ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ព្រះវិហារ​លើក​គ្នា​ទៅ​ដេក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត

ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ ជា​ច្រើន​គ្រួសារ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កើត​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន ហ្វេង (Lan Feng) ដែល​ចូល​ទៅ​ឈូស​ឆាយ​ដី​ដាំ​អំពៅ​ទី​នោះ បាន​អូស​បន្លាយ​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទាំង​នោះ បាន​ប្រឹងប្រែង​លើក​គ្នា​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ព្រម​ទាំង​ធ្លាប់​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជួយ​ដោះស្រាយ​ជា​ច្រើន​លើក ក៏​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​អ្វី​ទេ។ រយៈពេល ២​ថ្ងៃ​ជាប់​គ្នា​មក​នេះ សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ បាន​លើក​គ្នា​ទៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ តវ៉ា​ជា​ថ្មី​ទៀត។

ជនជាតិ​ដើម​ភាគ​តិច​កួយ ប្រមាណ​ជាង ៥០​នាក់ មកពី​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ កំពុង​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ពន្លឿន​គោលនយោបាយ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​ឱ្យ​ពួកគេ​បាន​ឆាប់​រហ័ស ព្រមទាំង​មាន​វិធានការ​រក្សា​ការពារ​ដី ដោយ​ហាមឃាត់​ក្រុមហ៊ុន​ចិន កុំ​ឱ្យ​ចេះ​តែ​បន្ត​ការ​ឈូស​ឆាយ​ដី​ទៅ​ទៀត។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ បាន​លើក​គ្នា​ទៅ​ដេក​តវ៉ា នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ តាំង​តែ​ពី​ថ្ងៃ​ទី​២៨ ហើយ​នៅតែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ។

តំណាង​សហគមន៍​ជនជាតិភាគតិច​កួយ​ម្នាក់ ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​ទៀត គឺ​អ្នកស្រី រឿង ខាន់។ អ្នកស្រី​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​២៩ ខែ​ធ្នូ ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ ជនជាតិ​ភាគ​តិច​បាន​បាត់បង់​ដីធ្លី​ដោយសារតែ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន ហ្វេង ចូល​ទៅ​ឈូស​ឆាយ​ដី​ដាំ​អំពៅ។ ស្ត្រី​ដដែល​បញ្ជាក់​ថា ដោយសារ​ការ​ភ័យ​ខ្លាច​បាត់បង់​ដីធ្លី​ត​ទៅ​ទៀត គឺ​កាល​ពី​ជាង ៥​ខែ​មុន សហគមន៍​ជនជាតិ​ភាគ​តិច​កួយ បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលា​ខេត្ត​ព្រះវិហារ ឱ្យ​ជួយ​ចុះ​បញ្ជី​ដីធ្លី​ទី​នោះ​ជា​សមូហភាព ព្រម​ទាំង​ឱ្យ​អាជ្ញាធរ​ជួយ​មាន​វិធានការ​រក្សា​ការពារ​ដី​ជា​ច្រើន​ហិកតារ​កុំ​ឱ្យ​ក្រុមហ៊ុន​ចិន ឈូស​រំលោភ​យក​ទៀត​ផង ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​ដូច​ជា​មិន​ឆ្លើយតប​ទាន់​ពេល​ចំពោះ​អ្វី​ដែល​អ្នក​ភូមិ​ទាមទារ​នោះ​ទេ។

អ្នកស្រី រឿង ខាន់ មាន​ប្រសាសន៍​ទៀត​ថា អ្នក​ភូមិ​ដែល​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះវិហារ ពេល​នេះ នឹង​មិន​ចាកចេញ​ដោយ​ងាយៗ​ទេ ប្រសិនបើ​អាជ្ញាធរ​មិន​មាន​ដំណោះស្រាយ​ត្រឹមត្រូវ៖ «ក្រុម​ការងារ​នោះ​ឯង​ចង្អុល​ឱ្យ​ចិន ឈូស​ដី​ដាំ​អំពៅ ទុក​ដី​ឱ្យ​មិន​ដល់ ១​ហិកតារ​ផង ១​គ្រួសារ។ ពួក​ខ្ញុំ​អត់​ថយ​ចេញ​ទេ លុះ​ត្រា​អភិបាល​ខេត្ត​មាន​កិច្ចសន្យា​ឱ្យ​ច្បាស់លាស់»

កាល​ពី​ឆ្នាំ​២០១១ រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ ៩.០១៥​ហិកតារ​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន វិនិយោគ​ដាំ​អំពៅ នៅ​ស្រុក​ត្បែងមានជ័យ។ ចាប់​តាំង​ពី​ពេល​នោះ​មក ក្រុមហ៊ុន​ចិន បាន​ឈូស​ឆាយ​ដី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចំការ​របស់​ក្រុម​ជនជាតិភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ជា​បន្ត​បន្ទាប់។

អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស៊ូ សេរី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិន​ដែល​ព្រងើយកន្តើយ​ក្នុង​ការ​ដោះស្រាយ​រឿង​ដីធ្លី​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ទាំង​នោះ​ទេ។ លោក​ចាត់​ទុក​ក្រុម​អ្នក​ដែល​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ពេល​នេះ ថា​គឺ​ជា​អ្នក​ដែល​មិន​មាន​ដី​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចិន ឡើយ ប៉ុន្តែ​ការ​លើក​គ្នា​ទៅ​តវ៉ា គឺ​ដោយសារ​តែ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ខ្នង។

លោក ស៊ូ សេរី បញ្ជាក់​ថា ចំពោះ​បញ្ហា​ដែល​សហគមន៍​ជនជាតិ​ភាគ​តិច​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​នោះ ប្រហែល​មិន​អាច​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​ចង់​បាន​ឡើយ ពីព្រោះ​ពួកគេ​គូរ​ផែនទី​ពង្រីក​យក​វិសាលភាព​ផ្ទៃដី​ធំ​ហួសហេតុ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា ទំហំ​ផ្ទៃដី​ប៉ុន្មាន​ហិកតារ​ឡើយ៖ «មាន​អង្គការ​១​ទៅ​ជួយ​គូស​ផែនទី​ហ្នឹង​គ្រាន់តែ​សហគមន៍​ប្រមេរ ១ គូរ​យក​ដី​ចង់​អស់​ម៉ា​ស្រុក​ត្បែងមានជ័យ ហើយ​ហ្នឹង»

ទោះ​យ៉ាង​ណា មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ សំដែង​ការ​ព្រួយ​បារម្ភ​ថា ជោគវាសនា​របស់​ក្រុម​ជនជាតិភាគតិច​កួយ នៅ​ភូមិ​ប្រមេរ អាច​នឹង​បាត់បង់​ដីធ្លី​ថែម​ទៀត​នៅ​ពេល​អនាគត ពីព្រោះ​លោក​មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ ហាក់​កំពុង​ព្រងើយកន្តើយ​ទៅ​លើ​បញ្ហា​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព ព្រម​ទាំង​បញ្ហា​ដោះស្រាយ​ជម្លោះ​ជា​ច្រើន​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។