សុខ សោម៉ាវត្តី៖ ប្តីខ្ញុំ តែងតាំងជា ស្នងការរង ខេត្តមណ្ឌលគិរី សប្បាយចិត្តរកអ្វី ថ្លែងមិនត្រូវ

ភ្នំពេញ៖ អ្នកនាងសុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា «ប្តីរបស់នាងខ្ញុំ ទើបតែត្រូវបានតែងតាំង ជាស្នងការរងខេត្តមណ្ឌលគិរី នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ហើយដំណឹងនេះបានធ្វើឲ្យនាងសប្បាយចិតុ្តជាពន់ពេកទៅហើយ រកអ្វីថ្លែងមិនត្រូវទាល់តែសោះ» ។ ការថ្លែងយ៉ាងដូច្នោះ បន្ទាប់ពីមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សម្ភាសន៍នាង កាលពីរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ។

លោក ទូច ដាណារ៉ា ដែលត្រូវជាកូនប្រុសបង្កើតរបស់លោក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកងអង្គរក្ស នៃក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាស្នងការរងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥។

ឆ្លើយឆ្លងសម្តីជាមួយនឹង មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សុខ សោម៉ាវត្តី បានប្រាប់ឲ្យដឹងថា «ប្តីរបស់ខ្ញុំ ទើបតែត្រូវបានតែងតាំងជា ស្នងការរងខេត្តមណ្ឌលគិរី នៅថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៥នេះ ហើយដំណឹងនេះបានធ្វើឲ្យនាងសប្បាយចិតុ្តជាពន់ពេកទៅហើយ រកអ្វីថ្លែងមិនត្រូវទាល់តែសោះ » ។ នាងបានប្រាប់បន្តថា «ការតែងតាំងនេះ ខ្ញុំសង្ឈឹមថាប្តីរបស់ខ្ញុំ អាចជួយដល់សង្គមជាតិ ដើម្បីសុខសន្តិភាព (ខ្ញុំអត់សូវចេះនិយាយច្រើនទេបង អើយ ទាក់ទងនឹងការងារគាត់) » ។

នាងបានបន្ថែមទៀតថា «កន្លងមកខ្ញុំធ្លាប់នៅបែកគ្នាដែរ ដោយប្តីខ្ញុំរវល់នឹងការងារសណ្ឋាគារ នៅក្រចេះដូចដែលបងបានដឹងស្រាប់ ហើយពេលគាត់ផ្លាស់ទៅកាន់ តំណែងនៅមណ្ឌលគិរី ក៏មិនថ្វីនោះដែរ » ។ ថ្លែងយ៉ាងដូច្នោះបន្ទាប់ពី មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សួរសំនួរថា ហើយមានអារម្មណ៍ដូចម្តេច ទៅពេលនៅបែកគ្នាយ៉ាងនេះ ?

បញ្ជាក់ផងដែរថា សុខ សោម៉ាវត្តី និង លោក ទូច ដាណារ៉ា បានរៀបអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយរហូតមកដល់ពេលនេះ អ្នកទំាងពីរទទួលបាននូវចំណងដៃ កូនស្រីមួយ មានអាយុប្រមាណ៣ឆ្នាំ ៕