បញ្ជូន​ជនសង្ស័យ​ ៣​នាក់ រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បូរាណ​ ទៅ​តុលាការ​

កំពង់ធំ: នៅ​រសៀល​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្តកំពង់ធំ ដឹកនាំដោយលោក​ឧ​ត្ត​ម​សេនីយ៍ ជូ សំអាន បាន​បញ្ជូន​ជនសង្ស័យ​ ៣​នាក់ ទៅកាន់​តុលាការ ក្រោយ​ការបង្ក្រាប និង​ចាប់ខ្លួន ពាក់ព័ន្ធ​សកម្មភាព​រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បុរាណ​។​

​ហេតុការណ៍ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់ បានធ្វើ​ឡើង នៅ​ម៉ោងជាង ១១ព្រឹក ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​រការ​ជួរ ព្រំប្រទល់ ឃុំ​គោល និង​ឃុំ​ក្លែង ស្រុក​ប្រាសាទ​សំបូរ និង​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ហើយ​សមត្ថកិច្ច បាន​ឃាត់មនុស្ស ៣​នាក់ និង​វត្ថុតាង​មាន​រូប​បដិមាករ ចំនួន ៧​អង្គ យកមក​រក្សាទុក​។​

​ចំណែក​មនុស្ស​ទាំង ៣​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​។​

​លោក អ៊ិត សុធា ​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ បាន​មានប្រសាសន៍ថា មុខសញ្ញា​ជនសង្ស័យ​នេះ គឺ​ត្រូវបាន​តាមដាន​មក​យូរហើយ គឺជា​មុខសញ្ញា​សំខាន់ដែល​តែងតែ​ធ្វើ​សកម្មភាព​លក់​ក្បាល​អ្នកតា ទើបតែ​ពេលនេះ​ទើប​សមត្ថកិច្ចអាច​ឃាត់ខ្លួន​បាន​។​

 លោក​បាន​បន្តថា សម្រាប់​វត្ថុតាង​ដែលមាន​រូប​បដិមាករ​ទាំង ៧​អង្គ​នេះ បើតាម​ជំនាញសណ្ឋាន​ថា គឺជា​របស់​សុទ្ធ​។ ជនសង្ស័យ ទី​១ ឈ្មោះ ហៀ​ត ទី​២ ឈ្មោះ ញៀនញ៉ិល និង​អ្នក​ទី​៣ ពុំ​ស្គាល់​អត្តសញ្ញាណ​។​

​លោក អ៊ិត សុធា ព្រះរាជអាជ្ញា បាន​អរគុណ​ចំពោះ​សមត្ថកិច្ច ដែល​បាន​សហការ ក្នុងកិច្ចប្រតិបត្តិការ​ចាប់​ជនខិលខូច​បានសម្រេច ដែលជា​មុខសញ្ញា​មក​យូរហើយទើបតែ​ពេលនេះ ទើប​ចាប់​ឃាត់ខ្លួន​បានសម្រេច​។​

​ប្រភពព័ត៌មាន​ចុងក្រោយ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៣​នាក់ កំពុងតែ​រត់​ការដោះចេញ​ពី​សំណាញ់​ច្បាប់ ដោយ​សំអាង​ទៅលើ​សាច់ញ្ញាតិ​របស់​អ្នកធំ នៅ​ពី​ក្រោយខ្នង​៕​

បញ្ជូន​ជនសង្ស័យ​ ៣​នាក់ រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បូរាណ​ ទៅ​តុលាការ​

បញ្ជូន​ជនសង្ស័យ​ ៣​នាក់ រកស៊ី​លក់​ក្បាល​អ្នកតា និង​វត្ថុ​បូរាណ​ ទៅ​តុលាការ​