អ្នក​វិនិយោគឯកជន​ចិន​មក​វិនិយោគ​នៅ​ខេត្តសៀមរាប​មាន​ចំនួន​65​ក្រុមហ៊ុន

ខេត្តសៀមរាប ៖ ដោយសារ​តែ​មាន​ទំនាក់ទំនង​ការទូត​ល្អ និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​យ៉ាង​ជិត​ស្និទ្ធ​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​វិនិយោគិន​ចិន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ ជាក់ស្ដែង គ្រាន់តែ​នៅ​ខេត្តសៀមរាប​មួយ អ្នក​វិនិយោគឯកជន​ចិន​ដែល​បាន​មក​បណ្ដាក់ទុន​រកស៊ី​មាន​ចំនួន​៦៥​ក្រុមហ៊ុន  ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក នូ ផល្លា បាន​លើក​ឡើង​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​លើ​លិខិត​ផ្តួចផ្តើម ស្តី​ពី​ការ​បង្កើត​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច​ជា​ដៃគូ​រវាង​ទីក្រុង​ឈី​ង​ដាវ ខេត្ត​សាន​ទុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន
និង​ខេត្តសៀមរាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក នូ ផល្លា មាន​ប្រសាសន៍​បន្ត​ទៀត​ថា ៖ « គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ គឺជា​ការ​បើក​ទំព័រ​ថ្មី​នៃ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ឲ្យ​កាន់តែ​រឹង​មាំ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​កម្ពុជា ជា​ពិសេស វា​រី​អគ្គិសនី វិស័យ​ឧស្សាហកម្ម និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា » ។

ក្នុង​នោះ​ដែរ អ្នក​វិនិយោគឯកជន​ចិន​ដែល​មក​វិនិយោគ​នៅ​ខេត្តសៀមរាប មាន​ចំនួន​៦៥​ក្រុមហ៊ុន ហើយ​ខេត្ត​ដែល​ចងសម្ព័ន្ធ​ជាមួយ​ខេត្ត​-​ក្រុងមាន​ចំនួន​៧ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ រីឯ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​នៅ​ខេត្តសៀមរាប ក៏​មានកំណើន​ផង​ដែរ ។

លោក លី ឈុ​ន លេខា​បក្ស​ក្រុង​ឈី​ង ដាវ ខេត្ត​សាន​ទុង ក៏​បាន​លើក​ឡើង​អំពី​ស្ថានភាព​ភូមិសាស្ត្រ​នៃ​ក្រុង​ឈី​ន​ដាវ​ថា ៖ « ជា​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​របស់​ប្រទេស​ចិន ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៩​លាននាក់ ។ ប្រទេស​ចិន​មាន​ទំនាក់ទំនង​ជាមួយ​កម្ពុជា តាំងពី​សម័យកាល​យូរលង់​មក​ហើយ  ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​ធ្វើ​ឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​ល្អ​ទ្វេ​ឡើង​ថែម​ទៀត » ។

លោក​សង្ឃឹមថា ៖ « កិច្ច​ផ្តួចផ្តើម​ក្នុង​ការ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ក្រុង​ឈី​ន​ដាវ និង​ខេត្តសៀមរាប គឺ​ផ្តោត​ទៅ​លើ​វិស័យ​វប្បធម៌ ទេសចរណ៍ សេដ្ឋកិច្ច និង​សណ្ឋាគារ » ។

ក្នុង​នោះ​ដែរ គណៈប្រតិភូ​ក៏​បាន​អញ្ជើញ​ប្រតិភូ​ខេត្តសៀមរាប​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​នៅ​ក្រុង​ឈី​ន​ដាវ ខេត្ត​សាន​ទុង​ផង​ដែរ ដើម្បី​លើកកម្ពស់​ខាង​ទំនាក់ទំនង និង​ឈាន​ទៅ​ផ្លាស់​ប្តូរ​វិស័យសេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​ទៅ​វិញ​ទៅ​មករ​វាង​ក្រុង​ឈី​ន​ដាវ និង​ខេត្តសៀមរាប និង​ផ្តល់​ឱកាស​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ខេត្ត​-​ក្រុង​ទាំង​ពីរ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សមភាព​ដើម្បី​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ភាគី​ទាំង​ពីរ​ក៏​បាន​ចុះហត្ថលេខា​ឯកភាព​ទៅ​លើ​៨​ចំណុច​ក្នុង​កិច្ច​ផ្តួចផ្តើម​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច​ជា​ដៃគូ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន​នៃ​ខេត្ត​-​ក្រុង​ទាំង​ពីរ​នា​ពេល​អនាគត​ផង​ដែរ ។

ទាក់ទង​នឹង​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ វិ​ថី​មួយ​» ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្ដែង​នូវ​ការ​កោតសរសើរ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ការ​ដាក់​ចេញ​នូវ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​កិច្ច​សហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ និង​ស៊ីជម្រៅ​នេះ​នឹង​ចូលរួម​ចំណែក​ដល់​សន្តិភាព​ក្នុង​តំបន់​និង​ពិភពលោក ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ការ​ភ្ជាប់​ទំនាក់ទំនង វិបុលភាព​រួម​គ្នា និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ដោយឡែក ក្នុង​រយៈពេល​១១​ខែ​ឆ្នាំ​២០១៥​នេះ ប្រទេស​ចិន​បាន​បោះទុន​វិនិយោគ​មក​កម្ពុជា ប្រមាណ​ជា​៧៨៣,១២​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​មន្ត្រីរាជរដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​សៀវភៅ​រូបថត « មិត្ត​ល្អ មិត្ត​ពិតប្រាកដ » លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ រដ្ឋមន្ត្រី​ប្រចាំការ និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « បើ​គិត​ទៅ​លើ​វិស័យ​វិនិយោគ​បរទេស​នៅ​កម្ពុជា​វិញ តួលេខ​នៃ​លំហូរ​វិនិយោគ​របស់​ចិន​មក​កម្ពុជា ក្នុង​រយៈពេល​១១​ខែ (​មក​រា​-​វិច្ឆិកា​) ឆ្នាំ​២០១៥ មាន​ប្រមាណ​៧៨៣,១២​លាន​ដុល្លារ​អា​មេ​រិ​ក ។ តួលេខ​នៃ​លំហូរ​វិនិយោគ​នេះ បាន​បង្ហាញ​នូវ​ការ​បោះ​ជំហាន​ឆ្ពោះទៅ​មុខ​នៃ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ទូលំទូលាយ​ស៊ីជម្រៅ​ខ្លាំង​ឡើង​ថែម​ទៀត  និង​មាន​ទំហំ​ធំធេង ជា​ពិសេស កិច្ច​សហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ (​កម្ពុជា​-​ចិន​) »៕