នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

កំពង់ចាម: កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នៅ​រសៀល ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ២០១៥  បាន​ប្រើ​វិធានការ​ញុះញង់ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន មួយ​ករណីនៅ​ចំណុច​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៤​នាក់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១.​ឈ្មោះ ស៊ីម ឌី ភេទ​ប្រុស អាយុ ៣០​ឆ្នាំទីលំនៅ​ភូមិ​តា​ណេង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។ ទី​២.​ឈ្មោះ ផាន់ យឿនភេទ​ប្រុស អាយុ ២២​ឆ្នាំ ទីលំនៅ​ភូមិ​ទី​៣ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម​។ ទី​៣.ឈ្មោះ យង់ មករា ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​ដើម​ចាន់​សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម​។​

​ក្រោយពី​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត វត្ថុតាង ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាមពណ៌​ស ចំនួន ៤​កញ្ចប់​តូច​, ដាវ ២​ដើម​, ទូរស័ព្ទដៃ ៣​គ្រឿង ,​ឧបករណ៍​សេពគ្រឿងញៀន​មួយ​សម្រាប់ និង​ឧបករណ៍​វេច​ខ្ចប់​មួយចំនួនទៀត​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា តាម​ការ​ច្អុ​ល​បង្ហាញ និង​ចម្លើយសារភាព​របស់​ឈ្មោះ ស៊ីមឌី នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួនជនសង្ស័យ​បាន​ម្នាក់ទៀត ឈ្មោះ ជួន ឈឿន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំស្នាក់នៅ​ផ្ទះជួល​ភូមិ​ទី​១០ សង្កាត់​កំពង់ចាម ក្រុង​-​ខេត្តកំពង់ចាម​។ វត្ថុតាង​រឹបអូសបានរួម​មាន ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន ៥​កញ្ចប់​តូច​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅសាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ R