​នគរបាលចាប់​​ឃាត់​ខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់​ព័ន្ធ​ថ្នាំ​ញៀននៅ​ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ​៣​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំងសហការ​ជាមួយ​​នគរបាល​ការិយាល័យ​គ្រឿងញៀន​​ខេត្ត ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់
កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​២៩ ​ធ្នូ ​នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ​ខណៈ​ដែល​ជនសង្ស័យ​ទាំង​៣​នាក់​នេះ កំពុង​ធ្វើ​សកម្មភាព​​ប្រើប្រាស់ និងចែកចាយ​គ្រឿងញៀន ។

​មន្ត្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ​មាន​ ១.​ឈ្មោះ ​កុយ ចិន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ២.ឈ្មោះ​ ខុន មុន្នី​ឧត្តម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង៣. ឈ្មោះ ​ប៊ូ សំអាត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (ជា​ម្ចាស់ផ្ទះ) ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​ក្នុងភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង ​ក្រុង​កំពង់ឆ្នាំង​ ​​។ ចំណែក​​វត្ថុ​តាង​ដែល​​ដកហូត​ មាន​ ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​​​៤​កញ្ចប់ ដាវ​សា​មូរ៉ៃ​​៣​​ ម៉ូតូ​២​គ្រឿង និង​ឧបករណ៍​ឆក់​១ ​រួម​នឹង​ឧ​បករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ ។

មន្ត្រី​សមត្ថកិច្ច​ បាន​បន្ត​​ថា ជនសង្ស័យ​នេះ គឺជា​មុខសញ្ញា​ចាស់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋនៅ​ក្នុង​មូល​​លួច​រាយការណ៍​មក​សមត្ថកិច្ច ទើបកម្លាំង​សមត្ថកិច្ចក្រុង​និង​ខេត្ត​បាន​សហការ​គ្នា​​តាមដាន​ពី​សកម្មភាព​របស់​ជនសង្ស័យ​ទាំង​នេះ​ ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ធ្នូ​ នេះ សមត្ថកិច្ច​ទទួល​ព័ត៌​មាន​ថា ជនសង្ស័យ​បាន​ណាត់ជួប​គ្នា​ធ្វើ​សកម្ម​ភាព​​ចែកចាយ និងប្រើប្រាស់​នៅផ្ទះ ប៊ូ​ សំអាត ហើយ​ក៏​បាន​ដាក់​​​កម្លាំងដើម្បី​ព័ទ្ធ​ចាប់​តែ​ម្តង ។

ជនសង្ស័យ​ទាំង​៣​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ចកសាង​សំណុំរឿង​បញ្ជូន​ទៅ​​​សាលា​ដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕ ​