កីឡាករ​ប្រដាល់​6​រូប​ដែល​មាន​ស្នាដៃ​លេចធ្លោ​ក្នុង​ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ ឈាន​ដល់​ដំណាច់ឆ្នាំ​២០១៥​នេះ មាន​កីឡាករ​៦​រូប​ដែល​ត្រូវ​គេ​កត់​សម្គាល់ថា​មាន​ស្នាដៃ​លេចធ្លោ​នៅ​លើ​សង្វៀន និង​បាន​ឈរជើង​ជាទី​ចាប់អារម្មណ៍​នៅ​ក្នុង​ក្រសែភ្នែក​របស់​អ្នកគាំទ្រ​ការ​ប្រដាល់​នៅ​ទូ​ទាំង​ប្រទេស ។ ស្នាដៃ​របស់​ពួក​គេ​បាន​ជួយ​រុញច្រាន​ឱ្យ​កីឡាករ​ម្នាក់​ៗ​ឈាន​ឡើង និង​កាន់តែ​លេចធ្លោ​គួរ​ឱ្យ​កត់សម្គាល់​នៅ​មុន​ដំណាច់ឆ្នាំ​នេះ ។

សែន រ៉ា​ឌី ៖ ឆ្នាំ​២០១៥ គឺជា​កាលបរិច្ឆេទ​ដែល​មាន​មនុស្ស​កាន់តែ​ច្រើន​ស្គាល់​កីឡាករ​រូប​នេះ​ច្បាស់​ដូច​ថ្ងៃ បន្ទាប់​ពី​គេ​ឡើង​ប្រដាល់​រហូត​ដល់​មានឈ្មោះ​បោះ​សំឡេង ហើយ​ថែម​ទាំង​បាន​មេដាយមាស​ពី​ការ​ប្រកួត​វ៉ូ​វី​ណា​ម​ពិភពលោក​កាលពី​ខែកក្កដា នៅ​ពាក់កណ្ដាល​ឆ្នាំ​មួយទៀត មក​ពី​ប្រទេស​អាល់​ហ្សេ​រី ។ បើ​ទោះជា​មេដាយ​នោះ ជា​មេដាយ​ដែល​គេ​ទទួល​បាន​ពី​ការ​ប្រកួត​នៅ​ក្នុង​ប្រភេទ​កីឡា​ផ្សេង ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​ដែល​គេ​ទទួល​បាន គឺ​នៅ​ក្នុង​រង្វង់​មហាជន​ដែល​ស្នេហា​ការ​ប្រដាល់​របស់​គេ​ច្រើន​ជាង ។

ក្រោយ​ពី​ទទួល​បាន​មេដាយមាស​នេះ កីឡាករ​សែន រ៉ា​ឌី ដែល​មានឈ្មោះ​ដើម​ថា ទិន សុភាព បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​ក៏​ក្លាយជា​កីឡាករ​ជួរ​មុខ​ដែល​លេចធ្លោ​ផង​ដែរ​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដែល​រៀបចំ​ឡើង​ដោយ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​។ ភាព​ល្បីល្បាញ​បាន​ជួយ​ឱ្យ​គេ​សឹង​មិន​មាន​ពេល​សម្រាក និង​កម្រ​បាត់​មុខ​នៅ​លើ​សង្វៀន​ខ្លាំង​ណាស់ ដោយ​អាច​និយាយ​បាន​ថា មេដាយ​ពី​ការ​ប្រកួត​វ៉ូ​វី​ណា​ម បាន​ជួយ​ឱ្យ​ទីផ្សារ​ឡើង​ប្រដាល់​របស់​គេ​ឈាន​ឡើង និង​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ខុស​ពី​ពេល​ដែល​គេ​មិន​ទាន់​រំលេច​បាន​ស្នាដៃ​ពី​ការ​ប្រកួត​នៅ​ប្រទេស​អាល់​ហ្សេ​រី​នោះ​ផង ។ មនុស្ស​តិច​ណាស់​ដែល​មិន​ស្គាល់​កេរ្តិ៍ឈ្មោះ​របស់ សែន រ៉ា​ឌី ហើយ​បើ​ទោះជា​គេ​បាន​ទទួល​មេដាយមាស​ពី​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​វ៉ូ​វី​ណា​ម ក៏​ភាព​ល្បីល្បាញ​របស់​គេ​នៅ​ក្នុង​ពិភព​ប្រដាល់ គឺ​មាន​ឥទ្ធិពល​ច្រើន​ជាង ចាប់តាំងពី​ពាក់កណ្ដាល​ឆ្នាំ មក​ទល់​នឹង​ដំណាច់ឆ្នាំ​២០១៥​នេះ ។

