ព្រឹត្តិការណ៍​អន្តរជាតិ​ធំ​ៗ10​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​2015

ខណៈ​ដែល​គ្រប់​គ្នា​រង់ចាំ​ការ​ឆ្លង​ចូល​ឆ្នាំ​ថ្មី គេ​បាន​សម្រាំង​ព្រឹត្តិការណ៍​អន្តរជាតិ​គួរ​ឱ្យ​កត់សម្គាល់​បំផុត​ក្នុង​ឆ្នាំ​២០១៥ ចំនួន​១០ ខាងក្រោម​នេះ ៖

១-​បញ្ហា​ទាសករ​ភេទ​ក្រុង​សេ​អ៊ូ​ល និង​ក្រុង​តូ​ក្យូ​ចុះ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ ៖ ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោក YUN BYUNG SE និង​សម​ភាគី​ជប៉ុន លោក FUMIO KISHIDA នា​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​ការ​ដោះស្រាយ​បញ្ហា​ជុំវិញ​ទាសករ​ភេទ​ប្រព្រឹត្ត​ដោយ​កងទ័ព​ជប៉ុន​កាលសម័យ​សង្គ្រាមលោក​លើក​ទី​២ ។

នោះ​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​មួយ​រវាង​ប្រទេស​ទាំង​២​ទាក់ទិន​នឹង​បញ្ហា​ប្រវត្តិសាស្ត្រ​នៃ​អាណានិគម​ជប៉ុន ។ តាម​រយៈ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​ជប៉ុន​ទទួលស្គាល់​ការ​ទទួលខុសត្រូវ​របស់​ខ្លួន ដោយ​សម្តែង​ពី​មនោសញ្ចេតនា​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អំពើ​អមនុស្សធម៌​ទាសករ​ភេទ​នេះ ។ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន ហ្សូ​អា​េ​ប បាន​សម្តែង​ការ​សោកស្តាយ និង​សុំ​ទោស​ចំពោះ​មនុស្ស​ទាំងឡាយ​ដែល​រង​ការ​ខូចខាត​ដោយសារ​ទាសករ​ភេទ ។ ការ​សុំ​ទោស​ដោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​មួយ​រូប​គឺជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ។

២-​ការ​បង្កើត​ជា​ផ្លូវការ​សហគមន៍​អាស៊ាន ៖ ១៣​ឆ្នាំ​ក្រោយ​ការ​ផ្តួចផ្តើម​គំនិត​របស់​អាស៊ាន​លើ​ការ​បង្កើត​សហគមន៍​រួម​មួយ សហគមន៍​អាស៊ាន​នឹង​ត្រូវ​ប្រកាស​បង្កើត​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ ជាមួយ​មុំ​៣ គឺ​សហគមន៍​នយោបាយ និង​សន្តិសុខ APSC សហគមន៍​សេដ្ឋកិច្ច AEC និង​សហគមន៍​សង្គម​-​វប្បធម៌ ASCC ដែល​កំណត់​ពី​ការ​ដើរទៅ​មុខ​ដ៏​សំខាន់​នៃ​សមាហរណកម្ម​តំបន់ ។

៣-​ពិភពលោក​បង្កើន​ការ​តស៊ូ​ប្រឆាំង​ភេរវកម្ម ៖ ការ​វាយប្រហារ​ភេរវកម្ម​ដោយ​គ្រឿងផ្ទុះ ការ​ចាប់​ចំណាប់ខ្មាំង និង​ការ​បាញ់ប្រហារ ពិសេស​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​ប្រឆាំង​កាសែត​បារាំង CHARLIE HEBDO  កាលពី​ថ្ងៃ​ទី​៧ មក​រា និង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​ដែរ​នា​ថ្ងៃ​ទី​១៣ វិច្ឆិកា ព្រមទាំង​ការ​វាយប្រហារ​ប្រឆាំង​យន្តហោះ​រុ​ស្ស៊ី​នៅ​អេ​ហ្ស៊ី​ប​ថ្ងៃ​ទី​៣០ តុលា ។​ល​។ ធ្វើ​ឱ្យ​ពិភពលោក​ក្តុកក្តួល ។ ការ​ពង្រីក​ការ​វាយប្រហារ និង​អំពើ​សាហាវព្រៃផ្សៃ​កាន់តែ​ខ្លាំង​របស់​អង្គការ​រដ្ឋ​អ៊ិ​ស្លា​ម ញ៉ាំង​ឱ្យ​មាន​អន្តរាគមន៍​យោធា​រុ​ស្ស៊ី​នៅ​ស៊ី​រី​ជាមួយ​ការ​ចូលរួម​របស់​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ។

