ជ័យលាភី​ឈ្នះ​ពានរង្វាន់​ប្រធានបទ​អាស៊ាន​នឹង​ប្រកាស​នៅ​ថ្ងៃ​ពុធ​ស្អែក​

​វិទ្យាស្ថាន CAM-ASEAN និង​សារព័ត៌មាន​ថ្មីៗ នឹង​ប្រកាស​ជ័យលាភី​ឈ្នះ​ពានរង្វាន់​«​ប្រធានបទ​អាស៊ាន​»​នៅ​ថ្ងៃ​ពុធ​ទី​៣០​ខែធ្នូ​ស្អែក​នៅ​សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ដ្រ​។ CAM-ASEAN និង​សារព័ត៌មាន​ថ្មីៗ បាន​បង្កើត​ឲ្យ​មានការ​ប្រកួតប្រជែង​យក​ពានរង្វាន់ ASEAN Knowledge Line​។ ពានរង្វាន់​នេះ​នឹង​បើកឱកាស​ឲ្យ​និស្សិត​គ្រប់រូប​អាច​ចូលរួម​ប្រកួតប្រជែង​បាន​។ អ្នក​ដែល​មិនមែនជា​និស្សិត មិនមាន​សិទ្ធិ​ប្រឡងប្រជែង​យក​ពាន់រង្វាន់​នេះ​ទេ​។ ការប្រឡងប្រជែង​ត្រូវធ្វើ​ឡើងជា​ភាសា​អង់គ្លេស​។ និស្សិត​ដែល​ចូលរួម​ប្រឡង​ត្រូវបាន​គេ​តម្រូវ​ឲ្យ​សរសេរ​ពី​៧០០​ទៅ​១០០០​ពាក្យ​ជា​ទម្រង់ Essay Guidelines​។ អ្នករៀបចំ​កំណត់​យក​បេក្ខជន​ចូលរួម​តែ​១០០​នាក់​ប៉ុណ្ណោះ​។

​ដើម្បី​ឲ្យ​សំណេរ​របស់ខ្លួន​អាច​ទទួលជោគជ័យ និស្សិត​ត្រូវគោរព​តាម​គោលការណ៍​មួយចំនួន ក្នុងនោះ​មាន​៖ ការស្រាវជ្រាវ បន្ទាប់មក សរសេរ Essay និង​បន្ទាប់មកទៀត គឺ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ និង​សួរដេញដោល​។ មុននឹង​ក្លាយទៅជា​ជ័យលាភី បេក្ខជន​ត្រូវ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ពោលគឺ​មុនដំបូង ១០០​នាក់ បន្ទាប់មក​ជម្រុះ​នៅសល់តែ​២០​នាក់ មុននឹង​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅសល់តែ​៥​នាក់​។

​បេក្ខជន​ជ័យលាភី​លេខ​មួយ នឹង​ទទួលបាន​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី​រយៈពេល ៤​ថ្ងៃ និង​ប្រាក់រង្វាន់ ៥០០​ដុល្លា អាហារូបករណ៍​សិក្សា​នៅ CAM-ASEAN រយៈពេល​មួយឆ្នាំ ការប្រើប្រាស់​អ៊ិន​ធើ​ណេ​ត XG ពី​ក្រុមហ៊ុន Cellcard និង​រង្វាន់​ផ្សេងទៀត​។ អ្នកឈ្នះ​បន្តបន្ទាប់​នឹង​ទទួលបាន​ផលប្រយោជន៍​ច្រើន​ផងដែរ​។

​ប្រធានបទ​ដែល​និស្សិត​ត្រូវដាក់​ប្រឡងប្រជែង​គឺ​៖ What Asean community means to you? What will you do to engage in this dynamic community​។ តើ​សហគមន៍​អាស៊ាន​មាន​អត្ថន័យ​យ៉ាងដូចម្តេច​ចំពោះ​អ្នក​? តើ​អ្នក​នឹងធ្វើ​អ្វីខ្លះ​ដើម្បី​ចូលរួម​នៅក្នុង​សហគមន៍​ដ៏​រស់​រវើក​មួយ​នេះ​?