ទស្សនៈ​និង​ក្ដី​រំពឹង​របស់​ពលរដ្ឋ​ជុំវិញ​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ស្ទឹងត្រែង

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង រំពឹង​ថា អភិបាល​ខេត្ត​ឡើង​កាន់​តំណែង​ថ្មី នឹង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ដូចជា ជម្លោះ​ដីធ្លី និង​បញ្ហា​សេដ្ឋកិច្ច ដើម្បី​លើក​ស្ទួយ​ជីវភាព​ពួក​គាត់​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ ការ​រំពឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​តែង​តាំង​អភិបាល​រង លោក មុំ សារឿន ធ្វើ​ជា​អភិបាល​ខេត្ត​ជំនួស​អភិបាល​ខេត្ត​បច្ចុប្បន្ន​នៅ​ថ្ងៃ​ទី​២៩ ធ្នូ។

ក្រុម​អាជីវករ កសិករ សិប្បករ និង​អ្នក​រត់​ម៉ូតូ​ឌុប​រស់នៅ​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង មាន​ទស្សនៈ​ផ្សេងៗ​គ្នា​នៃ​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ថ្មី។ ពួក​គាត់​ខ្លះ​យល់​ថា ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​នេះ ហាក់​នៅ​មាន​អាថ៌កំបាំង​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​ដឹក​នាំ​របស់​អភិបាល​ ខេត្ត​ចាស់​កន្លង​មក ឬ​យ៉ាង​ណា?

ពលរដ្ឋ​ខ្លះ​ទៀត​នៅ​តែ​មាន​មន្ទិល​នៃ​មូលហេតុ​ពី​ការ​ផ្លាស់ប្ដូរ​នេះ។ តើ​អភិបាល​ខេត្ត លោក កុល សំអុល គ្រប់​អាយុ​ចូល​និវត្តន៍ ឬ​ជា​ហេតុផល​អ្វី​ផ្សេង?

ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​សុំ​មិន​បញ្ចេញ​យោបល់​ជុំវិញ​បញ្ហា​នេះ​ទេ ព្រោះ​គាត់​កំពុង​រវល់​ការងារ ហើយ​ពលរដ្ឋ​ខ្លះ​ទៀត មិន​ហ៊ាន​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ទេ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អាជីវកម្ម និង​មុខ​របរ​ពួក​គាត់៖ «កន្លង​មក​ឃើញ​ថា​ល្អ​ដែរ រីក​ចម្រើន​មាន​ស្ពាន មាន​សួនច្បារ​ស្អាត​បាត ឃើញ​ថា​គ្រាន់​បើ​ជាង​មុន។ ឃើញ​ប្រជាពលរដ្ឋ​ទូល​ពី​ទន្លេ​លក់​តាម​ផ្សារ ព្រោះ​យក​មក​លក់​ហ្នឹង​វា​មាន​ការ​គេ​ដេញ​មិន​ឲ្យ​លក់ គេ​ដេញ​ទៅ​ផ្សារ​នោះ​វា​ឆ្ងាយ»

អាជីវករ​លក់​សម្លៀកបំពាក់​ចល័ត​មុខ​ផ្សារ​ថ្ម​ខេត្ត​ស្ទឹងត្រែង លោក ព្រំ សំអឿន គាំទ្រ​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​ស្ទឹងត្រែង ព្រោះ​កាល​ពី​ចុង​ឆ្នាំ​២០១៤ ការ​ផ្លាស់ប្ដូរ​ផ្សារ​ត្រី​បន្លែ​ថ្មី បង្ក​ការ​លំបាក​ដល់​ក្រុម​អាជីវករ​ជិត ១​ពាន់​នាក់ បាត់បង់​ប្រាក់​ចំណូល នឹង​ជំរុញ​ឲ្យ​ពួក​គេ​ក្លាយ​ជា​កូន​បំណុល​របស់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា។ លើស​ពី​នេះ ក៏​ត្រូវ​ប្រឈម​ខ្វះ​ប្រាក់​បង្វិល​សង​ម្ចាស់​បំណុល។ លោក​អំពាវនាវ​ឲ្យ​អភិបាល​ខេត្ត​ថ្មី ផ្ដល់​កន្លែង​លក់​ដូរ​ដែល​ធានា​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ពលរដ្ឋ​ទាំង​នៅ ​ជនបទ និង​ទីប្រជុំជន៖ «គួរ​តែ​ធ្វើ​ម៉េច​ដើម្បី​ក្រពះ​រាស្ត្រ​សិន ប្រសិន​ជា​ប្រទេស​អភិវឌ្ឍ​ជឿន​លឿន​សម្បូរ​សប្បាយ មនុស្ស​អី​ណា​លក់​អូស​រទេះ​កណ្ដាល​ថ្ងៃ ក្តៅ​ខ្លាំង​ណាស់»

