សង្គម​ស៊ី​វិល​បង្ហាញ​ការ​ចែករំលែក​មេរៀន និង​បទ​ពិសោធន៍​នៃ​យុទ្ធនាកា​រ​បើកចំហ​ព័ត៌មាន​​

រាជធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​បាន​អនុវត្ត​​គម្រោង​ក្នុង​ឃុំ​ចំនួន​៤៩ និង​ស្រុក​ចំនួន​១០​​​រួច​មក​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ចំនួន​៨​, អង្គ​​ការ​បាន​​ធ្វើ​សិក្ខាសាលា​ ដើម្បី​ចែករំលែក​មេរៀន​ និង​បទ​ពិសោធន៍​យុទ្ធនា​ការ​នៃ​ការ​បើកចំហ​ព័ត៌​​មាននៅ​ថ្នាក់​ក្រោម​​ជាតិ ​។

លោក​ណែ​ប ស៊ី​ន​ថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ​ហៅ​កាត់​ថា​ (API) បាន​​​មាន​ប្រសាសន៍​​នៅ​ក្នុង​សិក្ខាសាលា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ធ្នូ ​​នៅ​សណ្ឋាគា​ហ៊ី​ម៉ា​វ៉ា​រី​ថា​ គោលបំណង​នៃ​សិក្ខាសាលា​ គឺ​ដើម្បី​បង្ហាញ​ពី​គម្រោង​ដែល​វិទ្យាស្ថាន​លោក​​បាន​ចុះ​អនុវត្តក្នុង​ឃុំ​-ស្រុក​នៃ​បណ្តា​ខេត្ត​ចំនួន​៥ ក្នុង​រយៈពេល​៣​ឆ្នាំ ​(២០១៣ ២០១៥) ​នា​ពេល​កន្លង​មក​ ។

លោក​បន្ត​ថា ​គោលបំណង​របស់​គម្រោង ​គឺ​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​ធ្វើ​ឲ្យ​មាន​សមត្ថភាព​ក្នុង​ចំណោម​ក្រុម​ជន​​រង​គ្រោះ​តាម​រយៈ​ការ​បង្កើន​អភិបាលកិច្ច​ល្អ​​នៅ​ថ្នាក់​ក្រោម​ជាតិ​ ។ ហើយ​គម្រោង​នេះ​ ផ្តោត​​សំខាន់​ទៅ​លើ​កា​រ​បង្កើន​ការ​ទទួល​បាន​ព័ត៌​មាន និង​ការបើកចំហ​ព័ត៌មាន​នៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលបំណង​ជម្រុញ​ប្រជាពលរដ្ឋ​ឱ្យ​ទទួល​បាននូវតម្លាភាព ​និង​គ​ណនេយ្យ​​ភាព​​ពី​អាជ្ញាធរ​មួល​ដ្ឋា​ន​ ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​សាធារណៈ និង​តម្រូវការ​អ​ទិភាព ។