សមត្ថកិច្ច​ចាត់​ទុក​ករណី​ប៉ុន​ប៉ង​សម្លាប់​លើ​គ្រួសារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ថា​ជា​រឿង​គំនុំ

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ម៉ោង​ប្រមាណ​២ ជិត​ភ្លឺ ព្រឹក​ថ្ងៃអង្គារ ទី​២៩ ខែ​ធ្នូ មាន​ករណី​ឃាតកម្ម​មួយ​កើត​ឡើង ដោយ​ជន​មិន​ស្គាល់​មុខ បាន​ចូល ទៅ​កាប់ ប៉ុនប៉ង​សម្លាប់​ជន​រងគ្រោះ​មួយ​គ្រួសារ ឲ្យ​រង​របួស​មនុស្ស​ក្មេង​ចាស់​ចំនួន ៦នាក់។

គ្រួសារ​ជនរងគ្រោះ មាន​ទីលំនៅ​ក្នុង​​ភូមិ​ចម្ការ​កៅស៊ូ ជិត​រោងចក្រ​ញូស្តារ ស្ថិត​ក្នុង​​សង្កាត់​លេខ១ ក្រុង​ព្រះសីហនុ ដោយ​មាន​សមាជិក​សរុប​ទាំងអស់​ចំនួន ៨នាក់។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ កំពុង​បើក​ការ​ស៊ើបអង្កេត ដើម្បី​វែក​រក​ជន​ដៃដល់ និង​មូលហេតុ នៃ​ឃាតកម្ម​​បណ្ដាល​ឲ្យ​រង​របួស​ចំនួន ៦នាក់។

លោក ជួន ណារិន្ទ បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ករណី​ឃាតកម្ម​នេះ អាច​ជា​រឿង​គំនុំ ហើយ​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​ស៊ើបអង្កេត និង​ឈាន​ដល់​កំណត់​មុខសញ្ញា ជន​ដៃ​ដល់​លើ​ករណី​នេះ​មក​ផ្ដន្ទាទោស។

«»

ក្រុម​គ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ជនរងគ្រោះ​ទាំង ៦នាក់ គឺ​មាន​ជន​រងគ្រោះ ៣នាក់ រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ។ អ្នក​រង​របួស​ធ្ងន់​ទាំង ៣នាក់ គឺ​ជា​ជីដូន ​ជា​ម្ដាយ និង​កុមារ​តូច​ម្នាក់។ ករណី​នេះ​ កើត​ឡើង​នៅ​ពេល​បុរស​ជា​ប្តី ត្រូវ​ជា​ឪពុក បាន​ចេញ​នេសាទ​សមុទ្រ កាលពី​យប់​ថ្ងៃទី២៨ ខែ​ធ្នូ ឆ្នាំ​២០១៥។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ បាន​អំពាវនាវ​ដល់​កម្លាំង​សមត្ថ​កិច្ច​គ្រប់​ជំនាញ នា​ខេត្ត​ព្រះសីហនុ ត្រូវ​ជួយ​វែក​រក​មុខ​ជន​ដៃ​ដល់​ក្នុង ការ​ប្រើ​អំពើ​ហិង្សា​ប៉ុនប៉ង​សម្លាប់​នេះ យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។