព​ពួក​គេ​កាន់តែ​ដុនដាប​ជាង​មុន​ទៀត ។

សរុប​មក ប្រជាជន​វៀតណាម​ចំនួន​៦១​ភាគរយ​រំពឹង​ទុក​ថា សេដ្ឋកិច្ច​វៀតណាម​នឹង​ល្អ​ក្នុង​រយៈពេល​១២​ខែ​ក្រោយ​នេះ ខណៈ​ដែល​៩​ភាគរយ​ទៀត​រំពឹង​ថា គ្មាន​ការ​ប្រែប្រួល ឬ​ក៏​ជួប​បញ្ហា​មិនល្អ ។ លើស​ពី​នេះ​ទៀត ប្រជាជន​ចំនួន​៤៥​ភាគរយ​ជឿជាក់​ថា ពេល​នេះ​គឺជា​ពេល​ដែល​ពួក​គេ​គួរតែ​ជាវ​សម្ភារ​ក្នុងផ្ទះ​ដែល​មាន​តម្លៃ​ថ្លៃ ខណៈ​ដែល​១០​ភាគរយ​ទៀត​និយាយ​ថា មិន​គួរ​ទិញ​ផលិតផល​ក្នុងផ្ទះ​ថ្លៃ​ៗ​ទាំងនោះ​ឡើយ ។

បើ​តាម​លោក Glenn Maguire នាយក ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារ ANZ ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា ៖ « សេដ្ឋកិច្ច​វៀតណាម​មិន​ត្រឹមតែ​ល្អ​នៅ​ឯ​ក្រៅ​ស្រុក​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុងស្រុក​ក៏​មាន​អត្រា​ល្អ​ផង​ដែរ » ។

លោក​បន្ថែម​ទៀត​ថា ៖ « ការ​វិភាគ​ចុង​ក្រោយ​នៃ​ជំនឿ​ចិត្ត​របស់​អ្នក​ប្រើប្រាស់ គឺ​ប្រទេស​វៀតណាម​នឹង​ក្លាយទៅជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ល្អ​ជាងគេ​នៅ​ទ្វីបអាស៊ី ក្នុង​រយៈពេល​មួយ​ឆ្នាំ ដែល​គិត​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៧ » ៕