មាន​ជន​អគតិ​យក​ឈ្មោះ​កោះ​សន្តិភាព​ទៅ​ទារប្រាក់​ពី​ព្រះ​ចៅ​អធិការ​វត្ត​គគីរ​ធំ​

មាន​សមាគម​មួយ​ឈ្មោះ​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជា មាន​ប្រធាន​ឈ្មោះ​សេង សុផល ដែល​គេ​មិនសូវ​ស្គាល់​សោះ មិនដឹង​ថា សមាគម​នេះ​កើតឡើង​ពេល​ណា អ្នក​ណា​ទទួលស្គាល់​ទេ កំពុង​បង្កើត​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ក្នុង​សង្គម ឬ​សង្ស័យ​ប្រដូច​ទៅ​នឹង​ទមិឡ​ទៅ​ហើយ ។

តាម​សេចក្តីរាយការណ៍​មួយ​ពី​វត្ត​គគីរ​ធំ ហៅ​វត្ត​ចាស់ បាន​បញ្ជូន​មក​ដល់​កោះសន្តិភាព​ម្សិលមិញ​នេះ​ថា ឈ្មោះ​សេង សុផល បាន​កាន់​កាសែត​កោះសន្តិភាព​មួយ​ច្បាប់​ទៅ​ជួប​ព្រះ​ចៅអធិការ​វត្ត​ចាស់ ដោយ​ទូល​លោក​ថា កាសែត​បាន​សរសេរ​ពី​ការ​រីក​ចម្រើន​របស់​វត្ត ការ​អភិវឌ្ឍន៍​របស់​វត្ត​ចាស់ ដូច្នេះ​សុំ​ឱ្យ​ព្រះ​អង្គ​ចេញ​ប្រាក់​២០០​ដុល្លារ ដើម្បី​តម្លៃ​នៃ​ការ​ចុះ​ផ្សាយ ។ សុំ​ឱ្យ​លោក​ចៅអធិការ​ជួយ​ឧបត្ថម្ភ​ចំពោះ​សមាគម​របស់​លោក ព្រោះ​កាសែត​កោះសន្តិភាព​ជា​កូនចៅ​របស់​លោក ដែល​ជា​ប្រធាន​សមាគម​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជា ដូច​មាន​នាមប័ណ្ណ​សម្គាល់​ពេល​ទៅ​យក​ប្រាក់​។

ប្រភព​ច្បាស់​ការណ៍​ដដែល​បញ្ជាក់​ថា ឈ្មោះ​សេង សុផល ទារប្រាក់​ពី​ព្រះ​ចៅអធិការ​២០០​ដុល្លារ ត្រូវ​បាន​ព្រះ​ចៅអធិការ ដែល​ទើសទាល់​បាន​ផ្តល់​ឱ្យ​១៥០​ដុល្លារ ហើយ​ឈ្មោះ​សេង សុផល បាន​ទៅ​យក​ប្រាក់​ដល់​កុដិ​លោក​នៅ​ថ្ងៃ​ទី​២៥ ធ្នូ វេលា​ម៉ោង​១១​ព្រឹក​។ គណៈកម្មការ​អាចារ្យវត្ត និង​ភិក្ខុសង្ឃ ក្នុង​វត្ត​បានដឹង​ឮ​ច្បាស់លាស់ ដែល​ពួក​គេ​និយាយ​ថា អស់គេ​បាន​យក​ប្រាក់​មក​ប្រគេន​លោក ជួយ​កសាង​វត្ត ឯ​ឈ្មោះ​សេង សុផល បែរជា​ទៅ​បោក​យក​ប្រាក់​ពី​លោកសង្ឃ​ទៅ​វិញ ពិតជា​ទមិឡ​មែន ។

កោះសន្តិភាព សូម​ប្រកាស​ជា​ឱ​ឡា​ប្ញ​កថា អត់​ដែល​បាន​ស្គាល់ឈ្មោះ ស្គាល់​មុខ អ្វី​ដែល​មានឈ្មោះ​សេង សុផល ស្អី​នេះ​ទេ ។ ហើយ​កោះសន្តិភាព ក៏​មិន​ដែល​ស្គាល់​អ្វី​ដែល​ហៅ​ថា សមាគម​មជ្ឈមណ្ឌល​អ្នក​សារព័ត៌មាន​កម្ពុជា​ស្អី​នេះ​ដែរ ។

សូម​ប្រកាស​ទៀត​ថា ថ្ងៃក្រោយ​ប្រសិនបើ​ឈ្មោះ​ស្អី​គេ​នេះ អា​រាត់​អា​រាយ​ដើរ​គំរាម​គេ​យក​ប្រាក់​បែប​នេះ​ទៀត ដោយ​យកឈ្មោះ​កោះសន្តិភាព​ទៅ​ប្រើ សូម​រដ្ឋអំណាច​គ្រប់​លំដាប់ថ្នាក់​ឃាត់ខ្លួន​ឈ្មោះ​នេះ​បញ្ជូន​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​ឱ្យ​រាងចាល​ទៅ​ថ្ងៃក្រោយ ។