សាលាក្ដី ខ្មែរក្រហម ផ្សព្វផ្សាយព័ត៌មាន ដោយផ្ទាល់ ជូនសាធារណជន ប្រហែល ៥០ម៉ឺននាក់

ភ្នំពេញ៖ លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាល ស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលអាចហៅបានថា សាលាក្ដីខ្មែរក្រហម បានថ្លែងអះអាងថា មានសាធារណជន ប្រមាណកន្លះលាននាក់ បានទទួលព័ត៌មាន ដោយផ្ទាល់ពីសាលាក្តីខ្មែរក្រហម តាមរយៈសកម្មភាពផ្សព្វផ្សាយដ៏សកម្ម របស់សាលាក្ដីខ្មែរក្រហម ចាប់តាំងពីសាលាក្តីខ្មែរក្រហម បានដំណើរការតាំងពីឆ្នាំ ២០០៦មក។

លោកក្រាញ់ តូនី មានប្រសាសន៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ក្នុងសាលសវនាការ របស់តុលាការខ្មែរក្រហម នៅអឡុងពេលជួបសំណេះសំណាល និងផ្សព្វផ្សាយពីសមិទ្ធផលការងាររបស់តុលាការថា “ ក្នុងចំណោមសាធារណជន ប្រមាណកន្លះលាននាក់ បានទទួលព័ត៌មានដោយផ្ទាល់ ពីសាលាក្តីខ្មែរក្រហម តាមរយៈសកម្មភាពផ្សព្វផ្សាយរបស់តុលាការ ក្នុងនោះសាធារណជន ៣១៥ ៧៥៦ នាក់ រាប់ពីប្រជាពលរដ្ឋធម្មតា រហូតដល់មន្ត្រីការទូត បានមកចូលរួមទស្សនកិច្ច សិក្សាស្វែងយល់ពីតុលាការ និងចូលរួមទស្សនាដំណើរការ ជំនុំជម្រះក្តីនិងចូលរួម ក្នុងកម្មវិធីទស្សនកិច្ចផ្សេងៗទៀត។ ចំណែកប្រជាជនជាង ៦៨ ៣៨៨ នាក់ផ្សេងទៀត បានចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយ នៅតាមមូលដ្ឋាននានា រួមបញ្ចូលទាំងការចាក់បញ្ចាំង ភាពយន្តឯកសារក្រោមកម្មវិធី រាត្រីនៃការចងចាំ” ។

លោក ក្រាញ់ តូនី បានគូសបញ្ជាក់ថា រហូតមកទល់នឹងចុងឆ្នាំ២០១៥ នេះ សមិទ្ធផលជាច្រើន ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា សម្រេចបានក្នុងនោះរួមមាន ការបិទបញ្ចប់សំណុំរឿង ០០១ ប្រឆាំងនឹងអតីតប្រធានគុកទួលស្លែង កាំង ហ្គេកអ៊ាវ ហៅឌុច ការប្រកាសសាលក្រមលើសំណុំរឿង ០០២/០១ និងការបន្តសវនា ការលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហម នួន ជា និងខៀវ សំផន។

គួរបញ្ជាក់ថា សាលាក្តីខ្មែរក្រហម បានបើកទ្វារដំណើរការដំបូង នៅដើមខែកុម្ភៈ ឆ្នាំ ២០០៦ រហូតមកទល់ឆ្នាំ២០១៥ នេះ តុលាការនេះ មានអាយុជិត ៩ ឆ្នាំហើយ។ ក្នុងរយៈពេលនេះ តុលាការចម្រុះ កម្ពុជា-អង្គការសហប្រជាជាតិនេះ បានបំពេញការងារយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរស្វែងរកការពិត និងយុត្តិធម៌ជូនប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាជូនដល់មនុស្សជាតិ ទាំងមូល ជាពិសេសជនរងគ្រោះដោយរបបខ្មែរក្រហម៕