អ្នក​រត់​ម៉ូតូ​ឌុប​មុខ​ផ្សារ​ថ្ម​ខេត្ត​ស្ទឹងត្រែង លោក ចន យូន កត់​សម្គាល់​ថា ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត លោក កុល សំអុល បាន​អភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ស្ទឹងត្រែង ប្រសើរ​ដែរ ប៉ុន្តែ​លោក​ពុំ​ធ្លាប់​ឃើញ​អភិបាល​ខេត្ត​រូប​នេះ ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង ឡើយ ផ្ទុយ​ពី​អភិបាល​ខេត្ត​មុនៗ។ លោក​ស្នើ​ឲ្យ​អភិបាល​ខេត្ត​ថ្មី​ដែល​ជំនួស លោក កុល សំអុល យក​ចិត្ត​ទុក​ដាក់​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ ស្វែង​យល់​ពី​សេចក្តី​ត្រូវ​ការ​របស់​ពលរដ្ឋ និង​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពួក​គេ៖ «ខែ​១២ គាត់​ដាំ​បន្លែ​ច្រើន ទូល​ជា​កញ្ឆេរៗ។ ដោយឡែក​មក​ដល់​ផ្សារ គឺ​អត់​មាន​កន្លែង​លក់។ នៅ​ចុង​ឆ្នាំ​ហ្នឹង​ដូចជា​ស្ងាត់​អត់​ឃើញ​ពលរដ្ឋ​ទូល​ពី​ទន្លេ​មក​លក់​ដូរ​ តាម​ផ្សារ ព្រោះ​គេ​ដេញ​មិន​ឲ្យ​លក់ វា​មាន​ផ្សារ​ច្រើន​ទៅ​ផ្សារ​នោះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ចាស់ លោក កុល សំអុល បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដើម្បី​សុំ​សួរ​អំពី​ការ​ផ្លាស់ប្ដូរ​តំណែង​របស់​លោក​នេះ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​បច្ចុប្បន្ន ខេត្ត​ស្ទឹងត្រែង ប្ដូរ​អភិបាល​ខេត្ត​ស្ទឹងត្រែង ចំនួន ៦​រូប គិត​ត្រឹម លោក មុំ សារឿន ដែល​ឡើង​កាន់​តំណែង​ថ្មី។ នៅ​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០០៧ អភិបាល​ខេត្ត​ស្ទឹងត្រែង ចំនួន ៣​រូប មាន លោក លី ស៊ូ លោក ឈឹម ឈន និង​លោក ឃឹម សិលា មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។ នៅ​ឆ្នាំ​២០០៧ ដល់​បច្ចុប្បន្ន មាន លោក ឡូយ សុផាត លោក កុល សំអុល និង​លោក មុំ សារឿន ជា​អភិបាល​ខេត្ត​ថ្មី។

