អាជ្ញាធរ​ខេត្ត​បាត់ដំបង​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​រយៈពេល​១០​ថ្ងៃ​១០​យប់

អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-២០១៦ ដ៏​ធំ​មួយ​រយៈពេល ១០​យប់ ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៦។ នៅ​ក្នុង​ពិធី​នេះ នៅ​ពេល​យប់​មាន​ការ​ប្រគំ​តន្ត្រី សម្ដែង​សៀក បាញ់​កាំជ្រួច និង​បង្ហោះ​គោម​នៅ​មុខ​ផ្សារ​ណាត់​ក្រុង​បាត់ដំបង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទស្សនា​រៀង​រាល់​រាត្រី។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​បាត់ដំបង ភាគ​ច្រើន​សាទរ​នឹង​ការ​រៀបចំ​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៦ ដ៏​ធំធេង​មិន​ធ្លាប់​មាន ដែល​អាជ្ញាធរ​ប្រារព្ធ​ឡើង​ក្នុង​ទឹក​ដី​ខេត្ត​នេះ។

នៅ​ក្នុង​ពិធី​នេះ តាម​ដើម​ឈើ​អម​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាង​លិច មាន​ការ​តុប​តែង​លម្អ​ភ្លើង​ចម្រុះ​ពណ៌​ភ្លឺ​ចែង​ចាំង​តាម​ដង​ផ្លូវ និង​មាន​ដាក់​តាំង​ពិព័រណ៍​ទំនិញ​ខ្មែរ-ថៃ ហូរហែ​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ។

ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ក្នុង​ទឹក​មុខ​សប្បាយ​រីករាយ ខណៈ​ឈរ​នៅ​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី​២៩ ធ្នូ ថា ពួក​គាត់​មាន​ក្ដី​រំភើប​ក្នុង​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ឃើញ​អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៥-២០១៦ ច្រើន​ថ្ងៃ​បែប​នេះ ដែល​បង្ក​ភាព​អធិកអធម​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​សប្បាយ។ អ្នក​ស្រុក សំណូមពរ​ឲ្យ​អភិបាល​ខេត្ត​បាត់ដំបង រៀបចំ​ប្រគំ​តន្ត្រី​ឆ្លង​ឆ្នាំ​សកល​ឲ្យ​បាន​រៀង​រាល់​ឆ្នាំ​ទៅ​មុខ​ទៀត៖ «ទាំង​គេ​ទាំង​ខ្ញុំ ចិត្ត​ណាស់! ដែល​បាន​ចូលរួម​ចូល​ឆ្នាំ​សកល​ក្នុង​ខេត្ត​បាត់ដំបង។ អាជ្ញាធរ​រៀបចំ​កម្មវិធី​នេះ​ផ្ដល់​សារប្រយោជន៍​ដល់​អ្នក​លក់​ដូរ អាច​លក់​របស់​របរ​បាន​ច្រើន​ជាង​សព្វ​ដង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា នៅ​ពេល​យប់​មាន​ការ​ប្រគំ​តន្ត្រី សម្ដែង​សៀក បាញ់​កាំជ្រួច និង​បង្ហោះ​គោម ចែក​ជូន​ប្រជាពលរដ្ឋ​ទស្សនា​រៀង​រាល់​រាត្រី។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​រៀបចំ​ឆ្លង​ឆ្នាំ​សកល​ច្រើន​ថ្ងៃ​បែប​នេះ ក្នុង​គោល​បំណង​បង្ក​ភាព​អធិកអធម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ប្រជាពលរដ្ឋ​បាន​លេង​កម្សាន្ត​សប្បាយ៖ «ក្នុង​ពិធី​នេះ យើង​មាន​រៀបចំ​តុ​កៅអី​ដាក់​ឲ្យ​បងប្អូន​ចូល​អង្គុយ​ទស្សនា ហើយ​អាច​ទិញ​ចំណី​អាហារ​ទៅ​ដាក់​ហូប​តាម​ចិត្ត​ចង់»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង រៀបចំ​ឆ្លង​ឆ្នាំ​សកល​ច្រើន​ថ្ងៃ​បែប​នេះ ជា​ការ​កេង​ចំណេញ​ផ្នែក​នយោបាយ ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​អបអរ​ថ្ងៃ​៧ មករា ទៅ​វិញ​ទេ៖ «ហើយ​ថ្មីៗ​នេះ​ក្នុង​ខេត្ត​បាត់ដំបង អត់​មាន​សុវត្ថិភាព​ពេញលេញ​នៅ​ឡើយ​ទេ ព្រោះ​មាន​ករណី​ចោរ​ប្លន់​ទ្រព្យ​សម្បត្តិ​របស់​អាជីវករ​នៅ​ក្រុង​បាត់ដំបង ហើយ​បាន​បង្ក​ការ​ភ័យ​ខ្លាច​ជា​ខ្លាំង​ដល់​ការ​រស់នៅ​ប្រជាពលរដ្ឋ»

ខេត្ត​បាត់ដំបង មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ១​លាន​នាក់ និង​មាន ១៤​ស្រុក។ ខេត្ត​ដែល​មាន​រហស្សនាម​ថា ជា​ជង្រុក​ស្រូវ​របស់​កម្ពុជា មួយ​នេះ មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ច្រើន​គួរ​សម មាន​ជាអាទិ៍ ប្រាសាទ​បាណន់ ឯក​ភ្នំ ដំណើរ​កម្សាន្ត​តាម​ឡូរី សេកសក និង​រមណីយដ្ឋាន​ភ្នំ​សំពៅ ជាដើម។ របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្ត​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​អន្តរជាតិ ចូល​ទស្សនា​ខេត្ត​បាត់ដំបង មាន​ចំនួន​ជាង ៩​ម៉ឺន ៤​ពាន់​នាក់ (៩៤.៤៨៨​នាក់) គឺ​កើន​ឡើង​ប្រមាណ ៥​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ជាង ៨​ម៉ឺន ៩​ពាន់​នាក់ (៨៩.១៥២​នាក់)។ ចំណែក​ឯ​ភ្ញៀវ​ទេសចរ​ជាតិ​វិញ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង ៥០​ម៉ឺន​នាក់ (៥០១.២៦០​នាក់) កើន​ឡើង​ប្រមាណ ១៤​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៤ មាន​ជាង ៤៣​ម៉ឺន​នាក់ (៤៣៧.៣៤៥​នាក់)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។