យកកង្ហាទៅដោតរ៉ូឡូ ឆ្លងចរន្តផ្ទុះ ឆក់ស្លាប់ស្ត្រីម្នាក់

កណ្តាល ៖ ស្ត្រីម្នាក់បានឆក់ ចរន្តភ្លើងស្លាប់ភ្លាមៗ កាលពីវេលាម៉ោង២និង០៥នាទីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីជនរងគ្រោះ យកកង្ហាទៅដោតរ៉ូឡូ ហើយឆ្លងភ្លើងផ្ទុះឆក់តែម្តង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ន សារឿន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយក ឌុយកង្ហាទៅដោតលើ រ៉ូឡូព្រីភ្លើង បំរុង ដាក់កង្ហាដេកលើគ្រែក្រោមផ្ទះ ពេលនោះ ស្រាប់តែឆ្លងចរន្តអគ្គិសនីផ្ទុះ រឺឡូបែកផ្កាភ្លើង ឆក់ជនរងគ្រោះដួលផ្ងារក្រោយដេកទៅលើដី ឃើញដូច្នេះឈ្មោះ ឃឿន សារ៉េនជាកូនស្រីរបស់ជនរងគ្រោះបានស្រែកឆោរឡោ ឲ្យអ្នកជិតខាងមកជួយ ពេលមកដល់ក៏នាំគ្នាយកដីខ្សាច់មកគ្របលើជនរងគ្រោះ ដើម្បីសង្គ្រោះជីវិត ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ សាកសពនៅលើម្រាមដៃខាងឆ្វេងមានស្នាមរោលខ្លោចតិចៗ ហើយ សន្និដ្ឋាន ជនរងគ្រោះពិតជាស្លាប់ដោយឆក់ចរន្តអគ្គីសនីប្រាកដមែន ៕

យកកង្ហាទៅដោតរ៉ូឡូ ឆ្លងចរន្តផ្ទុះ ឆក់ស្លាប់ស្ត្រីម្នាក់

យកកង្ហាទៅដោតរ៉ូឡូ ឆ្លងចរន្តផ្ទុះ ឆក់ស្លាប់ស្ត្រីម្នាក់