ជុំវិញ​ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​នេះ ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង កត់​សម្គាល់​ថា អភិបាល​ខេត្ត​ដែល​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច កាល​ពី​ឆ្នាំ​១៩៩៣ រហូត​ដល់​ឆ្នាំ​២០០៧។ ខេត្ត​នេះ សម្បូរ​ដោយ​ព្រៃ​ឈើ ឬ​ធនធាន​ធម្មជាតិ​ធំ​សម្បើម សូម្បី​ក្រុង​ស្ទឹងត្រែង ក៏​មាន​ព្រៃ​លាត​សន្ធឹង​រាប់​ម៉ឺន​ហិកតារ គ្រប់​ដណ្ដប់​ស្ទើរ​គ្មាន​ពន្លឺ​ថ្ងៃ​នៅ​តាម​ផ្លូវ​មួយ​ចំនួន។ ចាប់​ពី​ជំនាន់ លោក ឡូយ សុផាត ជា​អភិបាល​ខេត្ត​ស្ទឹងត្រែង នៅ​ឆ្នាំ​២០០៧  ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ព្រៃ​ឈើ​ត្រូវ​បាន​បាត់បង់​បន្តិច​ម្តងៗ​រហូត​ដល់​បច្ចុប្បន្ន​ប្រហែល​អស់​ ជាង​ពាក់​កណ្ដាល។ ការ​បាត់បង់​ព្រៃ​ឈើ​នេះ មន្ត្រី​សង្គម​ស៊ីវិល យល់​ថា គឺ​អាច​បណ្ដាល​មក​ពី​ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត និង​ជាប់​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បង្ហើប​ថា អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល បាន​រៀបចំ​កំណែ​ទម្រង់​ផ្លាស់ប្ដូរ​ស្ថានីយ​ប្រេង​ឥន្ធនៈ រៀបចំ​សួនច្បារ​ឡើង​វិញ ចុះ​សម្ពោធ​ទីតាំង​សមិទ្ធផល​របស់​រដ្ឋាភិបាល តាម​ដាន​កាតព្វកិច្ច​ការងារ​របស់​មន្ទីរ​គ្រប់​វិស័យ រៀបចំ​គណៈកម្មការ​ប្រកួត​ប្រជែង​បុណ្យ​ទន្លេ​នៅ​ឆ្នាំ​២០១៧ ចុះ​ដោះស្រាយ​ជម្លោះ​ដីធ្លី ចុះ​សួរ​សុខ​ទុក្ខ​ប្រជា​កសិករ​នៅ​ជនបទ ជំរុញ​ឲ្យ​អ្នក​ពាក់ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​ព្រៃ​ឈើ និង​សម្រប​សម្រួល​ស្វែងរក​ដំណោះស្រាយ​ជូន​អ្នក​ភូមិ​នៅ​ឃុំ​ស្រែគរ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។ ចំណែក​ចំណុច​អវិជ្ជមាន​នៃ​ការ​ដឹក​នាំ​របស់​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក កុល សំអុល ដូចជា សម្រេច​អភិវឌ្ឍ​ក្នុង​ខេត្ត​មិន​បាន​ឆ្លង​យោបល់​ពី​ក្រុមប្រឹក្សា​ខេត្ត ធ្វើ​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​សាធារណៈ ដូចជា កសាង​ស្តូប​រំឭក​វិញ្ញាណក្ខន្ឋ​ពលី​កម្ពុជា-វៀតណាម។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង កត់​សម្គាល់​ថា ការ​ផ្លាស់ប្ដូរ​អភិបាល​ខេត្ត​របស់​រដ្ឋាភិបាល អាច​មាន​បញ្ហា​ច្រើន​ពាក់ព័ន្ធ​បក្ខពួក​និយម និង​នយោបាយ គឺ​ជា​ឧបសគ្គ​រំខាន​ដល់​ការ​អភិវឌ្ឍ មិន​អនុលោម​តាម​តម្រូវ​ការ​ពលរដ្ឋ។ លោក​ផ្តល់​ទស្សនៈ​ថា រដ្ឋាភិបាល​គួរ​តែ​រក​អ្នក​ជំនាញ​ពិត​ប្រាកដ​ដែល​មាន​សមត្ថភាព​ដឹក​នាំ និង​មាន​ឆន្ទៈ​ធ្វើ​ការងារ​ដោយ​ការ​ទទួល​ខុស​ត្រូវ ដើម្បី​បង្កើន​ល្បឿន​សេដ្ឋកិច្ច​ថ្នាក់​ក្រោម​ជាតិ៖ «គាត់​ត្រូវ​តែ​មាន​ឆន្ទៈ​យ៉ាង​ម៉េច​បង្កើត​មុខ​របរ​សម្រាប់​ពលរដ្ឋ​ថ្នាក់​ មូលដ្ឋាន និង​ការ​ផ្តល់​ទីផ្សារ​ដើម្បី​លក់​ផលិតផល​ជូន​ប្រជាពលរដ្ឋ ដែល​ប្រឹងប្រែង​ធ្វើ​កសិកម្ម ឬ​ការ​ផលិត​ផ្សេងៗ​តាម​មូលដ្ឋាន»

ក្រុម​អាជីវករ សិប្បករ ពាណិជ្ជករ និង​សហគ្រិន ព្រម​ទាំង​ពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ចាត់​ទុក​ឆ្នាំ​២០១៥ ថា​ជា​ឆ្នាំ​បរាជ័យ​សម្រាប់​ការ​ស្វែងរក​ប្រាក់​ចំណូល​បង្កើន​សេដ្ឋកិច្ច​ គ្រួសារ បើ​ធៀប​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ ពួក​គាត់​សង្ឃឹម​ថា អភិបាល​ថ្មី​នៃ​ខេត្ត​ស្ទឹងត្រែង ដែល​កាន់​តំណែង​ឆ្នាំ​២០១៦ នេះ នឹង​យក​ចិត្ត​ទុក​ដាក់​ចុះ​មូលដ្ឋាន សិក្សា​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ទាំង​ផ្នែក​សេដ្ឋកិច្ច បញ្ហា​ដីធ្លី រក​ទីតាំង​លក់​ដូរ​ថ្មី ដែល​ធានា​ពី​ការ​បង្កើន​ប្រាក់​ចំណូល និង​បំពេញ​សេចក្តី​ត្រូវ​ការ​ដល់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។