Fulham តែង​ង​តាំង​លោក Slavisa Jokanovic ជា​អ្នកចាត់ការ​ថ្មី

កីឡា​៖​ក្លិប​បាល់ទាត់ Fulham ប្រកាសថា ក្លិប​បានតែងតាំង​អតីត​អ្នកចាត់ការ​ក្លិប​ក្ដាន់​លឿង Watford គឺ​លោក Slavisa Jokanovic ធ្វើជា​គ្រូបង្វឹក​កាលពីពេល​ថ្មីៗ​នេះ បន្ទាប់ពី​ក្លិប​មួយ​នេះ​មិនមាន​គ្រូបង្វឹក​រយៈពេល ៤៩​ថ្ងៃ​មកហើយ ក្រោយ​មានការ​បណ្ដេញ​អ្នកចាត់ការ Kit Symons ចេញពី​តំណែង​កាលពីដើម​ខែវិច្ឆិកា ។ 

​    ​ម្ចាស់​ក្លិប Fulham លោក Shahid Khan បាន​និយាយថា លោក​ពិត​ជាមាន​មោទនភាព​ណាស់​ចំពោះ​ការតែងតាំង លោក Slavisa Jokanovic ជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប ដោយ​លោក​ចាត់ទុកថា​ការតែងតាំង​នេះ​គឺជា​ការតែងតាំង​ល្អ​បំផុត​ក្នុង​ពិភព​បាល់ទាត់ បន្ទាប់ពី​យើង​បាន​ចម្រាញ់​បេក្ខភាព​ជាច្រើនរូប​រួចមក ហើយ​លោក​សូម​ប្រកាស​ចាប់ពី​ថ្ងៃនេះ​តទៅ​ថា លោក Slavisa Jokanovic នឹង​ចូលមក​ដឹកនាំ​ក្លិប Fulham នៅពេលនេះ​តែម្ដង​។​

​     លោក Shahid Khan បន្ថែម​ជា​ចុងក្រោយ​ថា អ្នកចាត់ការ​ថ្មី Slavisa Jokanovic នឹងត្រូវ​ចូលខ្លួន​មក​ដឹកនាំ​ក្លិប Fulham នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​តែម្ដង​ក្នុងជំនួប​ជាមួយនឹង​ក្លិប Rotherham នៃ​ក្របខ័ណ្ឌ​អង់គ្លេស Championship ។ 

​    ​គួរ​បញ្ជាក់ថា អ្នកចាត់ការ​សញ្ជាតិ​ស៊ែ​ប៊ី វ័យ​៤៧​ឆ្នាំ​រូបនេះ​បាន​កសាង​ស្នាដៃ​ជួយ​ឲ្យ​ក្លិប​ក្ដាន់​លឿង Watford ឡើងមក​កាន់​ក្របខ័ណ្ឌ​អង់គ្លេស Premier League កាលពី​រដូវ​កាល​មុន ប៉ុន្តែ​ក្រោយមក​បាន​ដើរ​ចេញពី​ក្លិប Watford ដោយ​ខ្លួនឯង​កាលពី​ខែមិថុនា ខណៈដែល​ដឹកនាំ​ក្លិប​មួយ​នេះ​មិន​ទទួលបាន​ជោគជ័យ​៕  

Fulham តែង​ង​តាំង​លោក Slavisa Jokanovic ជា​អ្នកចាត់ការ​ថ្មី