៤-​វិបត្តិ​អន្តោប្រវេសន៍​នៅ​អឺរ៉ុប ៖ រលក​នៃ​ការ​លើកគ្នា​ចូល​អឺរ៉ុប​របស់​ពួក​អន្តោប្រវេសន៍​មក​ពី​មជ្ឈិម​បូព៌​៌ា និង​អាហ្វ្រិក​ខាងជើង​នាំ​ឱ្យ​មាន​វិបត្តិ​អន្តោប្រវេសន៍​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ។ បែប​នេះ​នាំ​ឱ្យ​មានការ​ប៉ះពាល់​ដល់​សន្តិសុខ និង​ការ​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​អឺរ៉ុប ក៏​ដូច​ជា​ពិភពលោក ព្រមទាំង​បង្ក​ឱ្យ​មានការ​ខ្វែង​ទំនាស់​គ្នា លើ​ការ​ឆ្លើយ​តប​ក្នុង​ផ្ទៃ​សហភាព​អឺរ៉ុប ។

៥-​អនុសញ្ញា​ប្រវត្តិសាស្ត្រ ស្តី​ពី​ការ​តស៊ូ​ប្រឆាំង​ការ​ផ្លាស់​ប្តូរ​បរិយាកាស ៖ ថ្ងៃ​ទី​១២ ធ្នូ ប្រទេស​១៩៥ ដែល​ចូលរួម​ក្នុង​សន្និសីទ COP21 បាន​អនុម័ត​នា​ក្រុងប៉ារីស​នូវ​កិច្ចព្រមព្រៀង​ពិភពលោក​ពុំ​ធ្លាប់​មាន​ពី​មុន ដើម្បី​តស៊ូ​ប្រឆាំង​ការ​កើន​កម្តៅ​ផែនដី ។ កិច្ចព្រមព្រៀង​នេះ​មាន​ទិស​ដៅ​ទប់​ការ​កើន​កំ​ដៅ​ឱ្យ​ស្ថិត​ត្រឹម​២​អង្សា​សេ ក្នុង​ឆ្នាំ​២១០០ ហើយ​ខិតខំ​កម្រិត​ត្រឹម​១,៥​អង្សា​សេ បើ​ប្រៀបធៀប​ទៅ​នឹង​សករាជ​មុន​ឧស្សាហកម្ម ។ បណ្តា​ប្រទេស​អ្នកមាន​សន្យា​ផ្តល់​ប្រាក់​យ៉ាងតិច​១០០​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ធានា​ការ​ឆ្លងកាត់​របស់​ពួក​គេ ។

៦-​តម្លៃ​ប្រេង​ឆៅ​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត ៖ តម្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​៦០% ក្នុង​ឆ្នាំ​២០១៥ ដោយ​មក​នៅ​មិន​ដល់​៣៥​ដុល្លារ​ក្នុង​១​ធុង ពុំ​ធ្លាប់​មាន​សោះ​ចាប់តាំងពី​ឆ្នាំ​២០០៤​មក ។ មូលហេតុ​មក​ពី​សេចក្តី​ត្រូវការ​ថយ​ចុះ ហើយ​ការ​ផ្គត់ផ្គង់​មាន​ច្រើន ។ ម្យ៉ាងទៀត​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ​ក្នុង OPEC បាន​សម្រេច​រក្សា​ទុក​ផលិតកម្ម​របស់​ខ្លួន​នៅ​ដដែល ចំណែក​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ហ៊ុម​ព័ទ្ធ​លើ​ការ​នាំ​ចេញ​ប្រេងកាត​ដែល​អនុវត្ត​ចាប់តាំងពី​៤០​ឆ្នាំ​មក​ហើយ ។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​របស់​បណ្តា​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​នាំ​ចូល​ប្រេង​ឆៅ ។

