សត្វព្រៃ​ច្រើន​ប្រភេទ​ក្នុង​ខេត្តមណ្ឌលគិរី​អាច​នឹង​វិនាស​ផុត​ពូជ​នៅពេល​ខាងមុខ​

​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ ហៅ​កាត់​ថា អង្គការ WWF កាលពីពេល​ថ្មីៗ​នេះ​បាន​សម្ដែង​នូវ​ការព្រួយបារម្ភ​ជា​ថា ប្រសិនបើ​មិនមាន​វិធានការ​ការពារ​ឲ្យ​បាន​ហ្មត់ចត់​ទេនោះ ហានិភ័យ​លើ​ប្រភេទ​សត្វព្រៃ​ជាច្រើន​ដែល​នៅ​សេសសល់​តិចតួច​ក្នុងព្រៃ​នៃ​ខេត្តមណ្ឌលគិរី​នឹងមាន​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ។ បញ្ហា​នេះ​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ខេត្តមណ្ឌលគិរី​លើកឡើង​ដែរ​ថា​បណ្តាលមកពី​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព និង​ប្រជាពលរដ្ឋ​ខ្វះ​ការយល់ដឹង​។​

​តំណាង​អង្គការ WWF ប្រចាំ​នៅ​កម្ពុជា លោក មូល ផាត បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ខេត្តមណ្ឌលគិរី​ជា​តំបន់​ដែល​សំបូរ​ទៅដោយ​ព្រៃស្រោង និង ពាក់កណ្ដាល​ស្រោង​ដែលជា​តំបន់​សំខាន់បំផុត​សម្រាប់​ជីវៈចម្រុះ​ក្នុងចំណោម​តំបន់​ទាំង ២០០ កន្លែង​នៅ​ទូទាំង​ពិភពលោក​។ លោក មូល ផាត បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី និង ស្ថាប័ន​ជំនាញ​គ្រប់លំដាប់​ថ្នាក់ ឲ្យ​ចូលរួម​ថែរក្សា និង ការពារ​ធនធានធម្មជាតិ បន្ត​ការគាំទ្រ​ចំពោះ​ការទប់ស្កាត់​សកម្មភាព​ជួញដូរ​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ និង ទប់ស្កាត់​ការកាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិឯកជន ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​សត្វ​។​

ជុំវិញ​បញ្ហា​នេះ សកម្មជន​ការពារ​សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ដែរថា ក្រៅពី​សត្វ​ដំរី និង សត្វ​ខ្ទីង​ត្រូវបាន​ប្រមាញ់ គេ​ក៏​អាច សន្និដ្ឋានបានថា នឹងមាន​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀត ត្រូវបាន​ជាប់អន្ទាក់ ឬ រង​ការ​បរបាញ់​សម្លាប់ ដោយ​មិន​ត្រូវបាន​គេ​ប្រទះឃើញ ដោយហេតុថា នៅមាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​សម្លាប់​យកមក​លក់​លើ​ទីផ្សារ​ស្ទើរ​រៀងរាល់ថ្ងៃ ដូចជា​សត្វ​ជ្រូកព្រៃ សត្វ​ឈ្លូស សត្វ​ប្រើស និង សត្វ​ជាច្រើន​ប្រភេទ​ទៀត​។​

​សកម្មជន​ការពារ​សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា​ចាប់ពី​ឆ្នាំ ២០១៣ រហូតមកដល់​បច្ចុប្បន្ន ខ្មោចសត្វ​ដំរីព្រៃ ០៥ ក្បាល និង ខ្មោចសត្វ​ខ្ទីង​មាន​ផ្ទៃពោះ​០១ ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ព្រៃ​ខេត្តមណ្ឌលគិរី​។ ការបាញ់សម្លាប់​ប្រភេទ​សត្វព្រៃ​កម្រ​ទាំងនេះ ត្រូវគេ​សន្និដ្ឋានថា គឺ​ដើម្បី​ប្រមូលយក​វត្ថុ​មានតម្លៃ​លើ​ដងខ្លួន​សត្វ​ទាំងនេះ​ដើម្បី​ជួញដូរ​ក្នុង​ទីផ្សារងងឹត​៕

11226174_671328792972547_7869075570167503880_n