ម៉ាត់ ឆ្វេង ៖ បើ​ទោះជា​បាន​ប្រឡូក​ការ​ប្រដាល់​រាប់​មិន​អស់ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​ដែល​មាន​សញ្ជាតិ​ដើម​ជា​ខ្មែរ​អ៊ិ​ស្លា​ម​រូប​នេះ ទើបតែ​បាន​ល្បីឈ្មោះ​កាលពី​ខែ​កក្កដា ក្នុង​ឆ្នាំ​២០១៥​មុន​នេះ​ប៉ុណ្ណោះ បន្ទាប់​ពី​បាន​មេដាយ​សំរឹទ្ធិ ពី​ការ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​វ៉ូ​វី​ណា​ម​ពិភពលោក​ដូច​កីឡាករ​សែន រ៉ា​ឌី ដែរ​។ កីឡាករ​ដែល​មានឈ្មោះ​ដើម​ថា មើ​ត អះ​ម៉ាត់ រូប​នេះ ត្រូវ​បាន​គេ​ចារ​ថា​ជា​ម្ចាស់​មេដាយសំរឹទ្ធិ​ពី​ការ​ប្រកួត​ជើងឯក​វ៉ូ​វី​ណា​ម​ពិភពលោក​នៅ​អាល់​ហ្សេ​រី ប៉ុន្តែ​ភាព​លេចធ្លោ​ដែល​គេ​ទទួល​បាន គឺ​ក្នុង​ពិភព​ប្រដាល់​ទៅ​វិញ​ទេ​។ គាប់​ជួន​ជា​កីឡាករ​រូប​នេះ ហាក់​យក​អាជីព​ប្រដាល់​នាំមុខ​ឱ្យ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ដែល​យូរ​ៗ​ទើប​មាន​ម្ដងនោះ​ផង ធ្វើ​ឱ្យ​ភាព​ល្បីល្បាញ​របស់​គេ​ស្ទុះ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ។

ជាក់ស្ដែង​ចាប់តាំងពី​បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​មហាជន​មក មិន​មានការ​ប្រកួត​ណាមួយ​ដែល​កីឡាករ​ម៉ាត់ ឆ្វេង មិន​ឡើង​ប្រកួត​គូ​ឯក​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ និង​មិន​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ក្នុងស្រុក​ខណៈ​ដែល​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ក៏​មាន​សឹង​មិនសូវ​លស់​ពេល ។ គេ​អាច​មើលឃើញ​ពី​ភាព​ល្បី​ល្បាញ​​របស់​កីឡាករ​រូប​នេះ​នៅ​ក្នុង​ពិភព​ប្រដាល់​ថា មាន​កម្រិត​លុប​ជាង​កីឡា​វ៉ូ​វី​ណា​ម គឺ​នៅ​ពេល​ដែល​មនុស្ស​តិច​បំផុត​ដែល​ស្គាល់ឈ្មោះ​មើ​ត អះ​ម៉ាត់ ប៉ុន្តែ​ម៉ាត់ ឆ្វេង​វិញ អ្នក​ស្នេហា​ការ​ប្រដាល់​រូប​ណា​ក៏​ស្គាល់ ចាប់តាំងពី​កីឡាករ​រូប​នេះ​ទទួល​បាន​មេដាយសំរឹទ្ធិ​ពី​ព្រឹត្តិការណ៍​វ៉ូ​វី​ណា​ម ។

នា​ពេល​ចុង​ក្រោយ គេ​ឃើញ​កីឡាករ​រូប​នេះ​ដើរ​តែ​តាម​កីឡាករ​ថៃ ហើយ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​យ៉ាង​លេចធ្លោ​ក្នុង​នាម​ជា​កីឡាករ​កម្ពុជា​ជួរ​មុខ​ម្នាក់​នោះ​ផង ដែល​ឱកាស​បែប​នេះ​កាលពីមុន​ឆ្នាំ​២០១៥​គឺ​មិន​មាន​នោះ​ឡើយ បើ​ទោះជា​ការ​ប្រកួត​របស់​គេ​មាន​សកម្មភាព ខ្លាំងក្លា​មិន​ខុស​គ្នា ។ មានការ​ព្យាករ​ថា ម៉ាត់ ឆ្វេង នឹង​កាន់តែ​ល្បី​នៅ​ឆ្នាំ​២០១៦ ខាង​មុខ ដោយសារ​តែ​វ័យ​របស់​គេ​ក៏​នៅ​ក្មេង ហើយ​ភាព​លេចធ្លោ​របស់​គេ​ក៏​ឈាន​ឡើង​ដូច​កាំជណ្ដើរ ។

មាស ច័ន្ទ​មាន ៖ កីឡាករ​ដែល​ប្រើ​ឈ្មោះ​ពី​មុន​ថា សា​រឹម ង៉ា រូប​នេះ បាន​ក្លាយជា​កីឡាករ​ធ្លាក់​កូដ​អស់​មួយ​សន្ធឹក​រួច​មក​ហើយ ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​គេ​ទទួល​បាន​ល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​ប្រកួត​ឈ្នះ​តំណែង​ជើងឯក​របស់​ក្រុមហ៊ុន Cement ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១​ខែសីហា កន្លង​ទៅ ។ ក្រោយ​ទទួល​បាន​តំណែង​ដែល​គូភាគី​នៅ​ក្នុង​ព្រឹត្តិការណ៍​សុទ្ធតែ​ចង់បាន​នេះ គេ​ឃើញ​កីឡាករ​មាស ច័ន្ទ​មាន មានមុខ​ឡើង​ប្រកួត​អន្តរជាតិ​មិនសូវ​លស់​ពេល បើ​ទោះជា​ក្នុង​ពេល​ខ្លះ​ក៏​ធ្វើ​ឱ្យ​អ្នក​ទស្សនា​មើលឃើញ​ពី​ចំណុច​ធ្លាក់ដៃ​វិញ​ក្ដី ។

យ៉ាងណា​ក៏​ដោយ​គេ​នៅ​តែ​មើលឃើញ​ថា ទីផ្សារ​ឡើង​ប្រដាល់​របស់​កីឡាករ​រូប​នេះ មាន​ភាព​លេចធ្លោ​ក្នុង​ឆ្នាំ​២០១៥ បើ​ធៀប​នឹង​ឱកាស​ឡើង​ប្រដាល់​ដែល​មិន​ទាន់​ក្លាយ​ខ្លួន​ជា​ម្ចាស់​ខ្សែក្រវាត់​កន្លង​មក​។ ក្នុង​ឆ្នាំ​២០១៦ ខាង​មុខ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​រៀបចំ​ឱ្យ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មួយ​នេះ ហើយ​បើ​មាស ច័ន្ទ​មាន ការពារ​បាន​គឺ​គេ​នឹង​កាន់តែ​ល្បី ប៉ុន្តែ​បើ​ការពារ​មិន​បាន​ក៏​ទំនងជា​បាត់​ឆ្នាំងបាយ​នោះ​ដែរ នៅ​ក្នុង​កាលៈទេសៈ​ដែល​ពិភព​ប្រដាល់​នា​ពេល​ចុង​ក្រោយ គឺ​មាន​វត្តមាន​កីឡាករ​កាន់តែ​លេចធ្លោ​ច្រើន​។

ឡុ​ង សុ​ភី ៖ មិន​ខុស​គ្នា​ដែរ កីឡាករ​រូប​នេះ ក៏​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៥​នេះ​ដែរ គឺ​បន្ទាប់​ពី​លោក​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ របស់​ស្ថានីយទូរទស្សន៍​បាយ័ន កាលពី​ខែមិថុនា កន្លង​ទៅ ហើយ​បាន​ផ្ទុះ​រឿង​ចម្រូងចម្រាស​ឡើង​ផ្អើល​មហាជន ជំទាស់​នឹង​លោក នាង ស៊ី​វត្ថា ជា​អ្នក​រៀបចំ​កម្មវិធី​ដែល​ចង់ឱ្យ​គេ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ក្នុង​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ ។ កេរ្តិ៍ឈ្មោះ​របស់​លោក​ឈាន​ឡើង​ត្រដែត​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​យ៉ាង​ខ្លាំង ដោយ​ក្រោយ​ពី​ឈ្នះ​ខ្សែក្រវាត់ និង​បាន​បញ្ចប់​ការ​ប្រទូស​រ៉ា​យ​ដោយ​ពាក្យ​សម្ដី​ជាមួយ​លោក​នាង ស៊ី​វត្ថា គឺ​ទីផ្សារ​របស់​គេ​នៅ​ក្នុង​ពិភព​ប្រដាល់​សឹង​មិន​មាន​ពេល​សម្រាក​។

ទាំង​ការ​ប្រកួត​អន្តរជាតិ និង​ការ​ប្រកួត​កម្រិត​ជាតិ​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​មុន​នេះ  កីឡាករ​ឡុ​ង សុ​ភី សុទ្ធតែ​បាន​ក្ដាប់​ណែន​ក្នុង​ដៃ​ទាំងអស់ ដោយ​ខាង​អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា ចាប់តាំងពី​គេ​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ និង​ហ៊ាន​ផ្ទុះ​ជម្លោះ​ជាមួយ​លោក​នាង ស៊ី​វត្ថា ហាក់​ធ្វើ​ឲ្យ​មាន​គេ​ចង់​ទស្សនាការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ច្រើន​។  ភាព​លេចធ្លោ​នៅ​ចុងឆ្នាំ​២០១៥​នេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​ឡុ​ង សុ​ភី សំបូរ​ទីផ្សារ​ឡើង​រេញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​ជីវិត​ស្នេហា​របស់​លោក​ដែល​កៀក​នឹង​ដល់​ថ្ងៃ​រៀប​ការ​នោះ​ផង​ដែរ​។

ផៃ គឹ​ម​ហឿ​ត ៖ នៅ​ក្នុង​ពិភព​ប្រដាល់​មិន​មាន​អ្នក​ស្នេហា​ប្រដាល់​ច្រើន​ណាស់ណា​នោះ​ទេ ចាប់អារម្មណ៍​នឹង​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ បើ​ទោះជា​គេ​ឡើង​ប្រដាល់​ច្រើន​រាប់​មិន​អស់​រួច​មក​ហើយ​ក្ដី ។ ប៉ុន្តែ​ក្រោយ​ពី​គេ​បាន​ក្លាយជា​ម្ចាស់​ពាន​ជើងឯក​របស់​ក្រុមហ៊ុន Tiffy កាលពី​ចុងខែ​វិច្ឆិកា ដែល​មាន​សមាសភាព​ចូល​ប្រកួត​ដល់​ទៅ​៣២​នាក់​សម្រាប់​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម កីឡាករ​រូប​នេះ ហាក់​ធ្វើ​ឲ្យ​ខ្លួនឯង​រះ​ខ្ពស់ត្រដែត ។ នេះ​ជា​ការ​ប្រដាល់​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្ដិ៍​លេខ​៥ ដែល​ជួយ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​គេ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​បើកចំហ​ក្នុង​នាម​ជា​កីឡាករ​លេចធ្លោ​ម្នាក់ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​បាន​ចាត់​ទុក​ពាន​ចំណាត់ថ្នាក់​លេខ​១ គឺជា​អ្វី​ដែល​ជួយ​ឱ្យ​ផៃ គឹ​ម​ហឿ​ត ល្បីឈ្មោះ ដោយ​លោក​យល់​ថា​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ​រូប​នេះ ត្រូវ​បាន​កត់សម្គាល់​តាំងពី​ព្រឹត្តិការណ៍​ជើងឯក​Tiffy បាន​ចាប់ផ្ដើម​ម្ល៉េះ ជា​ពិសេស​គ្រប់ពេល​កីឡាករ​ផៃ គឹ​ម​ហឿ​ត បន្ត​ឈ្នះ​នៅ​គ្រប់​ដំណាក់កាល​មុន​ឈាន​ទៅ​ទទួល​តំណែង​ម្ចាស់​ជើងឯក​ចុង​ក្រោយ ។ លោក​យល់​ថា ឆ្នាំ​២០១៥​ជួយ​ឱ្យ​អ្នក​ចូល​ចិត្ត​ប្រដាល់​កត់សម្គាល់​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ ហើយ​ប្រជាប្រិយភាព​នឹង​ហក់​ឡើង​កាន់តែ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ ។

ឆៃ សា​រ៉ា ៖ មិន​ខុស​គ្នា​ដែរ កីឡាករ​កូន​មួយ​កន្លះ ឆៃ សា​រ៉ា ក៏​ទើបតែ​មាន​អ្នក​ស្គាល់​នៅ​ក្នុង​ឆ្នាំ​២០១៥ នេះ​ផង​ដែរ តាម​រយៈ​ការ​ចូល​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​K-Cement​វគ្គ​២ របស់​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ហើយ​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​នៅ​វគ្គ​ចុងបញ្ចប់​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ​មុន​នេះ ។ លោក​ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ភាព​លេចធ្លោ​របស់​ឆៃ សា​រ៉ា នឹង​ឃើញ​កាន់តែ​ច្បាស់​នៅ​ឆ្នាំ​២០១៦ បន្ទាប់​ពី​គេ​បាន​គ្រង​តំណែង​ជើង​ខ្លាំង​នៅ​ឆ្នាំ​២០១៥ ដែល​កីឡាករ​ភាគច្រើន​ចង់បាន​។

ជាមួយ​គ្នា​នោះ លោក​ឆៃ សា​រ៉ា ក៏​បាន​ប្រកាស​ថា​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​របស់​ខ្លួន​លេចធ្លោ​បន្ទាប់​ពី​ក្ដាប់​ខ្សែក្រវាត់​ជើងឯក​ពី​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ដែល​ខ្លួន​មិន​ធ្លាប់​ទទួល​ពី​មុន​មួយ​នេះ​ផង​ដែរ ។ ក្រៅពី​កីឡាករ​ទាំង​៦​រូប ខាងលើ ក៏​មាន​កីឡាករ​លេចធ្លោ​ផ្សេង​ទៀត​ផង​ដែរ ដោយ​គ្រាន់តែ​ពួក​គេ​មិន​មាន​ខ្សែក្រវាត់ ឬ​ពាន​ជើងឯក ដើម្បី​សង្កត់​ទម្ងន់​នៅ​ក្នុង​អាជីព​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ ៕