​ម៉ូតូ​៣​គ្រឿង​បុកបន្ត​​គ្នា​ស្លាប់​ម្នាក់ ​​​របួសធ្ងន់​៣​នាក់​នៅ​ក្រុង​ស្វាយ​រៀង

ខេត្តស្វាយរៀង ៖ ​យ៉ាង​ហោច​ណាស់មាន​មនុស្ស​ប្រុស​ម្នាក់បាន​ស្លាប់​ពេល​យក​ដល់​មន្ទីរពេទ្យ​ និង​៣​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​​សន្លប់​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​ជួបគ្រោះថ្នាក់​ចរាចរ​ណ៍​​​ម៉ូតូ​៣​គ្រឿង​បុកបន្ត​​គ្នា​​ កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​២៨ ​ធ្នូ​ ២០១៥​ លើ​ផ្លូវជាតិ​លេខ​៣១៤ ​ក្នុងភូមិ​តាណ​រ៍​ សង្កាត់​ស្វាយ​តឿ​ ក្រុង​ស្វាយ​រៀង​។​

បើ​តាម​សមត្ថកិច្ច​​​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ ព​ណ៌ក្រហម ​អត់​ស្លាក​លេខ​មួយ​គ្រឿង បើកបរ​ដោយ​ឈ្មោះ​ចាន់ ​នី​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ ​មាន​ទីលំនៅ​ភូមិ​ថ្មី​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ធ្វើ​ដំណើរ​ពី​កើតមក​លិច​​ ពេល​នោះ​ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​១A៦០៨៨​ បើកបរ​ដោយ​ឈ្មោះ​ឡឹ​ង ​ចិន្តា​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ភាគ​ មុន្នីស្រស់ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​នៅ​ភូមិ​ចំបក់​ពាម​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពី​លិច​មក​កើត​ក៏​បុក​គ្នា​​​ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ​បណ្ដាល​ឱ្យ​ដួល​សន្លប់រ​ដូ​ករ​ណែល​ពេញ​ផ្លូវ​តែ​ម្ដង​ ហើយ​អ្វី​កាន់តែ​តក់ស្លុត​ទៀត​នោះ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដាC១២៥​ ព​ណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ស្វាយ​រៀង​១G៩៨៧៥​បើកបរ​ដោយ​ឈ្មោះ​ប្រាក់ កក្កដា អាយុ​២៤​ឆ្នាំ​ ភេទ​ប្រុស​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​ ទិស​ដៅ​ពី​លិច​មក​កើត​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​បន្ថែម​ទៀត​បណ្តាល​ឲ្យ​ឈ្មោះ​ឡឹ​ង​ចិន្តា​ រង​របួស​ធ្ងន់ សន្លប់​នៅ​នឹង​កន្លែង ​ហើយ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ខេត្ត​ ។

ចំណែក​៣​នាក់​ទៀត​រង​របួសធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្វាយរៀង​។

មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​បណ្តាល​មក​ពី​បើក​បរ​ក្នុង​​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​ និង​គ្មាន​ពាក់មួក​សុ​វត្ថិភាព​៕