ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៧

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៣៧

​ឥឡូវនេះ កូន​របស់​អ្នក​ត្រូវបាន​គេ​ចាត់ទុក​ថា​គ្រប់​ខែ​ហើយ ទោះបីជា​ត្រូវ​សម្រាល នៅ​បី​សប្តាហ៍​ទៀត​ក៏ដោយ​។ បើសិន​ជា​អ្នក​ត្រូវ​សម្រាល​ឥឡូវ សួត​របស់​គេ​ទំនងជា​ទុំ​គ្រប់គ្រាន់ នឹង​អាច​រស់​នៅ​ក្រៅ​ស្បូន​បាន​ហើយ​។ ក្មេង​ខ្លះ ត្រូវការ​ពេលវេលា​ច្រើន​បន្តិច​។ ដូច្នេះ បើសិន​ជា​អ្នក​កំពុងតែ​រៀប​គម្រោង ចង់​សម្រាល​ដោយ​វះ​ម្តងទៀត គ្រូពេទ្យ​ប្រហែលជា​នឹងដាក់​កម្មវិធី សម្រាល​ដោយ​មិន​លឿន​ជាង ៣៩ សប្តាហ៍​ឡើយ​លុះត្រាតែ​មាន បញ្ហា​អ្វីមួយ​ដែល​ត្រូវ​សម្រាល​ឲ្យ​លឿន​វិញ​។ កូន​ទម្ងន់​ប្រហែល ២,៨៥ គីឡូក្រាម និង​ប្រវែង​ខ្លួន​ពី​ក្បាល​ដល់​កែងជើង ប្រហែល​វែង​ជា ៤៨ សង់ទីម៉ែត្រ (​ទំហំ​ប៉ុន ចង្កោម​ផ្លែ Swiss Chard)​។ ក្មេង​ជា​ច្រើន​កើតមក មាន​សក់​ពេញ​ក្បាល​តែ​ម្តង ប៉ុន្តែ មិនបាច់​ភ្ញាក់ផ្អើល​ឡើយ បើសិនជា​ពណ៌​ស​ក់កូន​មិន​ដូច​អ្នក​។ គូ​ស្វាមី​ដែល​មាន​សក់ខ្មៅ ពេលខ្លះ ក៏​អាច​ឲ្យ​កូន​កើត​មក មាន​សក់​ពណ៌​ទង​ដែង ឬ​ក្រហម​បានដែរ​។

​ឥឡូវនេះ ការ​កន្ត្រាក់​ប្រភេទ Braxton Hicks ប្រហែល​ជា​កើតឡើង​ញឹកញាប់​ជាង​ធម្មតា រយៈពេល​យូរ​ជាង​មុន និង​កាន់តែ​គ្មាន​ផាសុកភាព​។ អ្នក​ក៏​ប្រហែល​ជា​សម្គាល់​ឃើញ មាន​ការហូរ​ទឹករំអិល​តាម​ទ្វារមាស​កាន់តែច្រើន​ផងដែរ​។ បើសិនជា​មើលឃើញ “​មាន​សភាព​ដូច​ឈាម​” (​ទឹករំអិល​ដែលមាន​លាយ​ឈាម​តិចតួច​) ក្នុង​បន្ទប់ទឹក ឬ​ខោ​ទ្រនាប់ វា​ប្រហែលជា​ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ គឺ​ពីរ​បី​ថ្ងៃ​ទៀត ឬ​តិច​ជាង​នេះ​។  បើសិន​ជា​អ្នក​ហូរ​ឈាម​ច្រើនជាង​មុន ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​។

​ជាមួយគ្នានេះដែរ ចូរ​ប្រាកដថា អ្នក​បាន​សួរ​គ្រូពេទ្យ អំពី​លទ្ធផល​បណ្តុះ​បាក់តេរី Group B Strep​។ បើសិន​ជា​លទ្ធផល​មិន​ទាន់​ចេញ​ទេ ហើយ​អ្នក​ត្រូវ​នៅ​មន្ទីរពេទ្យ ឬ​បន្ទប់​សម្រាល​ទៀត បុគ្គលិក​ពេទ្យ​នឹង​ចាក់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច ឲ្យ​អ្នក​ទុកជា​មុន​ហើយ​។

​វា​ប្រហែលជា​ពិបាក ក្នុងការ​គេង​ឲ្យ​លក់​ស្រួល​នៅផ្ទះ​។ បើសិនជា​អាច​ធ្វើបាន ចូរ​ធ្វើ​ចិត្ត​ឲ្យបាន​ស្រួល​នៅពេល​ថ្ងៃ ព្រោះ​វា​អាច​ជា​ឱកាស​ចុងក្រោយ​របស់​អ្នក ដែល​ត្រូវ​នៅ​ឲ្យ​ស្ងៀមស្ងាត់​មួយរយៈ​នេះ​។ ចូរ​តាមដាន​ការ​ធ្វើ​ចលនា​របស់​កូន​ផង ហើយ​អោយ​គ្រូពេទ្យ​ដឹង​ភ្លាម បើសិនជា​យល់ថា ការ​ធ្វើ​ចលនា​នោះ​ថយចុះ​។ ចូរ​គិតថា គេ​គួរតែ​នៅមាន សកម្មភាព​ដូច​មុន​អញ្ជឹង​។

​ខណៈពេល​ដែល​អ្នក​កំពុងតែ​គេង អ្នក​ទំនង​ជា​យល់​សុបិន្ត​ដ៏​ខ្លាំងក្លា​មួយចំនួនដែរ​។ ការ​ថប់​បារម្ភ​នឹង​ការ​សម្រាល និង​ការ​ក្លាយទៅជា​ឪពុកម្តាយ​គេ អាច​បន្ថែម​នូវ​ភាព​ចម្លែក​ថែម​ទៀត​បាន​។

​សកម្មភាព​ដែល​ត្រូវធ្វើ នៅ​សប្តាហ៍​នេះ
​ថតរូប​អនុស្សាវរីយ៍ ពេល​មាន​ផ្ទៃពោះ​ទុក​ទៅ ពីព្រោះថា មិនដឹង​ថ្ងៃ​ណា ដែល​អ្នក​ត្រូវ​សម្រេច​ចិត្ត​យក​កូន​មួយទៀត​នោះ​ទេ ហើយ​ថា​មិនត្រូវ អ្នក​អាច​នឹង​សម្រាលកូន​មុន​ថ្ងៃ​កំណត់​ផង​ក៏​មិនដឹង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី29  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។