​សមត្ថកិច្ច​​ចម្រុះ​ចុះ​បង្ក្រាប​ការ​ដាក់​សម្រាស់​ក្នុង​ទន្លេខុសច្បាប់​៧​កន្លែងក្នុងស្រុក​កំពង់លែង

ខេត្តកំពង់ឆ្នាំង ៖ សម្រាស់​ក្នុង​ទន្លេ​ដែល​ជនល្មើស​លួច​​ដាក់​ខុសច្បាប់ចំនួន​៧​កន្លែង សើ្ម​នឹង​១.០៥០​ម៉ែត្រកា​រ៉េ ត្រូវ​បាន​មន្ត្រី ខ​ណ្ឌ ផ្នែក និង​សង្កាត់រដ្ឋបាល​ជលផល សហការ​ជាមួយ​អាជ្ញាធរស្រុក ឃុំ និងសមត្ថកិច្ច ​ចុះ​​កាប់​បំផ្លាញ​ចោល នៅ​ព្រឹក​ថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុចកោះ​បាយក្រៀម ចំណុច​កោះ​កុំ ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង ។

លោក សោម ភិ​រុណ នាយ​ខ​ណ្ឌរដ្ឋបាល​ជលផលកំពង់ឆ្នាំង ដែល​​​ដឹកនាំ​កម្លាំង​ចុះ​​បង្ក្រាបបទ​ល្មើ​​ស បានឱ្យ​​ដឹង​ថា ៖ កម្លាំង​ចុះ​បង្ក្រាប​បទល្មើស​​​សរុប​ចំនួន​៣០​រូប​ ដោយ​បាន​សហការ​គ្នា​ជាមួយឃុំ ស្រុក យោធា និង​នគរបាល ដោយ​​​ប្រើប្រាស់កាណូត​បា​ឡាស្មាច់​ចំនួន​៦​គ្រឿង ។ ជាល​ទ្ឋ​ល​ផល បាន​រុះរើ រុញ​កំប្លោកឱ្យ​អណ្តែត​ចេញ និង​កាប់​បំផ្លាញ​ចោលចំនួន​៧​កន្លែង  ​ដែល​មាន​ទំហំ​សរុប១០៥០​ម៉ែត្រការ៉េ ដក​បង្គោល​កាប់បំផ្លាញ​ចោល៣៥០​ដើម និង​អូសសម្រាស់​ចេញបាន​២.១០០​មែក ។

​លោក​បាន​បន្ត​ថា ការ​ដាក់​សម្រាស់ក្នុង​ទន្លេ គឺជា​បទល្មើស​មួយ​ដែល​ច្បាប់​ស្តី​ពី​ជលផលហាមឃាត់ ព្រោះ​ការ​ដាក់​សម្រាស់​ក្នុង​ទន្លេ​​ធ្វើ​ឱ្យ​​ត្រី​កុំ ធ្វើ​ឱ្យ​រាក់​ទឹកទន្លេ និង​បំផ្លាញ​ព្រៃ​លិច​ទឹកជាដើម ព្រោះតែ​ក្រុម​ជនខិលខូច​ទាំងនោះ​បាន​កាប់​ព្រៃ​លិច​ទឹក​ធ្វើ​ជា​សម្រាស់​មក​ដាក់​ក្នុង​ទន្លេ ។ ក្នុងការ​បង្ក្រាប​បទល្មើសដាក់​សម្រាស់​នេះ លោក​នឹង​ចេញ​បង្ក្រាប​ជា​បន្តបន្ទាប់​ទៀត ​ដើម្បី​ធានា​បាន​ក្នុងទន្លេ​គ្មាន​សម្រាស់​ ហើយ​តាម​ការប្រមាណ​សម្រាស់​ធំ​ៗ ឆ្នាំ​នេះ​មិន​មាន​ប៉ុន្មាន​នោះ​ទេ មាន​តែ​សម្រាស់តូច​ៗ​ល្មម​ដែល​ជនខិលខូច​លួច​ធ្វើ​សកម្មភាព​ ព្រោះ​ងាយ​ក្នុង​ការ​លួច​ដាក់​អួន​ហ៊ុំនៅ​ពេល​យប់ ។

នាយ​ខ​ណ្ឌ​រដ្ឋបាល​​ ក៏​បាន​បញ្ជាក់​ដែ​រថា តាម​ច្បាប់​ស្តី​ពី​ជលផល ក្នុង​ជំពូក​៤ មាត្រា១០០ ចំណុច​ទី​៦ បាន​ចែង​ថា ការ​ដាក់​សម្រាស់ ឬ​មធ្យោបាយ​ផ្សេង ធ្វើ​ឱ្យ​ត្រី ឬ​វា​រី​សត្វ​កុំ ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់​ទី​២ ដែល​ត្រូវ​ដាក់​ព​ន្ឋ​នាគារ​ពី​១​ទៅ​៣​ឆ្នាំ ពិន័យ​ជា​ប្រាក់​ពី៥​លានរៀល​ទៅ​៥០​លាន​រៀល  ៕