៧-​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន​ស្តី​ពី​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ៖ បន្ទាប់​ពី​ការ​ចរចា​ដ៏​តឹងតែង​រយៈពេល​១១​ឆ្នាំ អីុរ៉​ង់​ព្រមទាំង​ប្រទេស​មហាអំណាច​៦​សម្រេច​បាន​កាលពី​ថ្ងៃ​ទី​១៤ កក្កដា នូវ​កិច្ចព្រមព្រៀង​ក្រុង​វី​យែ​ន​ស្តី​ពី​នុយក្លេអ៊ែរ​អីុរ៉​ង់ ។ យោង​តាម​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​នេះ អីុ​រ៉​ង់​ត្រូវ​កំណត់​ការ​ចម្រាញ់​អ៊ុយ​រ៉ា​នី​ញ៉ូ​ម និង​ផលិតកម្ម​ផ្លុ​យ​តូ​នី​ញ៉ូ​ម ព្រមទាំង​បណ្តា​សារធាតុ​ដែល​អាច​ប្រើប្រាស់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ចំណែក​ប្រទេស​មហាអំណាច​៦​ត្រូវ​លុប​ចោល​បណ្តា​ទណ្ឌកម្ម​លើ​ផ្នែក​ហិរញ្ញវត្ថុ ថាមពល និង​ដឹក​ជញ្ជូន​អីុរ៉​ង់​ដែល​រារាំង​ដល់​ការ​អភិវឌ្ឍន៍​របស់​អីុ​រ៉​ង់ ។

៨-​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​នៅ​នេ​ប៉ា​ល់ ៖ ការ​រញ្ជួយ​ដី​ដ៏​ខ្លាំង​កាលពី​ខែមេសា និង​ឧសភា ឆ្នាំ​២០១៥ នៅ​នេ​ប៉ា​ល់ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​ពាន់​នាក់ ។ ការ​រញ្ជួយ​ដី​ខ្លាំង​២​មួយ​មាន​កម្រិត​៧,៨​រី​ស្ទ័​រ និង​មួយទៀត​មាន​កម្រិត​៧,៥​រី​ស្ទ័​រ កាលពី​ថ្ងៃ​ទី​២៥ មេ​សា និង​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០១៥ នៅ​នេ​ប៉ា​ល់ មាន​មនុស្ស​ស្លាប់​៨៩៦៤​នាក់ និង​របួស​២១.៩៥២​នាក់ ។ អ​.​ស​.​ប វាយតម្លៃ​ថា មនុស្ស​ប្រមាណ​ជា​៨​លាន​នាក់ រង​ការ​ប៉ះពាល់​ដោយ​ការ​រញ្ជួយ​ដី​ទាំង​២​នោះ ។

៩-​ផ្ទុះ​រឿងអាស្រូវ​ពុក​រលួយ​របស់ FIFA ៖ អ្នក​ទទួលខុសត្រូវ​ច្រើន​រូប​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA រង​ការ​ចោទប្រកាន់​ពី​រឿង​ពុក​រលួយ និង​លាង​លុយ​កខ្វក់​ដោយ​ក្នុង​ចំណោម​អ្នក​ទាំងនេះ​មាន​ប្រធាន FIFA លោក SEPP BLATTER និង​ប្រធាន​សហភាព​អឺរ៉ុប​នៃ​សមាគម​បាល់ទាត់ (UEFA) លោក MICHEL PLATINI ។ រឿងអាស្រូវ​នោះ​ធ្វើ​ឱ្យ​ខូច​មុខមាត់​របស់ FIFA ហើយ​ទាមទារ​ឱ្យ FIFA មានការ​កែទម្រង់​ដោយ​ឆាប់រហ័ស ។

១០-​រក​ឃើញ​ភព​ថ្មី​ដូច​ភព​ផែនដី ៖ អង្គការ NASA ប្រកាស​ពី​ការ​រក​ឃើញ​ភព​ថ្មី​មួយ​ស្រ​ដៀង​ភព​ផែនដី ដែល​ភព​នេះ​គេ​ឱ្យឈ្មោះ​ថា KEPLER-452B ។ ភព​នេះ​មាន​វិ​ជ្ជ​មាត្រ​៦០% ធំ​ជាង​វិ​ជ្ជ​មាត្រ​របស់​ផែនដី និង​មាន​ចំណាស់​១៤០០​ឆ្នាំ​ពន្លឺ​ចាស់​ជាង​ភព​ផែនដី​យើង​។ វា​វិល​ជុំវិញ​ផ្កាយ​មួយ​ប្រភេទ​ដូច​ព្រះអាទិត្យ​រយៈពេល​៣៨៥​ថ្ងៃ ។ គេ​គិត​ថា ភព​នេះ​អាច​រស់នៅ​បាន ព្រោះ​អាច​មាន​វត្តមាន​ទឹក ៕