​​មេ​ខ្លោង​​រៀប​ចំ​ឯកសារ​ក្លែង និង​ប្រើ​ប្រាស់​ឯក​សារ​ក្លែងត្រូវ​បាន​តុលាការចាប់​ខ្លួនឡើង​វិញ

រាជ​ធានី​ភ្នំពេញ​ ៖ មេខ្លោង​ឈ្មោះ​ពៅ សិទ្ធិ ត្រូវ​បាន​តំណាង​អយ្យ​ការអម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ និង​ប្រើ​ប្រាស់​លិខិត​ក្លែង បន្ទាប់ពី​មាន​បណ្តឹង​របស់​លោក​ទេស​រដ្ឋ​មន្ត្រី​ អឹម ឈុន​លឹម រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម និង​សំណង់​នៅ​អំឡុង​ខែ​កក្កដា ២០១៥ ។

មូល​ហេតុ​នៅ​ចុង​ឆ្នាំ​២០០៧ និង​ដើម​ឆ្នាំ​២០០៨ ឈ្មោះ​ពៅ សិទ្ធិ ជា​មេ​ខ្លោង​រៀប​ចំ​ឯកសារ​ក្លែង និង​ប្រើ​ប្រាស់​ឯក​សារ​ក្លែង​ដោយ​ចេតនា​ជាមួយ​អ្នក​រួម​គំនិត​ជា​ច្រើន​នាក់​ ពិសេស​ពួក​គេ​ហាក់​បី​ដូច​ជា​យក​គំនិត​របស់​ក្រុម​អ្នក​ជំនាញ​ឱ្យ​យោបល់​មួយ​ចំនួន​ដែល​គ្មាន​មាគ៌ា​ច្បាប់​ និង​គ្មាន​សីល​ធម៌​ ដោយ​លាក់​ការ​ពិត និង​មាន​ចេតនា​បិទ​បាំង​អំពើ​ល្មើស​របស់​ឈ្មោះ​ពៅ សិទ្ធិ និង​គូកន ដើម្បី​ធ្វើ​ទុក​បុក​ម្មេញ និង​រឹប​អូស​ដោយ​ខុស​ច្បាប់​យក​ដី​គេ​ជាង​១.០០០​ហិកតា ដោយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ និង​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ជា​កម្ម​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន​វិនិយោគ​ទុន​ជប៉ុន​ដ៏​ធំ​មួយ​ ដោយ​បាន​ដាក់​ទុន​វិនិយោគ​រាប់​សិប​លាន​ដុល្លារ​អាមេរិក​នៅ​ប្រទេស​កម្ពុជា​នៅ​អំឡុង​ឆ្នាំ​១៩៩៥-១៩៩៦។

ឈ្មោះ​ពៅ សិទ្ធិ ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​សម្រេច​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ កក្កដា ២០១៥ រួច​ម្តង​ហើយ​ ។ រយៈ​ពេល​ជាង​១​ខែ​ក្រោយ​មក​ ពោល​គឺ​ថ្ងៃ​ទី​១៨ កញ្ញា ២០១៥ ឈ្មោះ​ពៅ សិទ្ធិ ត្រូវ​បាន​លោក​ចៅ​ក្រម​ស៊ើប​សួរ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ ប៉ុន្តែ​កាលដែល​លោក​ចៅ​ក្រម​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ​បាន​ភ្ជាប់​នូវ​លក្ខ​ខណ្ឌ​តាម​ផ្លូវ​ច្បាប់​មួយ​ចំនួន​។

ប៉ុន្តែ​បន្ទាប់​ពី​ឈ្មោះ​ពៅ សិទ្ធិ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ គឺ​ឈ្មោះ​នេះ​មិន​បាន​គោរព​តាម​លក្ខ​ខណ្ឌ​ជា​ធរមាន​របស់​តុលាការ​នោះ​ទេទើប​តុលាការ​ចាប់​ខ្លួន​មក​វិញ​ដើម្បី​ឱ្យ​ការ​ស៊ើប​​សួរ​ក្នុង​សំណុំ​រឿង​នេះ​មាន​ប្រសិទ្ធ​ភាព​ និង​ដោយ​យុត្តិ​ធម៌​៕