ជម្លៀស​យុទ្ធ​ជន និង​ជន​ស៊ី​វិល​ជាង​450​នាក់​ចេញពី​មូលដ្ឋាន​3​នៅ​ស៊ី​រី ខណៈ​ក្រុង​ហូ​មរ​ង​ការ​វាយប្រហារ​អត្តឃាត

យុទ្ធ​ជន និង​ជន​ស៊ី​វិល​ជាង​៤៥០​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ចេញពី​មូលដ្ឋាន​៣​នៅ​ស៊ី​រី​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​ដ៏​កម្រ និង​ស្មុគស្មាញ​មួយ​នៃ​ការ​ផ្លាស់​ប្តូរ​គ្នា​រវាង​របប​ក្រុង​ដា​ម៉ាស់ និង​ពួក​ឧទ្ទាម​ដែល​ចុះហត្ថលេខា​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ។

ទន្ទឹម​នឹង​នេះ​មានការ​វាយប្រហារ​ភេរវកម្ម​នានា​សំដៅលើ​សង្កាត់​មួយ​នៃ​ទីក្រុង​ហូ​ម​ភាគ​កណ្តាល​ស៊ី​រី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣២​នាក់ ។

កាលពី​ពេល​កន្លង​ទៅ របប​ក្រុង​ដា​ម៉ាស់​បាន​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​តាម​ចំណុច​នានា​ជាមួយ​បណ្តា​ក្រុម​ឧទ្ទាម ក៏​ប៉ុន្តែ​ការ​ជម្លៀស​មនុស្ស​ចេញ​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ គឺជា​ផ្លែផ្កា​នៃ​កិច្ចព្រមព្រៀង​មួយ ។ ចុះហត្ថលេខា​កាលពី​ខែកញ្ញា កិច្ចព្រមព្រៀង​នេះ គ្រោង​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​ទីក្រុង​ហ្សា​បា​ដា​នី ជាទី​ក្រុង​ចុង​ក្រោយ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​ស្ថិត​នៅ​ព្រំដែន​ស៊ី​រី​-​លី​បង់ ដែល​កងទ័ព​ឡោម​ព័ទ្ធ​ជាប់​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ ព្រមទាំង​ភូមិ KOUA និង​ភូមិ KAFRAYA ជា​ភូមិ​ចុង​ក្រោយ ស្ថិត​ក្រោម​​ការ​ត្រួតត្រា​របស់​កងទ័ព​ក្នុង​ខេត្ត​អីុ​ដ​លី​ប​។ បន្ទាប់​ពី​បទ​ឈប់​បាញ់​គ្នា​ក្នុង​តំបន់​ទាំង​៣​នេះ ព្រមទាំង​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​មួយ​ចំនួន ប្រតិបត្តិការ​យ៉ាង​រសើប​បំផុត​ជម្លៀស​ពួក​ស៊ី​វិល និង​ពួក​យុទ្ធ​ជន​ចេញ ក្នុង​នោះ​រួម​ទាំង​បណ្តា​អ្នក​របួស​ផង​ត្រូវ​បាន​ធ្វើ ។

ក្នុង​សេចក្តី​ប្រកាស​រួម​មួយ ការិយាល័យ អ​.​ស​.​ប នៅ​ស៊ី​រី អឌ្ឍ​ច័ន្ទ​ក្រហម​ស៊ី​រី និង​កាកបាទក្រហម​អន្តរជាតិ​អះអាង​ថា បាន​ជួយ​សម្រួល​ប្រកបដោយ​ជោគជ័យ​នូវ​ប្រតិ​បត្តិការ​ជម្លៀស​ចេញ​នេះ ។

យោង​តាម​សេចក្តី​ប្រកាស​នោះ​ថា មនុស្ស​៣៣៨​នាក់​ត្រូវ​ជម្លៀស​ចេញពី​ភូមិ FOUA និង​ភូមិ KAFRAYA ហើយ​១២៥​នាក់​ទៀត ជម្លៀស​ចេញពី​ទីក្រុង​ហ្សា​បា​ដា​នី ហើយ​ក្រុម​ទាំង​២​ត្រូវ​បាន​បញ្ជូន​ដំណាលគ្នា​តាម​ផ្លូវអាកាស និង​តាម​ផ្លូវគោក​ទៅ​កាន់​ប្រទេស​តួ​ក​គី និង​ទៅ​កាន់​លី​បង់ ។

ការ​ជម្លៀស​ចេញពី​ទីក្រុង​ហ្សា​បា​ដា​នី​ភាគច្រើន​ជា​ពួក​ឧទ្ទាម​ដោយ​ពួក​គេ​ធ្វើ​ដំណើរ​តាម​រថយន្ត​បឺស​៧​គ្រឿង និង​រថយន្ត​សង្គ្រោះ​ច្រើន​គ្រឿង​ទៅ​កាន់​ព្រ​លាន​យន្តហោះ​ក្រុង​បៃ​រូត រួច​ពួក​គេ​ចាក​ចេញពី​ទីនោះ​នា​វេលា​ល្ងាច​ឆ្ពោះ​មក​កាន់​ប្រទេស​តួ​ក​គី ។ ពួក​គេ​បន្ទាប់​មក​ត្រូវ​មក​កាន់​តំបន់​នានា​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​នៅ​ស៊ី​រី ៕