UN សរសើរ​កូរ៉េខាងត្បូង និង​ជប៉ុន​ចេះ​ស្រុះស្រួល​គ្នា​រក​ដំណោះស្រាយ​ទាសភាព​ផ្លូវភេទ

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន (Ban Ki-Moon) បាន​សាទរ​មេដឹកនាំ​កូរ៉េ​ខាង ត្បូង និង​ជប៉ុន​ដែល​អាច​ស្រុះស្រួល​គ្នា​ក្នុងការ​ទៅ​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ដ៏​ចម្រូងចម្រាស​អស់ រយៈពេល​ជាច្រើន​ទសវត្សរ៍​។ កិច្ចព្រមព្រៀង​នោះ គឺ​ការផ្តល់​ការ​អភ័យទោស​ចំពោះ​ស្ត្រី​ជនជាតិ​កូរ៉េ​ខាង ត្បូង​ដែល​ត្រូវ​បង្ខំ​ធ្វើ​ទាសករ​ផ្លូវភេទ​របស់​កងទ័ព​ជប៉ុន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២​។​

​ថ្ងៃទី​២៨ ខែធ្នូ ម្សិលមិញ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បាន​ស្វាគមន៍​កិច្ច ព្រមព្រៀង​ដែល​ប្រកាស​ដោយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ក្នុង​ក្រុង​សេ​អ៊ូ​ល​ស្តីពី​ការ ប៉ះប៉ូវ​ស្ត្រី​ជនជាតិ​កូរ៉េខាងត្បូង​ដែល​ទាសភាព​ផ្លូវភេទ​ដោយ​កងទ័ព​ជប៉ុន​។

​លោក បាន គី​មូ​ន អតីតរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងត្បូង បាន​សរសើរ​ចំពោះ​ភាព​ដឹកនាំ និង​ចក្ខុវិស័យ វែងឆ្ងាយ​របស់លោក​ស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ផាក ហ្គ​ន​ហេ (Park Geun Hye) និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​ស្ហ៊ិ​ន​ហ្សូ អា​បេ (Shinzo Abe) ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ទ្វេភាគី​។

​សូម​រម្លឹក​ផងដែរ​ថា ទោះបីជា​កូ​រ៉​ខាងត្បូង និង​ជប៉ុន ជា​ប្រទេសជិតខាង​គ្នា​ក៏ដោយ រដ្ឋ​ទាំងពីរ មិនសូវ មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ប៉ុន្មាន​នោះទេ គិត​ចាប់ពី​សង្គ្រាមលោកលើកទី​២​។ នោះ​ក៏​ព្រោះតែ​ក្នុងអំឡុង ពេល​សង្គ្រាមលោកលើកទី​២ មាន​ស្ត្រី​ជនជាតិ​កូរ៉េ​រាប់ពាន់នាក់​បានក្លាយ​ជា​ទាសករ​ផ្លូវភេទ​ដោយសារ​ការបង្ខំ​ពី​កងទ័ព​ជប៉ុន​។​

​ក្រោម​កិច្ចព្រមព្រៀង​ថ្ងៃ​ចន្ទ ជប៉ុន​នឹង​ផ្តល់​សំណង​ជា​ទឹកប្រាក់ ១​ពាន់​លាន​យ៉េន ដែល​ស្មើ ៨.៧ លាន​ដុល្លារ​សម្រាប់​ស្រី្ត​កូរ៉េខាងត្បូង​ដែល​ត្រូវ​ទាហាន​ជប៉ុន​ធ្វើ​ទុក​បុក​ម្នេញ​បង្ខំ​ឲ្យ​ធ្វើជា​ទាសករ​ផ្លូវភេទ​សម័យ​សង្គ្រាមលោក​លើក​ទីនោះ​។​តាមពិតទៅ​ស្ត្រី​ដែល​ត្រូវ​ទាហាន​ជប៉ុន​បង្ខំ​ឲ្យ​បម្រើ​ជា​ទាសករ​ផ្លូវភេទ​មកដល់​ពេលបច្ចុប្បន្ន​នេះ​ចាស់ៗ​ណាស់​ទៅហើយ ហើយ​មាន​អ្នកស្លាប់​បាត់បង់​ជីវិត​ច្រើន​ដែរ​។ ដូច្នេះហើយ​ទើបបានជា​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ប្រឹងប្រែង​ដើម្បី​ឲ្យ​ការសម្រេច​សង​សំណង​ជំងឺ​ចិត្ត​នេះ​ឆាប់​កើតឡើង​។​

​គេ​រំពឹងថា កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​និង​សកម្មភាព​ទន់ភ្លន់​រប​ស់​ភាគី​ជប៉ុន​ប្រហែលជា​នឹង​ជួយ​ដល់​ការស្តារ​ឡើងវិញ​នូវ​ចំណង​ការទូត​រវាង​ជប៉ុន​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​។ កន្លងមក​បញ្ហា​ប្រវត្តិសាស្ត្រ​នេះ​ក្លាយជា​បញ្ហា​ចម្រូងចម្រាស​និង​ក្តៅ​បំផុត​សម្រាប់​មិត្ត​ជិតខាង​ទាំងពីរ​នេះ​។ ជប៉ុន​មិន​ដែរ​ព្រម​បន្ទន់​ជំហរ​ដោយ​ព្រម​ទទួលស្គាល់​កំហុសឆ្គង​ខ្លួន​សម័យ​សង្គ្រាមលោកលើកទី​២ ហើយ​នាយ​រដ្ឋមន្ត្រី​អា​បេ ក៏​ឆ្លៀត​បង្ករឿង​ក្តៅក្រហាយ​ដល់​ចិន និង​កូរ៉េខាងត្បូង​ដោយ​ទៅ​ទស្សនកិច្ច​នៅ​ទីសក្ការៈ Yasukuni កាលពី​ឆ្នាំ​២០១៣ ៕