បញ្ជូន​ខ្លួន​ជនសង្ស័យ​៥នាក់​​​​ពាក់​ព័ន្ធ​គ្រឿង​ញៀន​​ទៅ​សាលា​ដំបូង​ខេត្ត​

ខេត្តសៀមរាប ​៖ ​នគរបាល​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​​សហការ​​​ជា​មួយ​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ស្រាល និង​​នគរបាល​ក្រុង​សៀមរាប​ ​ចុះ​បង្ក្រាប​ករណី​​​​​ថ្នាំ​ញៀន២​កន្លែង​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ​នៅ​សង្កាត់​សាលា​កំរើក រហូត​ឈាន​ដល់​​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រីចំនួន៥​នាក់ ខណៈ​ពួក​គេ​កំពុង​ចែកចាយ​គ្រឿង​ញៀន​នៅ​តាម​ផ្ទះ​ជួល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​ក្រុង​សៀមរាប ​កាល​ពី​​ថ្ងៃ​ទី​២៨ ​ខែធ្នូ​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

លោក​វរសេនីយ៍ទោ  អ៊ុំ សា​អាត នាយការិយាល័យ​នគរបាល​​ខេត្ត​ បានឱ្យ​ដឹង​​ថា ​ជនសង្ស័យ​ទាំង​៥​នាក់​នេះ ​​មាន ​​១/​ឈ្មោះ សា​មុត សាន់​យ៉ា ហៅ​សាន់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​២/​ឈ្មោះ គង់ ប្រុស ហៅ​ម៉ា​ប់ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ​ជាជាងសំណង់ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កំរើក ក្រុងសៀមរាប ​​៣/​ឈ្មោះ តាន់ ប៉ូ​លី ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ មុខរបរ​លក់​ស៊ី​ម​ទូរស័ព្ទ រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ​ ​៤/​ឈ្មោះ យ៉ា​ត យ៉ា​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ ​រត់​រ៉ឺម៉កម៉ូតូ​ ​​រស់នៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប​ និង​​៥/​ឈ្មោះ ជ្រី ស៊ី​ណាត ហៅ​ស្រី​នាង ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខ​របរ​​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​​ ។ ចំណែក​វត្ថុ​តាង ដកហូត​​បាន​ ​មាន ទូរស័ព្ទ​ដៃ​៥​គ្រឿង​ ​ដាវ​ដែក​១​ និង​ឧបករណ៍ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ ​។

​ជនសង្ស័យ​​ទាំង​៥នាក់​​ និង​វត្ថុ​តាង ​ត្រូវ​បាន​​សមត្ថកិច្ច​​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​ ​នៅថ្ងៃ​ទី​២៩ ​ខែធ្នូ​ ឆ្នាំ​២០១៥​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​​ ​៕​