ជំងឺ​អេ​បូ​ឡា​ត្រូវបាន​កម្ចាត់​ពី​ហ្គី​ណេ ក្រោយ​សម្លាប់​មនុស្ស​ជាង​២៥០០​នាក់​

​ប្រទេស​ហ្គី​ណេ​បាន​ក្លាយជា​ប្រទេស​ទី​២​ហើយ ដែល​បាន​លុបបំបាត់​ជំងឺ​អេ​បូ​ឡា​ទាំងស្រុង ចេញពី​ប្រទេស​ខ្លួន ក្រោយ​ជំងឺ​ដ៏​សាហាវ​នេះ បានសម្លាប់​ប្រជាជន​ប្រមាណ​២៥០០​នាក់​រួចមក ។ ប្រទេស​ដំបូង​គេ​ដែល​បាន​កម្ចាត់​ជំងឺ​នេះ គឺ​សៀ​រ៉ា​ឡេ​អូន ដែល​បានសម្រេច​ជោគជ័យ​កាលពី​ខែវិច្ឆិកា​កន្លងមក​។​

​ក្រុម​អាជ្ញាធរ​ហ្គី​ណេ និង​អង្គការ​សុខភាព​ពិភពលោក បានប្រកាសថា ជំងឺ​អេ​បូ​ឡា​ត្រូវបាន​លុបបំបាត់​ទាំងស្រុង​ចេញពី​ប្រទេស​ហើយ​។ ការប្រកាស​នេះ​បានធ្វើ​ឡើង បន្ទាប់ពី​មាន​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ​។

​ប្រជាជន​ហ្គី​ណេ​រស់នៅក្នុង​រដ្ឋធានី Conakry បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​សម្ដែង​ការអបអរ​ចំពោះ​ជោគជ័យ​នេះ ជាមួយ​អារម្មណ៍​ចម្រុះ​គ្នា ។ នេះ​ក៏​ដោយសារតែ វា​បាន​បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិស័យ​អប់រំ និង​សុខាភិបាល​ប្រទេស​ហ្គី​ណេ ។​

​ពិធី​ផ្លូវការ​មួយ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​៣០ ខែធ្នូ ដើម្បី​ប្រកាស​ការលុបបំបាត់​នេះ​ជា​ស្ថាពរ ហើយ​មន្ត្រី​រដ្ឋាភិបាល ព្រមទាំង​ដៃគូ​ផ្ដល់ជំនួយ​ទាំងអស់​នឹងចូលរួម​ក្នុង​ពិធី​នោះ ។ ជាមួយគ្នា​នោះដែរ ក៏​នឹង​មានការ​រម្លឹក​ដល់​បុគ្គលិក​សុខាភិបាល​ចំនួន​១១៨​នាក់​ដែល​លះបង់​ជីវិត​ក្នុង​ប្រតិបត្តិការ​ប្រឆាំងនឹង​ជំងឺ​អេ​បូ​ឡា ។ 

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Al Jazeera ប្រទេស​ហ្គី​ណេ​មាន​ជំងឺ​អេ​បូ​ឡា​ដល់​ទៅ​៣,៨០០ ករណី ក្នុងចំណោម​ករណី​ទាំងអស់​២៨,៦០០ ដែល​បាន​កើតឡើង​នាពេល​កន្លង មក ។ ជាមួយគ្នានេះ ជំងឺ​អេ​បូ​ឡា​បានធ្វើ​ឲ្យ​កុមារ​ហ្គី​ណេ​ប្រហែល​៣,៨០០​នាក់ កំព្រា​ឳ​ពុក​ម្ដាយ និង​មនុស្ស​ច្រើនជាង​២,៥០០​នាក់​បាន​ស្លាប់​។ ហើយ​បើ​គេ​គិត​ចំនួន​សរុប​វិញ អេ​បូ​ឡា បានសម្លាប់​មនុស្ស​ដល់​១១,៣០០​នាក់​នៅលើ​ពិភពលោក ។

​តាំងពី​ផ្ទុះ​ករណី​អេ​បូ​ឡា​មក អង្គការ​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​បានចេញ​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ ។ ក្នុង​យុទ្ធនាការ​លុបបំបាត់​អេ​បូ​ឡា អ្នកជំងឺ​ត្រូវបាន​កំណត់​អត្តសញ្ញាណ​ដោយឡែក​ពីគ្នា ហើយ​អ្នក​ដែល​ជិតស្និទ្ធ​អ្នកជំងឺ​ក៏ត្រូវ​បានដាក់​ក្រោម​ការត្រួតពិនិត្យ​ដែរ ។ ចំណែកឯ​បុគ្គលិក​សុខាភិបាល​វិញ ត្រូវបាន​ណែនាំ​ឲ្យ​គោរព​គោលការណ៍​អនាម័យ​ឲ្យ​ខ្ជាប់ខ្ជួន​ដើម្បី​ចៀសវាង​ការចម្លង​ថ្មី​ទៀត ។​

​គួរបញ្ជាក់​ផងដែរ​ថា ប្រទេសមួយ​អាច​ប្រកាស​លុបបំបាត់​ជំងឺ​អេ​បូ​ឡា​ទាំងស្រុង​ក្នុង​រយៈពេល​៤២​ថ្ងៃ ក្រោយពី​អ្នកជំងឺ​ចុងក្រោយ ត្រូវបាន​ព្យាបាល​រួចរាល់ ។ កន្លងមកនេះ សៀ​រ៉ា​ឡេ​អូន បានប្រកាស​មុនគេ​កាលពី​ខែវិច្ឆិកា ។ ចំណែកឯ ប្រទេស​លី​បេ​រី​យ៉ា ជា​ប្រទេស​ចុងក្រោយ​គេ ដែល​កំពុងតែ​ព្យាយាម​លុបបំបាត់​ជំងឺ​នេះ ៕