ព្រឹត្តិការណ៍​ធំ​ថ្មី​មួយ នឹង​ប្រមូល​ក្រុម​​ខ្លាំងៗ​​​មក​ពី​លីក​មិន​អាជីពឲ្យប្រជែង​គ្នា ដើម្បី​ការងារ​មនុស្ស​ធម៌​

​ព្រឹត្តិការណ៍​​បាល់​ទាត់​ថ្មី​មួយ​ឈ្មោះថា KMH Champions League ​នឹងផ្តល់​ឱកាស​ឲ្យ​​ក្រុម​ម្ចាស់​ជយលាភី មក​ពី​លីក​មិន​អាជីព​ចំនួន​៧ នៅ​​កម្ពុជា ​បាន​ប្រកួត​ប្រជែង​គ្នា នា​​ខែ​មករា ឆ្នាំ​២០១៦​​ខាង​មុខនេះ ដើម្បី​​ជួយ​ដល់​​កិច្ច​ការ​សង្គម និង​ការ​អ​​ភិវឌ្ឍ​​វិស័យ​កីឡា​​នៅ​​​​កម្ពុជាឲ្យកាន់​តែ​មាន​ការ​រីក​ចម្រើន។

mmm-001ការ​ប្រកួត​កីឡា​បាល់​ទាត់​ KMH Championship នេះ​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ក្រុម​ហ៊ុន ISI Group of Companies ​ហើយ​ក្រុម​​​ម្ចាស់​ជយលាភី​ចំនួន​​៣២​ក្រុម មក​ពី​​លីក​​ចំនួន​​៧ រួម​មាន KMH Cup, DOMREYSOR League, Rooy7 League, Rama League, Holy League, Emperial League និង Bunla Soccer League នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​ប្រជែង​នៅ​ក្នុង​ពាន​ថ្មី​មួយ​នេះ។
ក្រុម​ ដែល​ចូល​រួមក្នុង​ការ​ប្រកួត​នេះ ​ត្រូវ​បង់​ប្រាក់​ក្នុង​១​ក្រុម​១០០​ដុល្លារ ហើយ​ប្រាក់​ទាំង​នេះ នឹងត្រូវ​​បង្វិល​ជា​ជំនួយ​មនុស្ស​ធម៌​ដល់​អង្គការ ឬ​ស្ថាប័ន​នានា ក្រោយ​ការ​ប្រកួត​បាន​បញ្ចប់។ ចំណែក​ប្រាក់​រង្វាន់ ដែល​ទទួល​បាន​ក្នុង​ការ​ប្រកួត​នេះ ​គឺ​ក្រុម​​លេខ​មួយ​ នឹង​ទទួល​បាន​៣​ពាន់​ដុល្លារ ក្រុម​​លេខ​២​​បាន​១៥០០​ដុល្លារ និង​លេខ​៣​បាន​៧៥០​ដុល្លារ។ បន្ថែម​លើ​នេះ​ ​ក្រុម​ដែល​ឡើង​ដល់​វគ្គ​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នឹង​​​ទទួល​បាន​៣៥០​ដុល្លារ ឡើងដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ទទួល​បាន​១៥០​ដុល្លារ និង​ក្រុម​ដែល​ឡើង​ដល់​វគ្គ​១៦​ក្រុម​ទទួល​បាន​៥០​ដុល្លារ។
លោក ​កាំង សេន នាយក​ក្រុម​ហ៊ុន ISI Group of Companies បាន​​ប្រាប់​​ថា​«ខ្ញុំ​មាន​គម្រោង​រៀប​ចំ​ជា​ការ​ប្រកួ​ត​ប្រចាំ​ឆ្នាំ ដើម្បី​ប្រមូល​ផ្តុំ​​ក្រុម​ខ្លាំង​ៗ​ប្រចាំ​លីក​នា​នា​នៅ​កម្ពុជា​ឲ្យ​ធ្វើ​ការ​ប្រកួត​គ្នា ​​ដើម្បី​ដណ្តើម​ពាន​ជើង​ឯក​​ក្នុង​យុទ្ធ​នា​ការ​​នេះ​​ ដែល​នឹង​ចាប់​ផ្តើម​​ប្រកួត​ពី​ថ្ងៃ​ទី​១៨ ខែ​មក​រា ឆ្នាំ​២០១៥ នៅ​លើ​ទីលាន KMH Park»។
ក្រុម​ទាំង​៣២ ដែល​ត្រូវ​ចូល​រួម​ក្នុង​ការ​ប្រកួត KMH Champions League 2016 នឹង​ត្រូវ​ធ្វើ​ការ​ចាប់​ឆ្នោត​ បែង​ចែកជា​៨​ពូល ក្នុង​សន្និសីទ​កាសែត​មួយ នា​ថ្ងៃ​ទី​៨ ខែ​មក​រា ឆ្នាំ​២០១៦ ខណៈ​ពេល​នេះ​មាន​ក្រុម​ចំនួន​១៨​ហើយ បាន​មក​ចុះ​ឈ្មោះចូល​រួម​ប្រកួត​​រួច​រាល់។
លោក​ កាំង សេន បាន​បញ្ជាក់​​ថា៖«​​ការ​​រៀប​ចំ​​យុទ្ធ​នា​ការ​នេះ​ គឺ​ដើម្បី​​ជួយ​​លើក​ស្ទួយ និង​​អភិ​វឌ្ឍ​វិស័យ​កីឡា​បាល់​​ទាត់​នៅ​កម្ពុជា ​ហើយ​​គោល​ដៅ​​ជា​ចម្បងនោះ គឺ​​ការ​រៃ​អង្គាស​មូល​និធិ​ ដើម្បី​ជួយ​ដល់​កិច្ច​ការ​សង្គម និង​ការ​​​ងារ​សប្បុ​រស​ធម៌​នា​នា​ផងដែរ​ ព្រោះ​រាល់​ទឹក​ប្រាក់​ដែល​ទទួល​បាន​​ពី​ការ​ចុះ​ឈ្មោះ​របស់​ក្រុម​​ទាំង​៣២ ​ព្រម​ទាំង​​ការ​ឧត្ថម្ភ​​​ពី​សំណាក់​ក្រុម​ហ៊ុន​​នា​នា នឹង​ត្រូវ​​ត្រូវ​ប្រគល់​​ទៅ​ឲ្យ​មូល​និធិ KMH Foundation ដើម្បី​ការ​ងារ​សង្គម និង​សប្បុ​រុស​ធម៌​»​៕