ពលរដ្ឋ​ស្រុក​សណ្ដាន់​អះអាង​ថា​បទល្មើស​ព្រៃ​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​គ្មាន​ថយ​ចុះ

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ នៅ​តែ​បារម្ភ​ចំពោះ​វាសនា​ព្រៃ​ឡង់​នៅ​តំបន់​ខេត្ត​មួយ​នេះ។ ការ​បារម្ភ​របស់​ពួក​គាត់ បន្ទាប់​ពី​សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​ឡង់ ចូល​មក​តំបន់​រោងចក្រ​កែច្នៃ​ឈើ​មួយ​ចំនួន ព្រម​ទាំង​ដឹក​ចេញ​ទៅ​តំបន់​ផ្សេងៗ​ជា​រៀង​រាល់​យប់ ដោយ​មិន​មាន​ការ​ទប់ស្កាត់។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ​ដែល​រស់នៅ​ក្បែរ​តំបន់​ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ បញ្ជាក់​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​ចូល​ទៅ​រោងចក្រ​កែច្នៃ​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច និង​ស្តុក​ទុក​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ឃុំ​មានរិទ្ធ នៅ​តែ​កើត​មាន​ឡើង។ រថយន្ត និង​គោយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​មួយ​យប់ៗ ស្ទើរ​តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ផ្លូវ​សម្រាន្ត​មិន​បាន។

ប្រជាពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ លោក សេក សឿង មាន​ប្រសាសន៍​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​ចេញ​ពី​តំបន់​ព្រៃ​ឡង់ កាន់​តែ​គួរ​ឲ្យ​បារម្ភ។ លោក​ថា សកម្មភាព​កាប់​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ គឺ​ប្រព្រឹត្ត​នៅ​ពេល​ថ្ងៃ ហើយ​ដឹក​ជញ្ជូន​ចេញ​នៅ​ពេល​យប់​គ្មាន​ថ្ងៃ​ស្រាកស្រាន្ត​ឡើយ៖ «ខ្ញុំ​មិន​ជឿ​ថា មន្ត្រី​អាជ្ញាធរ ដូចជា ភូមិ ឃុំ ប៉ុស្តិ៍​អី គាត់​មិន​ដឹង​ទេ គឺ​គាត់​ដឹង»

បន្ថែម​ពី​នេះ​ទៀត សមាជិក​ក្រុមប្រឹក្សា​ឃុំ​មានរិទ្ធ លោក សុខ ម៉ាប់ មើល​ឃើញ​ថា សកម្មភាព​កាប់​ឈើ​ប្រណីត​ប្រភេទ​លេខ​ពីរ រួម​មាន ផ្ដៀក ដួងចែម ឈើ​ទាល ជាដើម​នោះ កាន់​តែ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ឡើង។ លោក​បន្ត​ថា រូបភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ រួម​មាន ប្រជាពលរដ្ឋ​មក​ពី​តំបន់​ផ្សេងៗ​ដែល​មាន​ម៉ាស៊ីន​អារ​ឈើ នាំ​គ្នា​កាប់​យក​មក​លក់​បន្ត​ឲ្យ​រោងចក្រ​កែច្នៃ​ឈើ​មួយ​ចំនួន។ លើស​ពី​នេះ​ទៀត មាន​ឈើ​ខ្លះ​ត្រូវ​ដឹក​ចូល​ទៅ​ក្នុង​តំបន់​ដី​សម្បទាន​សង្គមកិច្ច ឬ​ហៅ​រោងចក្រ ៩៥ ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ស្រប​ពេល​ឈើ​នៅ​ក្នុង​តំបន់​នោះ​លែង​មាន​ទៅ​ហើយ៖ «ព្រៃ​ឡង់​នឹង​ចប់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ហើយ​បង គឺ​កាប់​ទ្រង់ទ្រាយ​ធំ​មែន​ទែន​បង។ ម៉ាស៊ីន​ទន្លេថង គឺ​មក​ស្ទើរ​គ្រប់​ខេត្ត​គ្រប់​ស្រុក​មក​កាប់​កាត់​តាម​ភូមិ​ខ្ញុំ»

សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដដែល​បន្ត​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​មិន​ព្រម​ទប់ស្កាត់​លើ​បញ្ហា​នេះ ឈើ​ប្រណីត​នៅ​តំបន់​ព្រៃ​ឡង់​នៅ​ក្នុង​ខេត្ត​កំពង់ធំ នឹង​វិនាស​នៅ​ត្រឹម​រដូវ​ប្រាំង​ខាង​មុខ​មិន​ខាន។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ទៅ​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ស្រុក​សណ្ដាន់ និង​នាយ​ខណ្ឌ​ព្រៃ​ឈើ​កំពង់ធំ លោក ទឹប ញាតា បាន​ទេ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ។

ចំណែក​អភិបាល​ស្រុក​សណ្ដាន់ លោក អ៊ុន បុត្រ មាន​ប្រសាសន៍​ថា បញ្ហា​បទល្មើស​ព្រៃ​ឈើ​កក្រើក​ឡើង​វិញ​ពេល​នេះ លោក​មិន​ទាន់​ទទួល​ព័ត៌មាន​នោះ​ទេ ប៉ុន្តែ​លោក​នឹង​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ជំនាញ ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់។

ព្រៃ​ឡង់ គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​បួន​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ចំនួន​ជាង ៤០​ម៉ឺន​ហិកតារ។ រហូត​មក​ដល់​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ដឹង​ថា មាន​ចំនួន​ផ្ទៃដី​ព្រៃ​ឈើ​នៅ​សេសសល់​ប៉ុន្មាន និង​បាត់បង់​អស់​ចំនួន​ប៉ុន្មាន​ហិកតារ​នៅ​ឡើយ​ទេ។

ករណី​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​វិនាស រួម​មាន ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ព្រម​ទាំង​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។ បន្ថែម​ពី​នេះ ការ​ចូល​រុក​រាន​កាន់​កាប់​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​ពលរដ្ឋ ដោយ​មាន​ក្រុម​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​កាង​នៅ​ពី​ក្រោយ ព្រម​ទាំង​សកម្មភាព​ចូល​កាប់​បំផ្លាញ​ឈើ​ប្រណីត​តាម​រូបភាព​ជួល​ប្រជាពលរដ្ឋ និង​ក្រុម​កម្មករ​របស់​ក្រុមហ៊ុន ជាដើម។

ទាក់ទង​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​នៃ​បណ្ដាញ​ស្នូល​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត លោក សេង សុខហេង មាន​ប្រសាសន៍​ថា បទល្មើស​កាប់​បំផ្លាញ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ គឺ​គ្មាន​ការ​ថយ​ចុះ​ឡើយ។ ជាមួយ​គ្នា​នេះ ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់ កាន់​តែ​វិនាស​ជា​បណ្ដើរៗ ហើយ​ឈាន​ទៅ​បាត់បង់​នៅ​ពេល​ខាង​មុខ ប្រសិន​រាជ​រដ្ឋាភិបាល​មិន​មាន​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។