កសិករ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម​ត្អូញត្អែរ​ថា​តម្លៃ​ជ្រូក​ចុះ​ថោក

ប្រជាពលរដ្ឋ​ចិញ្ចឹម​សត្វ​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ត​កំពង់ចាម ត្អូញត្អែរ​ពី​តម្លៃ​ជ្រូក​កាន់​តែ​ចុះ​ថោក​នា​ពេល​បច្ចុប្បន្ន។ ពួក​គាត់​អះអាង​ថា ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​របស់​កសិករ ចេះ​តែ​ជួប​បញ្ហា​ប្រឈម​ផ្សេងៗ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ជាពិសេស​កសិករ​អាច​ប្រឈម​ជំពាក់​បំណុល​ធនាគារ​ទៀត​ផង ពីព្រោះ​ផលិតផល​របស់​ពួក​គាត់​ចេះ​តែ​ខាត​បង់។ បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បញ្ជាក់​ថា តម្លៃ​ជ្រូក​សាច់​ចុះ​ថោក អាច​បណ្ដាល​មក​ពី​ការ​ផ្គត់ផ្គង់​សាច់​ជ្រូក​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​មាន​ចំនួន​ច្រើន។

ប្រជា​កសិករ​ចិញ្ចឹម​ជ្រូក​យក​សាច់​ជា​លក្ខណៈ​គ្រួសារ នៅ​ខេត្ត​កំពង់ចាម ខ្លះ​យល់​ថា តម្លៃ​សត្វ​ជ្រូក​ចុះ​ថោក​នៅ​ពេល​នេះ អាច​ដោយសារ​ការ​នាំ​ចូល​សត្វ​ជ្រូក​ពី​ក្រៅ​ប្រទេស​ច្រើន។ ឯ​ពលរដ្ឋ​ខ្លះ​ទៀត យល់​ថា អាច​ដោយសារ​រដូវ​នេះ​ជា​ខែ​សម្បូរ​ត្រី ទើប​បាន​ជា​តម្រូវ​ការ​សាច់​ជ្រូក​មិន​សូវ​ត្រូវប៉ាន់។ កសិករ​ទាំង​នោះ អាច​ប្រឈម​បញ្ហា​ផ្សេងៗ ខណៈ​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​នៅ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ។ បញ្ហា​ប្រឈម​ទាំង​នោះ​រួម​មាន ត្រូវ​ចំណាយ​លើ​ដើម​ទុន​ច្រើន ប៉ុន្តែ​ពេល​ចំណូល​ត្រឡប់​វិញ​បាន​តិច ម្យ៉ាង​កសិករ​ខ្លះ​ត្រូវ​ប្រឈម​ជំពាក់​បំណុល​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ចំណាក​ស្រុក ជាដើម។

កសិករ​នៅ​ឃុំ​សណ្ដែក ស្រុក​បាធាយ លោក មឿន ម៉ៅ មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​លោក​ចិញ្ចឹម​ជ្រូក​មិន​ដែល​ជួប​ប្រទះ​ឡើយ​ការ​ធ្លាក់​ថ្លៃ​ដូច​ពេល​នេះ។ លោក​ថា កាល​ពី​ឆ្នាំ​មុនៗ ពួក​គាត់​អាច​លក់​ជ្រូក​បាន​មួយ​គីឡូក្រាម​ចន្លោះ​ពី ៩.០០០​រៀល​ទៅ​ជាង ១​ម៉ឺន​រៀល ប៉ុន្តែ​ថ្មីៗ​នេះ កសិករ​អាច​លក់​ជ្រូក​បាន​តម្លៃ ៦.០០០​រៀល ឬ ៧.០០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម៖ «ពី​ដើម​មក យើង​ជួប​នេះ​មែន តែ​តម្លៃ​រឿង​គ្រាន់​បើ តែ​សព្វថ្ងៃ​នេះ គឺ​យ៉ាប់យ៉ឺន​តែ​ម្តង»

សត្វ​ជ្រូក​ដែល​កសិករ​ចិញ្ចឹម ជាទូទៅ​ពួក​គាត់​ត្រូវ​ចំណាយ​ពេល​ចិញ្ចឹម​ប្រមាណ ៤​ខែ បន្ទាប់​ពី​បំបែក​ចេញ​ពី​ទ្រុង​ជាមួយ​មេ ទើប​អាច​លក់​ចេញ​បាន ប្រសិន​បើ​កសិករ​ចិញ្ចឹម​ឲ្យ​ស៊ី​ចំណី​ដល់ ប៉ុន្តែ​បើ​ឲ្យ​ស៊ី​ចំណី​ធម្មជាតិ អាច​ចំណាយ​ពេល ៦​ខែ​ទៅ ៧​ខែ ទើប​អាច​លក់​ចេញ​បាន។

ជ្រូក​សាច់​ដែល​ទិញ​ពី​កសិករ​ចន្លោះ​ពី ៦.០០០​រៀល​ទៅ ៧.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ គឺ​អាច​លក់​នៅ​លើ​ទីផ្សារ​បាន​តម្លៃ​ចន្លោះ​ពី ១៥.០០០​រៀល​ទៅ ២០.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កសិផល​ខ្មែរ ធ្វើ​ឲ្យ​កសិករ​មួយ​ចំនួន​សម្រេច​ចិត្ត​បោះបង់​ការ​ចិញ្ចឹម​សត្វ​របស់​ខ្លួន ឬ​បោះ​បង់​មុខ​របរ​កសិកម្ម​ចោល ហើយ​មាន​ពលរដ្ឋ​ខ្លះ ត្រូវ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែងរក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ឬ​ដោះ​បំណុល​គេ​ក៏​មាន។

ស្រដៀង​គ្នា​នេះ កសិករ​មួយ​រូប​ទៀត​ដែល​ចិញ្ចឹម​ជ្រូក​នៅ​ឃុំ​អំពិល ស្រុក​កំពង់សៀម លោក អាន រិទ្ធា មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៥ បញ្ហា​ប្រឈម​ចំពោះ​អ្នក​ប្រកប​របរ​ចិញ្ចឹម​ជ្រូក​មាន​ជា​ហូរហែ ដូចជា ជ្រូក​ខ្លះ​មាន​ជំងឺ​ច្រើន ហើយ​ជ្រូក​ដែល​មាន​ជំងឺ ការ​ធំធាត់​របស់​វា គឺ​មាន​ភាព​យឺតយ៉ាវ។ មួយ​វិញ​ទៀត បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​កសិករ គឺ​តម្លៃ​ជ្រូក​ចុះ​ថោក​តែ​ម្តង ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខាតបង់ ព្រោះ​ចំណូល​ប្រចាំ​ថ្ងៃ​ត្រូវ​ថយ​ចុះ៖ «បញ្ហា​ទី​មួយ ប្រាក់​ចំណូល​របស់​យើង​ត្រូវ​ការ​បាត់បង់។ បញ្ហា​ទី​ពីរ ត្រូវ​ជួប​ប្រទះ​ការ​ខាតបង់​តែ​ម្តង។ ដើម​ទុន​ដែល​យើង​ខំ​ប្រឹង​ចំណាយ​លើ​របរ​នេះ ធ្វើ​ឲ្យ​វា​វិល​មក​វិញ​មិន​បាន​គ្រប់​ចំនួន»

សត្វ​ជ្រូក​ខេត្ត​កំពង់ចាម ៦២០
សត្វ​ជ្រូក​របស់​កសិករ លោក អាន រិទ្ធា នៅ​ភូមិ​ក្រឡា ឃុំ​អំពិល ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រូបថត​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ RFA/Saut Sokprathna

កសិករ​ចិញ្ចឹម​ជ្រូក​ទាំង​ជ្រូក​មេ​ដើម្បី​យក​កូន និង​ជ្រូក​សាច់​សរុប​ជាង ៣០​ក្បាល​រូប​នេះ និយាយ​ទាំង​មុខ​ស្រពោន​ទៀត​ថា ដើម​ទុន​សម្រាប់​ចំណាយ​លើ​របរ​ចិញ្ចឹម​ជ្រូក​អស់​ច្រើន ដូចជា​រៀបចំ​ធ្វើ​ទ្រុង​ជ្រូក​ឲ្យ​ស្អាត មាន​ទាំង​ប្រព័ន្ធ​ទឹក​ភ្លើង។ លើស​ពី​នេះ ត្រូវ​ចំណាយ​លើ​ជ្រូក​ពូជ ដែល​ជា​ប្រភេទ​ជ្រូក​មេ​ច្រើន។ មិន​តែ​ប៉ុណ្ណោះ ត្រូវ​មាន​ថ្នាំ​បង្ការ​សម្រាប់​ប្រើ​នៅ​ពេល​ជ្រូក​ឈឺ និង​ត្រូវ​ចំណាយ​លើ​ចំណី​ផ្សេងៗ ជាដើម។ លោក​បន្ត​ថា ប្រសិន​បើ​ជ្រូក​សាច់​នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ​ទៀត កសិករ​ភាគ​ច្រើន​នឹង​សម្រេច​បោះបង់​របរ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ចោល​តែ​ម្តង។ លោក​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កសិករ៖ «ទី​មួយ ជួយ​ផ្សព្វផ្សាយ យ៉ាង​ណា​អប់រំ​ដល់​កសិករ​មាន​បច្ចេកទេស​យ៉ាង​ម៉េច​ធ្វើ​ទៅ ដើម្បី​បាន​ចំណេញ ហើយ​បញ្ហា​មួយ​ទៀត ធ្វើ​យ៉ាង​ម៉េច​ទប់ស្កាត់​ការ​នាំ​ជ្រូក​មក​ពី​ក្រៅ»

ក្រៅ​ពី​កសិករ​ទាំង​នេះ គឺ​មាន​កសិករ​នៅ​ស្រុក​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​កំពង់ចាម ដូចជា ស្រុក​ជើងព្រៃ ស្រុក​ព្រៃឈរ ស្រុក​កងមាស ជាដើម គឺ​ត្អូញត្អែរ​ចំពោះ​តម្លៃ​ជ្រូក​ចុះ​ថោក​ដូចៗ​គ្នា។

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ចាម លោក គឹម សាវឿន មាន​ប្រសាសន៍​ថា បញ្ហា​ជ្រូក​ចុះ​ថោក អាច​បណ្ដាល​មក​ពី​ការ​ផ្គត់ផ្គង់​ជ្រូក​សាច់​នៅ​តាម​ក្រុមហ៊ុន គឺ​មាន​ទំហំ​ច្រើន ព្រម​ទាំង​មាន​តម្លៃ​ថោក​ផង ទើប​បណ្ដាល​ឲ្យ​ជ្រូក​របស់​កសិករ​ចិញ្ចឹម​ត្រូវ​ប្រកួត​ប្រជែង​ច្រើន។ លោក​ថា មន្ត្រី​ជំនាញ​អាច​ណែនាំ​កសិករ​ពី​បច្ចេកទេស​ចិញ្ចឹម​សត្វ​ទាំង​នោះ​បាន ប៉ុន្តែ​ខាង​មន្ទីរ​កសិកម្ម មិន​អាច​ជួយ​ដោះស្រាយ​រឿង​តម្លៃ​បាន​ឡើយ ពីព្រោះ​វា​ជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ យ៉ាង​ណា លោក​បដិសេធ​ថា ខេត្ត​កំពង់ចាម មិន​មាន​សត្វ​ជ្រូក​នាំ​ចូល​ពី​ក្រៅ​ស្រុក​ទេ៖ «អ៊ីចឹង​ទេ មាន​ការ​លំបាក​ដែរ កសិករ​យើង​បាន​ខិតខំ​ប្រឹងប្រែង»

លោក​បន្ថែម​ថា ខេត្ត​កំពង់ចាម មាន​កសិករ​ប្រមាណ ៨០​ភាគរយ ដែល​ជា​អ្នក​ប្រកប​របរ​ធ្វើ​ស្រែ និង​ចម្ការ ព្រម​ទាំង​ចិញ្ចឹម​សត្វ​ជា​លក្ខណៈ​គ្រួសារ​ផង។

ប្រធាន​មន្ទីរ​កសិកម្ម​ដដែល​បន្ត​ថា ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​លើ​ចំណី​ទីផ្សារ កសិករ​អាច​ងាក​មក​កែច្នៃ​ចំណី​ក្នុង​ស្រុក ឬ​ស្វែងរក​ចំណី​ធម្មជាតិ ដូចជា ត្រកួន ព្រលឹត កញ្ឆែត សម្រាប់​ដាក់​ឲ្យ​ជ្រូក​ស៊ី​បាន។ បន្ថែម​ពី​នេះ កសិករ​គប្បី​សម្អាត​បរិវេណ​ទ្រុង​ជ្រូក​ឲ្យ​បាន​ស្អាត ដើម្បី​បង្ការ​កុំ​ឲ្យ​ជ្រូក​មាន​ជំងឺ ព្រម​ទាំង​ទិញ​ជ្រូក​មក​ចិញ្ចឹម​ត្រូវ​ដឹង​ប្រភព​ច្បាស់លាស់ ជៀសវាង​ប៉ះ​ចំ​ពូជ​ជ្រូក​មាន​ជំងឺ។

ដោយឡែក​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ស្រី ចន្ធី ធ្លាប់​មាន​ប្រសាសន៍​ថា ដោយសារ​កម្ពុជា ចាប់​យក​របប​ទីផ្សារ​សេរី ហើយ​ម្យ៉ាង កម្ពុជា ជា​សមាជិក​អាស៊ាន​ផង ដូច​នេះ​ពិបាក​ទប់ស្កាត់​ទំនិញ​បរទេស​មិន​ឲ្យ​ចូល​មក​បាន​ណាស់។ លោក​បន្ថែម​ថា កសិករ​ខ្មែរ​ត្រូវ​ការ​ប្រកួត​ប្រជែង​លើ​បញ្ហា​ទាំង​នេះ ប៉ុន្តែ​ពួក​គាត់​ពិបាក​ប្រកួត​ប្រជែង ព្រោះ​កង្វះ​ខាត​របស់​កសិករ ទាំង​បច្ចេកទេស ដើម​ទុន និង​ការ​ទំនុក​បម្រុង​ពី​រដ្ឋ​នៅ​តែ​ជួប​បញ្ហា។ លោក​បន្ត​ថា រដ្ឋាភិបាល​គប្បី​បង្កើត​យន្តការ​ទប់ស្កាត់​ទំនិញ​បរទេស​បាន​តាម​លក្ខណៈ​បច្ចេកទេស ដូចជា ត្រួត​ពិនិត្យ​រាល់​ផលិតផល​កសិកម្ម​នាំ​ចូល​មក​ឲ្យ​បាន​ត្រឹមត្រូវ។ ប្រសិន​បើ​ផលិតផល​នាំ​ចូល​ខូច​គុណភាព ឬ​មាន​សារធាតុ​គីមី​ច្រើន រដ្ឋ​ត្រូវ​បិទ ឬ​ទប់ស្កាត់​មិន​ឲ្យ​ហូរ​ចូល​មក​កម្ពុជា ជៀសវាង​ប៉ះពាល់​ដល់​ផលិតផល​ម្ចាស់​ស្រុក។ លោក​បញ្ជាក់​ថា កសិករ​នឹង​អាច​បោះបង់​មុខ​របរ​របស់​ខ្លួន​ចោល ហើយ​រត់​ទៅ​រក​ការងារ​ផ្សេង ឬ​មុខ​របរ​ផ្សេង ប្រសិន​បើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គាត់​ត្រូវ​ខាតបង់​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។