​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​​បំផ្លាញផ្ទះ​ចំនួន​៣គ្រួសារ​ ​​ទទួល​អំណោយ​​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

ខេត្តកណ្ដាល​ ៖​ ​កាល​ពី​​រសៀល​ថ្ងៃ​ទី២៨ ​ធ្នូ ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ ដឹកនាំ​ដោយលោក​ ជាវ តា​យ ប្រធាន​គណៈកម្មការ​សាខា បាន​ចុះ​សួរសុខទុក្ខ​ និង​នាំ​យក​អំណោយមនុស្សធម៌​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះចំនួន​៣គ្រួសារ​ នៅ​ភូមិ​អង្គ្រង ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​ឯកឧត្តម លោក​ឧកញ៉ា លោក​ជំទាវ ​ថ្នាក់ដឹកនាំ​ខេត្ត ក្រុម​ប្រតិបត្តិ​សាខា អនុ​សាខា​ស្រុក ក្រុម​កាកបាទក្រហម​ឃុំ អ្នក​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ ។

តាម​បាយ​ការណ៍​របស់​លោក បូរ ណា​រ៉េ​ត ប្រធាន​គណៈកម្មការ​អនុ​សាខា​កាកបាទក្រហមកម្ពុជា​ស្រុក បានបញ្ជា​ក់ថា ​កាល​ពី​​វេលា​ម៉ោង១និង៤៥នាទីរសៀល​ថ្ងៃ​ទី២៥ ​ធ្នូ ​២០១៥ ​កន្លង​ទៅនេះ មាន​ករណី​អគ្គិភ័យ​មួយ​​បាន​កើត​ឡើង​​បណ្តាល​មក​ពី​​ការ​ទុ​ស្សេ​ខ្សែភ្លើង ​​ធ្វើ​ឲ្យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋចំនួន៣ខ្នង ហើយ​ផ្ទះ​ដែល​បាន​ឆេះ​ទាំងស្រុង​មានចំនួន១ខ្នង (ទំហំ៦ម៉ែត្រគុណ​៥ម៉ែត្រ) និងផ្ទះ២ខ្នង​ទៀត ត្រូវ​បាន​ឆេះ​ខូចខាត​បន្តិចបន្តួច​ដោយ​បាន​ជួយពន្លត់​ទាន់ ។

​អំណោយ​មនុស្សធម៌ដែល​សាខា​បាន​ឧបត្ថម្ភ​ជូន​ក្នុង​១​គ្រួសារ​ៗ​ មាន អង្ករ៥០គីឡូក្រាម មី១កេស​តូច ទឹកបរិ​សុទ្ធ២យួរ ត្រីខ១២កំប៉ុង សម្ភារគ្រឿង​ឧបភោគបរិភោគ​សរុប​ចំនួន១៧មុខ ។ ចំពោះ​អំណោយ​ដែល​បានឧបត្ថម្ភ​បន្ថែម​ក្នុង​១គ្រួសារ ដែល​​​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង​ ថវិកា​ចំនួន៦០០.០០០រៀល កៅស៊ូ​តង់១ផ្ទាំង មុង៣ ភួយ៣ ខ្នើយ៣ និង​ន្ទេ​ល៣ ។ រីឯ២គ្រួសារ​ទៀត​ដែល​​​ប៉ះពាល់​បន្តិចបន្តួច បាន​ឧបត្ថម្ភ​​ប្រាក់​​ក្នុង១គ្រួសារ​ ចំនួន៣០០.០០០រៀល ។ដោយឡែក ​លោកឧកញ៉ា ថៃ សេង​ឡុ​ង បាន​ឧបត្ថម្ភ​ស័​ង្ក​​សី​ដែលមាន​ប្រវែង៣ម៉ែត្រ​កន្លះ ដល់​ជន​រង​គ្រោះ​ទាំង​៣​គ្រួសារ ក្នុង​១​គ្រួសារ​ៗ ស័​ង្កសី​ចំនួន១០សន្លឹក ។

ប្រតិភូ​សាខា​បាន​ឧបត្ថម្ភ​ប្រាក់​​ជូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែល​បាន​មក​ចូលរួម​ចំនួន១២២នាក់ ក្នុង​ម្នាក់​ៗ​​​ទទួល​បាន​ប្រាក់​១០.០០០រៀល និង​កុមារ​ចំនួន៤១នាក់​ ​​ក្នុង​ម្នាក់​ៗ​​​ចំនួន​១.០០០រៀល​ផង​ដែរ ៕​