អស្ចារ្យមែន! ប្រធានាធិបតីទួរគី អាចផ្លាស់ចិត្តបុរសម្នាក់ ដែលបម្រុងលោតសម្លាប់ខ្លួន ឲ្យរស់បន្តទៀត (មានវីដេអូ)

ទួរគី៖ ករណីដ៏កម្រមួយ បានកើតឡើងនៅពេលដែលបុរសម្នាក់ សម្រេចចិត្តបញ្ចប់ជិវិតដោយការលោតពីលើស្ពាន បានផ្លាស់ប្តូរចិត្ត ក្រោយការនិយាយលួងលោម និងបញ្ចុះបញ្ចូល ពីសំណាក់លោកប្រធានាធិបតីទួរគី ដោយផ្ទាល់រួចមក។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ប៉ុនប៉ងធ្វើអត្តឃាតលោតពីលើស្ពាន Bosphorus ដែលជាស្ពានធំមួយសម្រាប់តភ្ជាប់ពីទ្វីបអ៊ឺរ៉ុប ទៅកាន់ទ្វីបអាស៊ី។ រូបគេបានតោងឡើងរបងស្ពាន បម្រុងលោតចុះក្រោមទៅហើយនោះ គាប់ជួនពេលនោះ ស្រាប់តែមានក្បួនរថយន្តរបស់លោក Recep Tayyip Erdogan ប្រធានាធិបតីទួរគីមកដល់ ក៏បានឃើញសកម្មភាពបុរសម្នាក់នោះ ទើបក្បួនរថយន្តសម្រេចបញ្ឈប់នៅក្បែរនោះតែម្តង។

អស្ចារ្យមែន! ប្រធានាធិបតីទួរគី អាចផ្លាស់ចិត្តបុរសម្នាក់ ដែលបម្រុងលោតសម្លាប់ខ្លួន ឲ្យរស់បន្តទៀត (មានវីដេអូ)
លោកប្រធានាធិបតី Recep Tayyip Erdogan កំពុងនិយាយជាមួយ បុរសដែលចង់សម្លាប់ខ្លួន

ប្រភពព័ត៌មានឲ្យដឹងថា ក្រោយពីក្បួនរថយន្ត បានឈប់រួច អង្គរក្សលោកប្រធានាធិបតី បានដើរសំដៅទៅរកបុរសប៉ងធ្វើអត្តឃាតនោះ ដើម្បីនាំខ្លួនគាត់មកជួប និងនិយាយជាមួយលោកប្រធានាធិបតី Erdoga ដែលកំពុងស្ថិតនៅខាងក្នុងរថយន្ត។ បន្ទាប់ពីជជែកគ្នា ប្រហែល ២ម៉ោងរួចមក រូបគេក៏សម្រេចចិត្ត មិនសម្លាប់ខ្លួនតទៅទៀត ព្រោះទទួលបានការសន្យាផ្តល់ជំនួយ ពីសំណាក់លោកប្រធានាធិបតីដោយផ្ទាល់តែម្តង។

គូសបញ្ជាក់ផងដែរថា មូលហេតុដែលនាំឲ្យបុរសម្នាក់នេះ សម្រេចចិត្តសម្លាប់ខ្លួន ព្រោះតែគាត់ជួបវិបត្តិក្នុងគ្រួសារ។ នេះជាករណីដ៏កម្រជួបប្រទះមួយ នៅពេលប្រធានាធិបតីប្រទេសមួយទាំងមូល សុខចិត្តចំណាយពេលវេលារបស់ខ្លួន ដើម្បីយកមកជួយជីវិតបុរសម្នាក់ ដែលបានជ្រើសរើសផ្លូវស្លាប់ទៅហើយនោះ ឲ្យងាកមកបន្តរស់នៅទៅមុខទៀត។

នេះជាគំរូមួយ និងជាចំនុចគួរពិចារណាផងដែរ ព្រោះថាអ្វីៗសុទ្ធតែមានផ្លូវដោះស្រាយ មិនគួរយកសេចក្តីស្លាប់ធ្វើជាជម្រើសសម្រាប់ដោះស្រាយបញ្ហាឡើយ៕

អស្ចារ្យមែន! ប្រធានាធិបតីទួរគី អាចផ្លាស់ចិត្តបុរសម្នាក់ ដែលបម្រុងលោតសម្លាប់ខ្លួន ឲ្យរស់បន្តទៀត (មានវីដេអូ)
ក្រុមបុគ្គលិករបស់ លោកប្រធានាធិបតីទួរគី ពេលកំពុងជួយទាញឡើង បុរសកំសត់ម្នាក់នោះ ឡើងមកវិញ

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត