ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​នៅ​ស្រុក​កៀនស្វាយ

ខេត្តកណ្ដាល ៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​ដោយសារ​ទុ​ស្សេ​ចរន្តអគ្គិសនី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ធ្នូ ២០១៥ នៅ​ក្នុងភូមិ​តា​រាប​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ អ៊ុ​ច ផៃ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ គង់ គឹ​ម​ហេង អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មានកូន​៨​នាក់ ប្រុស​៣​នាក់ ស្រី​៥​នាក់ ។

បើ​តាម​សម្តី​ស្ត្រី​ឈ្មោះ គង់ គឹ​ម​ហេង ជា​ម្ចាស់ផ្ទះ​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ផ្ទះ​ឈើ​របស់​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​៩​ម៉ែត្រ កម្ពស់​៣​ម៉ែត្រ ជញ្ជាំង​ក្តារ ប្រក់​ក្បឿង ។ មុន​ពេល​កើត​ហេ​ត​រូប​គាត់ និង​កូនស្រី​ម្នាក់​កំពុង​អង្គុយ​លេង​នៅ​ក្រោមផ្ទះ ហើយ​ក៏​បានលឺ​សំឡេង​ទុ​ស្សេ​ខ្សែភ្លើង​លាន់​ផេស​ៗ​នៅ​លើ​ផ្ទះ ក៏​បាន​ដេញ​កូន​ឲ្យ​ឡើង​ទៅ​មើល ស្រាប់តែ​កូន​ស្រែ​កថា ម៉ែ​ភ្លើង​ឆេះ​ផ្ទះ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​រត់​​ទៅ​ស្រែកហៅ​អ្នក​ភូមិ​ជិតខាង​ឲ្យ​ជួយ ប៉ុន្តែ​ដោយសារ​អណ្ដាតភ្លើង​ឆេះ​ខ្លាំង ហើយ​លឿន​ពេក មិន​អា​ជួយ​ពន្លត់​ទាន់​ឡើយ ។

លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​ទទួល​ព័ត៌មាន​ភ្លើង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ភ្លាម រូប​លោក​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ ហើយ​ដឹកនាំ​កម្លាំង​ស្រុក ប៉ុស្តិ៍ រួម​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ ភូមិ និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ពន្លត់ តែ​ភ្លើង​ឆេះ​លឿន ហើយ​ផ្ទះ​ជន​រង​គ្រោះ​នៅ​ដាច់​ឆ្ងាយ ផ្លូវ​តូច​ចង្អៀត​ពិបាកធ្វើ​ដំណើរ ទើប​មិន​អាច​ជួយ​ពន្លត់​ទាន់​ពេលវេលា ។

លោក​អធិការ​បន្ត​ទៀត​ថា ទោះជា​យ៉ាងណា​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់ និង​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​ឡើយ គ្រាន់តែ​ខូចខាត​បាត់បង់​ផ្ទះ និង​ទ្រព្យសម្បត្តិ​ដូច​ជា ម៉ូតូ​១​គ្រឿង កង់​ដែល​គេ​ជួយ​សម្រាប់​ឲ្យ​កូន​ជិះ​ទៅ​រៀន​១១​គ្រឿង ទូរទស្សន៍​១​គ្រឿង គ្រែ​៣ និង​ប្រាក់​៥០០​ដុល្លារ ៕