អង្គការ​ព័ត៌មាន​មូស្លីម​កម្ពុជា​ថ្កោលទោស​ការភ្ជាប់​អំពើ​ភេវរកម្ម​ទៅនឹង​សាសនា​ឥស្លាម

ភ្នំពេញ៖ អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា Cambodian Muslim Media Center ហៅ​កាត់​ថា CIMM បានប្រកាស​ថ្កោលទោស​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន ដែល​តែង​សរសេរ​អត្ថបទ ភា្ជ​ប់​អំពើ​ភេ​វរ​កម្ម ទៅនឹង​សាសនា​ឥស្លាម។ អង្គការ​មួយ​នេះ ចាត់ទុក​អត្ថបទ​ចុះផ្សាយ​ទាំងនោះ​ថា បាន​ប្រើពាក្យ​ខុសឆ្គង​យ៉ាងធ្ងន់ធ្ងរ និង​អាច​ឲ្យ​មហាជន​មើល​មិនល្អ ចំពោះ​អ្នក​គោរព​ប្រតិបត្តិ​សាសនា​ឥស្លាម។

អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ដែលជា​ស្ថាប័ន​ផលិត​ព័ត៌មាន ជុំវិញ​សហគមន៍​ឥស្លាម​ដំបូង​គេ​នៅ​កម្ពុជា បាន​សង្កេតឃើញថា មាន​បណ្តាញ​ព័ត៌មាន​ជាច្រើន ទាំង​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ប្រើពាក្យ​មួយចំនួន ក្នុងន័យ​ភ្ជាប់​ក្រុម​ភេ​វរ​កម្ម ទៅនឹង​សាសនា​ឥស្លាម។ ពាក្យ​ទាំងនោះ មានដូចជា ក្រុម​ភេ​វរ​ករ​ឥស្លាម ISIS ជនជាតិ​ឥស្លាម ឫ​ចាម សំដៅ​អ្នក​កាន់សាសនា​ឥស្លាម​ជាដើម។

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៨ ធ្នូ ឆ្នាំ២០១៥ អង្គការ​មជ្ឈមណ្ឌល ព័ត៌មាន​មូស្លីម​កម្ពុជា បញ្ជាក់ថា ការប្រើ​ពាក្យ​ទាំងនោះ អាច​ឲ្យ​សាធារណៈជន​មួយចំនួន​យល់ច្រឡំ និង​អាច​វិនិឆ្ឆ័យ​មិនល្អ ដល់​សាសនិក​ឥស្លាម ឫ​អ្នក​កាន់សាសនា​ឥស្លាម។ ការភ្ជាប់​អំពើរ​ភេ​វរ​កម្ម​របស់​ក្រុម ISIS ឫ​អំពើ​ភេ​វរ​កម្មផ្សេងៗទៅនឹង​ពាក្យ​ឥស្លាម​នោះ ជា​រឿង​មួយ​ដែល​ខុសឆ្គង​បំផុត។

ក្នុង​ខ្លឹមសារ​សេចក្តីថ្លែងការណ៍​ខ្លួន អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ក៏បាន​លើក​ករណី​ជាក់ស្តែង​របស់ វេ​ប​សាយ ខ្មែរ៧៩ (Khmer79) ដែល​កន្លងទៅថ្មីៗនេះ វេ​ប​សាយ​នេះ បាន​សរសេរ​អត្ថបទ​មួយ ដោយ​ដាក់​ចំណងជើង​ថា «ជនជាតិ​ចាម ឫ​ឥស្លាម​នៅ​ជាយដែន​ម៉ាឡេស៊ី​បានធ្វើ​គត់​ព្រះសង្ឃ​ជាច្រើន​អង្គ និង​ដុត​កុ​ដ្ឋ​ជាច្រើន»។ មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ចាត់ទុក​អត្ថបទ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៧ ធ្នូ​នោះ ថា​ជា​អត្ថបទ​ខ្វះ​ការយល់ដឹង និង​មិនបាន​បែងចែក​ច្បាស់លាស់ រវាង​ជនជាតិ និង​អ្នក​កាន់សាសនា​ឥស្លាម។

អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ព័ត៌មាន​ទាំងអស់ ជួយ​កែតម្រូវ​ពាក្យពេចន៍​ឡើងវិញ ជៀសវាង​ការភ័ន្តច្រឡំ​ណាមួយ ជាយថាហេតុ។ ទន្ទឹមនឹងនោះ មុននឹង​ចេញផ្សាយ​អត្ថបទ ឫ​ព័ត៌មាន​អំពី​សាសនា​ឥស្លាម ឫ​ក៏​វប្បធម៌​នោះ គួរ​ប្រឹក្សា​ជាមួយ​សាស្ត្រាចារ្យ ឫ​អ្នកមានចំណេះដឹង​ជ្រៅជ្រះ​ផ្នែក​សាសនា​ជាមុន។

គួរ​បញ្ជាក់ថា កន្លងមក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន ក៏​ធ្លាប់​បានប្រកាស​ថ្កោលទោស​ចំពោះ​អំពើ​ភេ​វរ​កម្មផ្សេងៗ ដែល​បង្កឡើង​ដោយ​ក្រុម​ភេ​វរ​ករ​ផងដែរ ក្នុងនោះ សម្តេច​ហាម​មិន​ឲ្យ​មានការ​ភ្ជាប់​អំពើ​ក្រុម​ភេ​វរ​ករ​ទៅនឹង​សាសនា​ណាមួយ​នោះឡើយ។ តាម​ប្រសាសន៍​សម្តេច ហ៊ុន សែន គ្រប់​សាសនា​ទាំងអស់ មិនដែល​បង្រៀន​មនុស្ស​ធ្វើអំពើ​អាក្រក់​ឡើយ លើកលែងតែ​បុគ្គលិក​ជា​អ្នកប្រព្រឹត្តិ​តែប៉ុណ្ណោះ៕