ប្រធាន​បក្ស​យុត្តិធម៌​ជាតិ​ខ្មែរ​ស្នើ​ព្រះមហាក្សត្រ​លុប​ចោល​ដី​សម្បទាន​នៅ​តាម​ព្រំដែន

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ នៅ​ថ្ងៃ​ទី​២៩ ធ្នូ ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ស្នើ​ឲ្យ​រដ្ឋសភា​កោះ​ប្រជុំ​វិសាមញ្ញ​លុប​ចោល​ដី​សម្បទាន​នៅ​តាម​បណ្ដោយ​ព្រំដែន ដែល​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

ប្រធាន​គណបក្ស​យុត្តិធម៌​ជាតិ​ខ្មែរ លោក ហ៊ាង ឫទ្ធី ព្រួយ​បារម្ភ​ថា ប្រទេស​វៀតណាម នឹង​ច្បាម​យក​ដី​ប្រទេស​កម្ពុជា នៅ​តាម​ព្រំដែន បន្ទាប់​ពី​លោក​អាន​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ​ថា ដី​របស់​កម្ពុជា ប្រមាណ ៤​ម៉ឺន​ហិកតារ កំពុង​ត្រូវ​កងទ័ព​វៀតណាម ជួល​នៅ​តាម​ព្រំដែន ក្រោម​ស្លាក​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​ម៉ឺន​ហិកតារ។

នៅ​ក្នុង​លិខិត​នោះ ប្រធាន​គណបក្ស​ដែល​ទើប​តែ​បង្កើត​ថ្មី​នេះ បាន​ស្នើ​ឲ្យ​ព្រះមហាក្សត្រ ស្នើ​ទៅ​រដ្ឋសភា ដើម្បី​លុប​ចោល​នូវ​ដី​សម្បទាន​ទាំង​ប៉ុន្មាន​នៅ​ជាប់​ព្រំដែន ដែល​ត្រូវ​ផ្តល់​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម។

លោក ហ៊ាង ឫទ្ធី បញ្ជាក់​ថា មន្ត្រី​ព្រះបរមរាជវាំង បាន​ធ្វើ​ក្រដាស​ស្នាម​បញ្ជាក់​ថា បាន​ទទួល​លិខិត​របស់​លោក​ហើយ។ លោក ហ៊ាង ឫទ្ធី ជឿជាក់​ថា ប្រសិន​បើ​មិន​ដក​ដី​សម្បទាន​ពី​ភាគី​វៀតណាម នៅ​តាម​ព្រំដែន​ទេ វៀតណាម នឹង​ឆ្លៀត​ឱកាស​ដាក់​ទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​ច្រើន ក្រោម​ហេតុផល​ការពារ​ប្រជាពលរដ្ឋ​ដែល​មក​ធ្វើ​ជា​កម្មករ​នៅ​លើ​ដី​សម្បទាន៖ «ចំណុច​នេះ​ហើយ​ដែល​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។ វា​ជា​បញ្ហា​មាន​ហានិភ័យ​ខ្ពស់ ខូចខាត​ដល់​បូរណភាព​ទឹក​ដី។ ថ្វីត្បិតតែ​យើង​មាន​បង្គោល​ព្រំដែន​ហើយ​ក៏ដោយ។ នៅ​ក្នុង​មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ អំពី​ផ្ទៃ​ក្រឡា ១៨១.០៣៥​គីឡូម៉ែត្រ​ការ៉េ​ក៏ដោយ តែ​រឿង​នេះ​ជា​ហានិភ័យ​មួយ»

លិខិត​ដែល​ស្នើសុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​នេះ យោង​លើ​មាត្រា​ចំនួន​៣ នៃ​រដ្ឋធម្មនុញ្ញ គឺ​មាត្រា​២ មាត្រា​៨ និង​មាត្រា​១៨ ដែល​បញ្ជាក់​ពី​បុព្វសិទ្ធិ​របស់​ព្រះមហាក្សត្រ។

ត្រង់​មាត្រា​២ ចែង​ថា បូរណភាព​របស់​ប្រទេស​កម្ពុជា មិន​អាច​ឲ្យ​រំលោភ​បាន​ក្នុង​ព្រំដែន​របស់​ខ្លួន ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយ​មាត្រា​៨ ចែង​ពី​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​ទ្រង់​ជា​អ្នក​ធានា​បូរណភាព​ទឹក​ដី និង​អធិបតេយ្យភាព​នៃ​ប្រទេស​កម្ពុជា។ មាត្រា​១៨ វិញ​ចែង​ថា ព្រះមហាក្សត្រ​ព្រះអង្គ​ទ្រង់​ទាក់ទង​ជាមួយ​រដ្ឋសភា ដោយ​ព្រះរាជសារ។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា មាន​តែ​ប្រមុខ​រាជ​រដ្ឋាភិបាល​ទេ​ដែល​មាន​សិទ្ធិ​កោះ​ហៅ​សមាជិក​រដ្ឋសភា ដើម្បី​បើក​ប្រជុំ​វិសាមញ្ញ​បាន៖ «នេះ​មិន​មែន​ជា​នីតិវិធី​ដែល​រដ្ឋសភា​ធ្លាប់​ធ្វើ​ទេ។ ខ្ញុំ​ជឿ​ថា ព្រះមហាក្សត្រ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ។ ក្នុង​រដ្ឋធម្មនុញ្ញ​យើង ព្រះមហាក្សត្រ​ទ្រង់​សោយរាជ្យ តែ​មិន​គ្រប់គ្រង​ប្រទេស​ទេ ហើយ​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ»

ដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ប្រមាណ ៤​ម៉ឺន​ហិកតារ ត្រូវ​គេ​រក​ឃើញ​ថា គ្រប់គ្រង​ដោយ​ទាហាន​វៀតណាម។

ដំបូង​ឡើយ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដី​ទំហំ​ប្រមាណ ៤​ម៉ឺន​ហិកតារ​នេះ រដ្ឋាភិបាល​កម្ពុជា ចុះ​កិច្ចសន្យា​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​វៀតណាម ដើម្បី​អភិវឌ្ឍ។ បន្ទាប់​មក​ទៀត ត្រូវ​គេ​ផ្ទេរ​សិទ្ធិ​បន្ត​គ្នា​រហូត​ធ្លាក់​ដល់​ដៃ​កងទ័ព​វៀតណាម។

ទិន្នន័យ​របស់​អង្គការ​លីកាដូ (LICADHO) បង្ហាញ​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ចំនួន​ជាង ២​លាន​ហិកតារ (២.០៩៩.៣៤៦​ហិកតារ) ក្នុង​ទីតាំង ២៧០​កន្លែង​ផ្សេង​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា ដល់​ក្រុមហ៊ុន​ក្នុង​ស្រុក និង​បរទេស។ ក្នុង​ចំណោម​ជាង ២​លាន​ហិកតារ​នេះ ក្រុមហ៊ុន​វៀតណាម ទទួល​បាន​ជាង ៣៦​ម៉ឺន​ហិកតារ (៣៦៣.៥៦០​ហិកតារ) ក្នុង​ទីតាំង​ដី​សម្បទាន​ចំនួន ៥៦​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។