មនុស្ស​ជាង​50​នាក់​ស្លាប់​នៅ​នី​ហ្សេ​រី​យ៉ា​ក្នុង​ការ​វាយប្រហារ​ចុង​ក្រោយ​ទាំងឡាយ​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម

មនុស្ស​ជាង​៥០​នាក់​ស្លាប់​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ ក្នុង​ការ​វាយប្រហារ​ជា​ច្រើន​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា ខណៈ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​ដល់​ការ​បញ្ចប់​រយៈពេល​កំណត់​របស់​ប្រធានាធិបតី លោក​មូ​ហា​ម៉ា​ឌូ ប៊ូ​ហារី ដើម្បី​យកឈ្នះ​ការ​បះបោរ​របស់​ក្រុម​អ៊ិ​ស្លា​ម​និយម​ជ្រុល​នេះ ។ ព្រឹក​ថ្ងៃ​ទី​២៨ ធ្នូ ពួក​នារី​អត្តឃាត​បាន​ធ្វើការ​វាយប្រហារ​ភេរវកម្ម​អត្តឃាត​២ ក្នុង​ផ្សារ​មួយ​នៃ​ទីក្រុង​ម៉ា​ដា ហ្គា​លី រដ្ឋ​អា​ដា​ម៉ា​វ៉ា (​ភាគ​ឦសាន​ប្រទេស​) ។ លោក​ម៉ា​អីុ​ណា អ៊ូ​ឡា​រ៉ា​មូ អតីត​អភិបាលក្រុង​ម៉ា​ដា​ហ្គា​លី ថ្លែង​ថា នារី​អត្តឃាត​២​នាក់​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់ ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​២​ក្នុង​ផ្សារ ។

ក្រុង​ម៉ា​ដា​ហ្គា​លី​ស្ថិត​នៅ​ជិត​ព្រំដែន​រដ្ឋ​ប័​រ​ណូ ដែល​នៅ​ទីនោះ​ក្រុម​បូ​កូ​ហា​រ៉ា​ម​មាន​សកម្មភាព​ខ្លាំង ។ ទីក្រុង​នេះ​ជា​រឿយ​ៗ​ជា​គោលដៅ​វាយប្រហារ​របស់​ពួក​បូ​កូ​ហា​រ៉ា​ម ដែល​ដណ្តើម​កាន់កាប់​កាលពី​ខែសីហា ឆ្នាំ​២០១៤ បង្ខំ​ឱ្យ​ប្រជាជន​រត់​ភៀសខ្លួន​ទៅ​កាន់​ទីក្រុង​ដទៃ​ៗ​ទៀត ។ ក្រោយមក​កងទ័ព​នី​ហ្សេ​រី​យ៉ា​បាន​វាយ​កាន់កាប់​ទីក្រុង​នេះ​វិញ។

ការ​វាយប្រហារ​អត្តឃាត​ទាំង​២​នេះ​កើត​មាន​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ការ​វាយប្រហារ​មួយទៀត​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​កាលពី​យប់​ថ្ងៃ​ទី​២៧ ធ្នូ ក្នុង​ទីក្រុង​គន្លឹះ​មួយ​គឺ​ទីក្រុង​ម៉ា​អុ​ី​ឌូ ហ្គូ​រី នៅ​ភាគ​ឦសាន​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២១​នាក់ និង​របួស​៩១​នាក់ ៕