លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​បញ្ហា​ប្រឈម​នានា ដែល​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ត្រូវ​ជំរុញ​អនុវត្ត​បន្ត

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទន្ទឹម​នឹង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ​តែ​ម្តង ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ខណ្ឌ​មួយ​ដែល​មាន​ភាព​លូតលាស់​រីក​ចម្រើន ដែល​ធ្វើ​ឲ្យ​ខណ្ឌ​នេះ​កាន់តែ​មាន​សក្តានុពល និង​ការ​ទាក់ទាញ​អ្នក​វិនិយោគ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​រស់នៅ​តំបន់​នេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជា​ពិសេស​ផ្នែក​សំណង់​ផ្សេង​ៗ និង​បូ​រី​នានា​បាន​រីក​ដូច​ផ្សិត​គួរ​ឲ្យ​កត់សំគាល់ កត្តា​ទាំងនេះ​ដោយសារ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ មន្ត្រី​ក្រោម​ឱវាទ​គ្រប់​លំដាប់ថ្នាក់ ការ​ជំរុញ​ណែនាំ​ពីសា​លា​រាជធានី​ភ្នំពេញ និង​ការ​អនុវត្តន៍​តាម​គោលនយោបាយ​ដ៏​មាន​ប្រសិទ្ធភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។

ជាក់ស្តែង បើ​យោង​តាម​របាយការណ៍​របស់​សាលា​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​មកនេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ បង្ក្រាប​បទល្មើស​បាន​ចំនួន​២៨៤​លើក ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៧៣០​នាក់ ក្នុង​នោះ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៧០​លើក ឃាត់ខ្លួន​បាន​១៧៩​នាក់ បង្ក្រាប​ក្មេង​ទំនើង​៨១​លើក បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចំនួន​២៥​លើក ឃាត់ខ្លួន​៩៤​នាក់ បង្ក្រាប​គ្រឿងញៀន​ចំនួន​១០៨​លើក ឃាត់ខ្លួន​៤៥៦​នាក់ និង​ចុះ​បង្ក្រាប​ហ្គេ​ម​គ្រប់​ប្រភេទ​ចំនួន​២៩​ទីតាំង រឹបអូស​ទូ​ហ្គេ​ម​បាញ់​ត្រី​បាន​ចំនួន​៤៧​ទូ និង​ទូ​ហ្គេ​ម​បៀរ​បាន​ចំនួន​៤៥​ទូ​ផង​ដែរ ។

របាយការណ៍​របស់​សាលា​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការងារ​អភិវឌ្ឍន៍​ខណ្ឌ​សែន​សុខ បាន​ស្ថាបនា និង​ជួសជុល​ផ្លូវ​បេតុង​ឆ្អឹង​ដែក​បាន​ចំនួន​២៣​ខ្សែ សរុប​ប្រវែង​២៦០៦៨​ម៉ែត្រ ស្តារ​និង​ជួសជុល​ប្រព័ន្ធ​លូ​បាន​ចំនួន​១៥​ខ្សែ សរុប​ប្រវែង​៣៨៥៩៥​ម៉ែត្រ ស្តារ​ប្រឡាយ​ប្រវែង​៦៥២៦​ម៉ែត្រ ។ ក្នុង​នោះ​ការងារ​ស្ថាបនា​ផ្លូវ លូ ជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ស្ថាបនា​ផ្លូវ​៩​ខ្សែ សរុប​ប្រវែង​២១៩៣៨​ម៉ែត្រ ដាក់​លូ​មាន​៨​ខ្សែ សរុប​ប្រវែង​២៩១០៤​ម៉ែត្រ ។ ការងារ​ស្ថាបនា​ផ្លូវ លូ ជា​ថវិកា​របស់​សាលា​ខណ្ឌ​សែន​សុខ ស្ថាបនា​ផ្លូវ​៥​ខ្សែ សរុប​ប្រវែង​៣៨៤២​ម៉ែត្រ ដាក់​លូ​មាន​៥​ខ្សែ សរុប​ប្រវែង​៦០៩៨​ម៉ែត្រ ។ ការងារ​ស្ថាបនា​ផ្លូវ លូ ជា​ថវិកា​របស់​មូលនិធិ​សង្កាត់ ស្ថាបនា​ផ្លូវ​៤​ខ្សែ សរុប​ប្រវែង​១៦២៣​ម៉ែត្រ ដាក់​លូ​មាន​១​ខ្សែ សរុប​ប្រវែង​៣៨០​ម៉ែត្រ និង​ស្ថាបនា​ផ្លូវ លូ ដោយ​ប្រើ​ថវិកា​របស់​សប្បុរសជន ផ្លូវ​មាន​៥​ខ្សែ សរុប​ប្រវែង​១៣១៤​ម៉ែត្រ ដាក់​លូ​៣​ខ្សែ​សរុប​ប្រវែង​៣០១៣​ម៉ែត្រ ស្តារ​ប្រឡាយ​ប្រវែង​៦៥២៦​ម៉ែត្រ ។ ហើយ​អ្វី​ដែល​ជា​ការ​កត់សំគាល់​នោះ​គឺ ផ្លូវ​២០០៤ ត្រូវ​បាន​សម្តេច​តេ​ជោ តម្រូវ​ឲ្យ​លុប​ចោលការ​វិនិយោគ ជូន​ជា​កាដូ​ដល់​ប្រជាពលរដ្ឋ ការ​ស្ថាបនា​ផ្លូវ​ភ្នំពេញ​-​ហាណូយ ផ្លូវ​សម្តេច ជា ស៊ី​ម ផ្លូវ​ម៉ុង ឫ​ទ្ធី ផ្លូវ​លេខ​២០១១ និង​ផ្លូវ​លេខ​១០០៣​ជាដើម ។

របាយការណ៍​បាន​បន្ត​ទៀត​ថា ចំណែក​ការងារ​សេវា​សាធារណៈ គឺ​មាន​ភាព​លេចធ្លោ ដោយសារ​ក្នុង​រយៈពេល​១២​ខែ ឆ្នាំ​២០១៥​នេះ គឺ​បាន​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ចំនួន​២៣០៣០​សេវា រក​ចំណូល​បាន​១,៦០៣,៧៥២,៣០០​រៀល ក្នុង​នោះ​មាន​ផ្នែក​សាធារណការ និង​ដឹក​ជញ្ជូន មាន​២០៣៨ ពាណិជ្ជកម្ម​មាន​២ សំណង់​មាន​៣០៦ ទេសចរណ៍​១៥៦ ឧស្សាហកម្ម និង​សិប្បកម្ម​មាន​១ វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​៥១ នីត្យានុកូលកម្ម​មាន​១៣៥៩៧ សុខាភិបាល​មាន​៧១ អប់រំ​យុវជន និង​កីឡា​មាន​២១ សុរិយោដី​មាន​៥៣៩៨ អត្រានុកូលដ្ឋាន​មាន​១៣៨៩ ការងារ​ផ្សព្វផ្សាយ និង​ជំរុញ​អាជីវកម្ម​បន្ទប់​ជួល​ក្នុង​មូលដ្ឋាន​មាន​១២​លើក​ស្មើនឹង​១៤៤​ទីតាំង​មាន​២៩៤៥​បន្ទប់ ។

មតិ មហាជន​បាន​និយាយ​ថា ខណ្ឌ​សែន​សុខ​នា​ពេល​បច្ចុប្បន្ន​នេះ​ពិតជា​មានការ​រីក​ចម្រើន​ខ្លាំង ដោយ​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ ដែល​ពី​មុន​ជា​តំបន់​ជាយក្រុង​ដាច់​ស្រយាល ប៉ុន្តែ​ពេល​នេះ​តំបន់​សែន​សុខ​បាន​ក្លាយទៅជា​ទីក្រុង​ដ៏​ទំនើប ហើយ​ក៏​កំពុង​មាន​ភាព​ទាក់ទាញ​អ្នក​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទៀត​ផង ហើយ​អ្វី​ដែល​ជា​ការ​កត់សំគាល់​ទៀត​នោះ នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ គម្រោង​ទី​២​របស់​ផ្សា​អ៊ី​អន​នឹង​មាននៅ​លើ​ទឹកដី​ខណ្ឌ​សែន​សុខ​នេះ​តែ​ម្តង ។ ទន្ទឹម​នឹង​ការងារ​អភិវឌ្ឍ​បែប​នេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា បញ្ហា​ដី​អតីត​សាកលវិទ្យាល័យ​ភ្នំពេញ បញ្ហា​ដី​កម្មសិទ្ធិ​២៥​គ្រួសារ និង​ការ​ដោះស្រាយ​ដី​ជូន​សហគមន៍​នៅ​ភូមិ​៥ សង្កាត់​ឃ្មួ​ញ បញ្ហា​សំរាម និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​គ្រប់គ្រង​ប្រជាពលរដ្ឋ ជា​ពិសេស​បញ្ហា​គ្រឿងញៀន​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ដែល​ជា​បញ្ហា​អា​សោចិ៍​ដ៏​រ៉ាំរ៉ៃ ដែល​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ត្រូវ​តែ​ជំរុញ​ផែនការ​រៀបចំ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។

ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ខណ្ឌ​សែន​សុខ​បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​បទល្មើស​នានា ពេល​ឃាត់ខ្លួន​ភាគច្រើន​ជា​អ្នក​ញៀន​ថ្នាំ​តែ​ម្តង ៕