ថ្ងៃ១មករា២០១៦៖ ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ នឹងចាក់ផ្សាយរឿងខ្មែរ ក្នុងម៉ោងមាស

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ គ្រប់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ នឹងចាក់ផ្សាយវណ្ណកម្មខ្មែរ (រឿងភាគខ្មែរ) នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង៧ ដល់ម៉ោង៩យប់។

បើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ២៥កញ្ញា ឆ្នាំ២០១៥ បានកំណត់ឲ្យ ម្ចាស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ ចាក់ផ្សាយវណ្ណកម្មខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ របស់ខ្លួន ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។  ក៏ប៉ុន្តែដោយយោងទៅលើសំណូមពរ របស់ម្ចាស់ស្ថានីយទូរទស្សន៍មួយចំនួន ដែលបានសុំពន្យារពេល ដោយសារជួបបញ្ហាផលិតកម្មវិធី និងការផ្លាស់ប្តូរម៉ោងផ្សាយនោះ ក្រសួងព័ត៌មាន បានចេញលិខិតមួយទៀត ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ដោយបានអនុញ្ញាត ឲ្យម្ចាស់ស្ថានីយមួយចំនួនព ន្យាពេលនូវការចាក់ផ្សាយ វណ្ណកម្មខ្មែរ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥។

បើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថាថ្ងៃទី៣១ ខែធ្នូ ដ៏ខ្លីខាងមុខនេះ គឺជាថ្ងៃកំណត់ ចុងក្រោយហើយ។ ក្រសួងព័ត៌មានជឿជាក់ថា លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ដែរថា ការកំណត់ឲ្យស្ថានីយទូរទស្សន៍ ក្នុងស្រុកចាក់ផ្សាយវណ្ណកម្មខ្មែរ (រឿងភាគ ខ្មែរ) នៅក្នុងម៉ោងមាស ម៉ោង១៩:០០នាទី ដល់ម៉ោង ២១:០០នាទី ដែលប្រជាពលរដ្ឋទស្សនា ច្រើនជាងគេនេះ គឺសំដៅលើកកម្ពស់ ដល់ខ្សែភាពយន្តខ្មែររបស់យើង។ ក៏ប៉ុន្តែទន្ទឹមគ្នានេះ ម្ចាស់ផលិតកម្មខ្មែរ ក៏គួរផលិតខ្សែភាពយន្តរបស់ខ្លួន គួរជាទីទស្សនា និងទាក់ទាញរបស់ ទស្សនិកជនផងដែរ៕

ថ្ងៃ១មករា២០១៦៖ ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ នឹងចាក់ផ្សាយរឿងខ្មែរ ក្នុងម៉ោងមាស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត