រដ្ឋមន្ត្រី​ក្រសួង​អប់រំ​សម្ពោធ​សៀវភៅ​មួយ​ក្បាល​ដែល​លោក​សរសេរ​ស្ដីពី​សេដ្ឋកិច្ច​កម្ពុជា

លោក​បណ្ឌិត ហង់ ជួនណារ៉ុន អនុប្រធាន​ប្រចាំ​ការ​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា សម្ពោធ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «សេដ្ឋកិច្ច​កម្ពុជា៖ មាគ៌ា​ឆ្ពោះ​ទៅ​អនាគត​ដ៏​ភ្លឺស្វាង វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទស្សនវិស័យ​ទៅ​អនាគត»

លោក​អះអាង​ថា សៀវភៅ​នេះ​ជា​សមិទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​លោក​អស់​ពេល ១០​ឆ្នាំ គ្រប​ដណ្ដប់​លើ​គ្រប់​វិស័យ​ទាំងអស់​នៃ​សេដ្ឋកិច្ច​កម្ពុជា។

ក្នុង​ពិធី​ផ្សព្វផ្សាយ​សៀវភៅ​នា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ លោក​បណ្ឌិត ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា សៀវភៅ​នេះ​និពន្ធ​ឡើង​ក្នុង​បំណង​ចង់​ឲ្យ​យុវជន​សិក្សា​ស្វែង​យល់​ពី​ដំណាក់​កាល​នីមួយៗ នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​ពីរ​ទសវត្ស​កន្លង​ទៅ។

ក្រៅ​ពី​នេះ លោក​ក៏​ជំរុញ​ឲ្យ​យុវជន និង​ពលរដ្ឋ​កម្ពុជា សិក្សា​ស្វែង​យល់​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា ក្នុង​បរិបទ​សមាហរណកម្ម​អាស៊ាន៖ «ខ្ញុំ​ចង់​ផ្សព្វផ្សាយ​ឲ្យ​និស្សិត​យើង ឲ្យ​ប្រជាជន​យើង​ដឹង​ឲ្យ​បាន​ទូលំទូលាយ ពាក់ព័ន្ធ​នឹង​បញ្ហា​អាស៊ាន ព្រោះ​ផ្នែក​មួយ​ចុង​ក្រោយ​នៃ​សៀវភៅ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​អន្តរជាតិ និង​បញ្ហា​អាស៊ាន។ អ៊ីចឹង​នៅ​ពេល​ដែល​ចូល​ជា​សហគមន៍​អាស៊ាន ខ្ញុំ​ក៏​ចង់​ថា ធ្វើ​ម៉េច​ឲ្យ​យុវជន​យើង ប្រជាជន​យើង​ដឹង​ពី​រឿង​អាស៊ាន​ច្រើន។ អ៊ីចឹង​ហើយ​បាន​ជា​យើង​ជ្រើស​រើស​ពេលវេលា​សម្រាប់​ផ្សព្វផ្សាយ​នេះ គឺ​នៅ​ពេល​នេះ គឺ​ដើម្បី​អាច​ឲ្យ​យើង​ចែក​រំលែក។ ខ្ញុំ​ចង់​ចែក​រំលែក​នូវ​ចំណេះ​ដឹង​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​អាស៊ាន​ហ្នឹង​ជូន​ដល់​យុវជន​យើង»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។