Van Gaal ថា​គ្មាន​ហេតុផល​ត្រូវ​លាលែង ទោះ​ស្មើ Chelsea

គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់ Manchester United លោក Louis van Gaal​​ បាន​ឲ្យ​ដឹង​ថា លោក​នឹង​មិន​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​ឡើយ​ ទោះ​បី​ជា​ក្លិប​នេះ​បាន​ប្រកួត​ស្មើ​ជាមួយ​នឹង​ក្រុម​តោ​ខៀវ Chelsea ក្នុង​លទ្ធផល​ 0-0 កាល​ពី​យប់​​ម្សិលមិញ​ក្តី។

Van-Gaal

ក្រុម​បិសាច​ក្រហម​នេះ​មិន​ដែល​ឈ្នះ ៨ ​ប្រកួត​ចុងក្រោយ​នៅ​រាល់​​ក្រប​ខណ្ឌ​ទាំង​អស់ ដែល​នេះ ​គឺជា​លើក​ទី​មួយ​ហើយ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ មក និង​ធ្លាក់​មក​ចំណាត់​លេខ ៥ ចាញ់ ៥ ពិន្ទុ​ ពីក្រុម​​ចំណាត់​ថ្នាក់​លេខ ៤។

ទោះ​ជា​យ៉ាងនេះ​ក្តី កីឡាករ Juan Mata និង Anthony Martial​​ របស់ក្លិប​ បាន​ស៊ុត​​បាល់​ប៉ះ​បង្គោល​ទី​ដែល​បង្ហាញ​ពី​ការ​មាន​ប្រៀប​របស់​ខ្លួន​មក​លើ​ Chelsea ក្នុង​ការ​ប្រកួត កាល​ពី​ម្សិលមិញ​ផង​ដែរ។

លោក Van Gaal និយាយ​ថា៖ «នៅពេល​ដែល​កីឡាករ​របស់​យើង​លេងបាន​យ៉ាង​ល្អនៅ​ក្រោម​សម្ពាធ​ជា​ច្រើន​យ៉ាង​ដូច​នេះ វាពិត​ជា​គ្មាន​ហេតុផល​អ្វី​ដែល​ខ្ញុំ​ត្រូវ​លាលែង​នោះឡើយ»។

គួរ​រំលឹក​ផង​ដែលថា កាលពី​មុន​បុណ្យ​ គ្រឹស្តម៉ាស លោក Van Gaal បាន​ដើរចេញ​ពី​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​បាន​រិះគន់​បណ្តាញ​ផ្សព្វផ្សាយ​ថា បាន​វាយ​តម្លៃ​ដោយ​គ្មាន​ហេតុផល​ទៅ​លើ​ការ​កាន់​តំណែង​របស់​លោក។ ​ពេល​នោះ Man U ​បាន​ប្រកួត​ចាញ់​ក្រុម Stoke ក្នុង​លទ្ធផល ២ ទល់នឹង ០។

ទោះ​បី​ជា​យ៉ាងណា លោក Van Gaal នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ដោយ​លោក​ទទួល​ការ​គាំទ្រ​ពីកីឡាករ និងគណៈនាយក​ក្លិប។

លោក​បន្ថែម​ថា៖​ «វិបត្តិ​ដែល​យើង​កំពុង​ជួប​ប្រទះនៅពេល​នេះ គឺបរិស្ថាន​ជុំវិញ ហើយប្រព័ន្ធផ្សព្វផ្សាយ ទាំងឡាយគឺ​ជា​ផ្នែក​មួយ​នៃ​វិបត្តិនេះ។ មិនថា ក្រុមកីឡាករ​ គ្រូបង្វឹក និង​ក្រុម​បុគ្គលិក​ក្លិប​សុទ្ធ​តែ​មាន​ស្មារតី​ប្រយុទ្ធតស៊ូ ហើ​យ​ក្រុម​អគ្គនាយក​ក៏​នៅ​តែ​មាន​ទំនុកចិត្ត​លើ​រាល់បុគ្គលិក និង​គ្រូបង្វឹក»៕ TN